​អាកាសធាតុ​ក្តៅ​នឹង​ឡើងដល់​៤២​អង្សា​សេ​ក្នុងពេល​បី​ថ្ងៃ​ខាងមុខ​

133
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ពី​២​ទៅ​៥​អង្សា​សេ​នៅ​អំឡុង​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១០​ខែឧសភា​បើ​ធៀប​នឹង​សីតុណ្ហភាព​នៅ​ថ្ងៃទី​៧​ខែឧសភា​ដោយនៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​។​សីតុណ្ហភាព​អតិបរមា​អាច​ហក់​ឡើងដល់​រង្វង់​កម្រិត​៤២​អង្សា​សេ​បណ្តាលមកពី​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ​ខ្យល់មូសុង​និរតី​ខ្សោយ​និង​សម្ពាធ​ខ្ពស់​រុញ​មកពី​ឆ្នេរ​នៃ​ប្រទេស វៀត ណា​ម​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​ថា​ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១០​ខែឧសភា​សីតុណ្ហភាព​ជាទូទៅ​នឹង​កើនឡើង​ពី​២​ទៅ​៥​អង្សា​សេ​បើ​ធៀប​ទៅនឹង​សីតុណ្ហភាព​នៅ​ថ្ងៃទី​៧​ខែឧសភា​។

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​បាន​បញ្ជាក់ថា​សីតុណ្ហភាព​អតិបរមា​នៅ​តំបន់​វាលទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​ខ្ពង់រាប​ភាគ​ខាងជើង​អាច​នឹង​ហក់​ឡើង​ខ្ពស់​ដល់​រង្វង់​កម្រិត​៤២​អង្សា​សេ​។​ឯ​នៅ​តំបន់​ផ្សេងទៀត​សីតុណ្ហភាព​អតិបរមា​ក៏មាន កើនឡើង​ដែរ តែ​ឡើង​មិន​ខ្លាំង​ទេ​។​

​លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០​ខែឧសភា ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ​រួមជាមួយ​ខ្យល់មូសុង​និរតី​ខ្សោយ​ស្របពេល​សម្ពាធ​ខ្ពស់​មួយ​បាន​កើតមាន​នៅលើ​ឆ្នេរ​ប្រទេស​វៀតណាម​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ដែរ ។​ពិសេស​នៅ​តំបន់ ទំនាប​កណ្តាល​ភាគ​ពាយព្យ និង ខ្ពង់រាប​ភាគ​ខាងជើង​ដែល​ទទួលរង​ឥទ្ធិពល ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ​និង​ខ្យល់មូសុង​និរតី​ខ្សោយ​។​

ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១០​ខែឧសភា​ស្ថានភាព​ភ្លៀង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ចាក់​ថា​មាន​សភាព​ខ្សោយ​និង​ធាតុអាកាស​ក្តៅ​ខ្លាំង​រហូតដល់​ថ្ងៃទី​១១​ខែឧសភា​ទើប​អាចមាន​ភ្លៀង​ធ្លាក់​មក​ច្រើន​ជា ថ្មី​នៅក្នុង​ក្រប ខណ្ឌ​ទូទាំងប្រទេស​។​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​ថា​ប្រទេស​កម្ពុជា​ទាំងមូល​ចាប់ពី​ថ្ងៃទី​៦​ខែឧសភា​ទៅនឹង​ទទួលរង​ឥទ្ធិពល ជ្រលង​សម្ពាធ​ទាប​ខ្សោយ​។​

​ស្ថានភាព​បែបនេះ​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំ នា​ប កណ្តាល ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១២​ខែឧសភា មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥​ទៅ​២៧​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៥​ទៅ​៤១​អង្សា​សេ​។​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព អប្បបរមា​មាន​ពី​២៤ ទៅ​២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៧ អង្សា​សេ ។

បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥​ទៅ​២៧​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​នៅ​អំឡុង​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១២​ខែឧសភា​ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្រិត​ពី​តិច​ទៅ​បង្គួរ​និង​បណ្តា​ខេត្ត​ដទៃទៀត​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ជំនាញ​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​និង​ការកើនឡើង​នៃ​សីតុណ្ហភាព​អប្បបរមា​និង​អតិបរមា​នៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​រហូតដល់​ពី​៤០​ទៅ ៤១​អង្សា​សេ នៅ​អំឡុង​ពីថ្ងៃ​ទី​៨​ដល់ទី​១០​ខែឧសភា​៕S/​