​អាជីវករ​ផ្សារ​ប៉ា​ហ៊ី​ខាងជើង​ត្អូញត្អែរ​ពី​រឿង​តូប​ថ្លៃ​ខ្ពស់​ខណៈ​លក់ដូរ​មិនសូវ​ដាច់​

90
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​អា​ជីករ​ជាច្រើន​នាក់​បាន​ត្អូញត្អែរ​ចំពោះ​ការបង់ថ្លៃ​តូប​ខ្ពស់​ស្របគ្នា​នឹង​វិបត្តិ​កកូ​វីដ​១៩​ស្ថានភាព​លក់ដូរ​មិនសូវ​ដាច់​។​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​ត្រី​ហៅ​ផ្សារ​ប៉ា​ហ៊ី​ជើង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​សង្កាត់​/​ក្រុង​/​ខេត្ត​ប៉ៃលិន​បាន​ប្រតិកម្ម​ម្តង​ហើយ​ម្តងទៀត​ទៅកាន់​ម្ចាស់​ផ្សារ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​នេះ​ផ្ទុះឡើង​សារជាថ្មី​ម្តងទៀត​។​

​ក្នុងចំណោម​អា​ជីករ​ជាច្រើន​អ្នកស្រី​ឆាយ​ហាក់​អាយុ​៤៧​ឆ្នាំ​ជា​អ្នកលក់​បបរ​បានលើកឡើង​ថា​បច្ចុប្បន្ន​ពួកគាត់​លែងមាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​តូប​ទៀតហើយ​។​ព្រោះ​ម្ចាស់​ផ្សារ​ដំឡើងថ្លៃ​តូប​ខ្ពស់​គ្រា​ដែល​ពួកគាត់​លក់ដូរ​បានត្រឹមតែ​មួយ​ព្រឹក​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​ធ្វើឱ្យ​ស្ងាត់​ម៉ូយ​មិនសូវមាន​អ្នក​ចូល​ផ្សារ​ទិញ​ទំនិញ ម្ហូបអាហារ​ឡើយ​។​

​ចំណែក​អា​ជីករ​ឈ្មោះ​ប្រាក់ សឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អ្នកលក់​បន្លែ​បាន​រៀបរាប់​ឱ្យដឹង​ដែរ​ថា បើ​ម្ចាស់​ផ្សារ​នៅតែ​បន្ត​យក​ថ្លៃ​តូប​ខ្ពស់​បែបនេះ​ពួកគាត់​ពិតជា​មិនអាច​រកប្រាក់​បង់​ទាន់ពេលវេលា​បានឡើយ​។​ព្រោះ​ការលក់ដូរ​ក្នុង​១​ព្រឹកៗ​ជួនកាល​បាន​ប្រាក់​ត្រឹមតែ​២០.០០០​រៀល​ទៅ​៣០.០០០​រៀល​ប៉ុណ្ណោះ​។​

ម្យ៉ាងទៀត​ត្រូវ​បង់​ឱ្យ​ខាង​អនាម័យ​ភាស៊ី​ប្រចាំថ្ងៃ​។​បញ្ហា​ដោះស្រាយ​មិន​ចេញ​មួយទៀត​គឺ​ពួកគាត់​ត្រូវ​បង់លុយ​ដល់​ទៅ​២​ត្រួត​គឺ​ទី​១​ត្រូវ​បង់​ឱ្យ​ម្ចាស់​តូប​មុន​ដែល​ជួល​តូប​ឱ្យ​ពួកគាត់​បន្ត​។​ទី​២​ត្រូវ​បង់ថ្លៃ​ឱ្យ​ខាង​ម្ចាស់​ផ្សារ​ផ្ទាល់​មួយចំណែក​ទៀត​។​

​អ្នកស្រី​បន្តថា​ធ្ងន់ធ្ងរ​លើសពីនេះ​នៅមាន​ការបង់ថ្លៃ​តូប​ប្រចាំខែ​មួយផ្នែក​ទៀត​ទៅឱ្យ​ម្ចាស់​ផ្សារ​ដែល​អា​ជីករ​ខ្លះ​ត្រូវ​បង់​ចំនួន​១០០.០០០​រៀល​តាម​ទីតាំង​លក់​តូច​និង​អា​ជីករ​មួយចំនួនទៀត​មាន​កន្លែង​លក់​ធំ​ត្រូវ​បង់​ចំនួន​១២០.០០០​រៀល​ដល់​១៥០.០០០​រៀល​ឯណោះ​។​

​ជុំវិញ​បញ្ហា​ស្មុគស្មាញ​នេះ​លោក​ស៊ុន​យី​អភិបាល​ក្រុងប៉ៃលិន​បានបញ្ជាក់​ថា​រាល់​ការកំណត់​តម្លៃ​ផ្សេងៗ​ខាង​អាជ្ញាធរ​ក្រុង​ធ្លាប់បាន​ហៅ​ក្រុមអាជីវករ​និង​ម្ចាស់​ផ្សារ​មក​សម្របសម្រួល​គ្នា​ម្តង​រួចមកហើយ​។​ដោយ​ភាគី​ទាំងពីរ​បាន​យល់ព្រម​ទទួល​យកតាម​ការឯកភាព​រួមមួយ​រួចហើយ​ដែរ​។​

មិនឱ្យ​ម្ចាស់​ផ្សារ​ចេះតែ​ដំឡើងថ្លៃ​តូប​តាមចិត្ត​នោះឡើយ​ប្រសិនបើ​ខាង​អាជីវករ​លើកឡើងថា​ម្ចាស់​ផ្សារ​បាន​ដំឡើង​តម្លៃ​តូប​មែន​លោក​នឹង​ហៅ​ឱ្យមក​ជួបគ្នា​ក្នុងន័យ​សម្រុះសម្រួល​រក​ច្រកចេញ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕S/

​រូបថត​:​ក្រុមអាជីវករ​ក្នុង​ផ្សារ​ត្រី ហៅ​ផ្សារ​ប៉ា​ហ៊ី​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ផ្សារ ( រូប​: ភ្នំ​ខៀវ )​