​អាជ្ញាធរខេត្ត​បាត់ដំបង ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា នៅ​វត្ត​ពោធិ​ក្នុង​

1762
ចែករម្លែក

​ដោយៈ ប៊ុន​ណាត​ /
​បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ពិធី​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា នៅក្នុង​បរិវេណ​វត្ត​ពោធិ​ក្នុង ស្ថិត​ក្នុងភូមិ​-​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព ព្រះ​វិសុទ្ធិ​វង្ស អ៊ុក​មុត លោក​ច័ន្ទ សុផល ប្រធាន​គណៈ​កម្ម​ធិ​ការ គណបក្ស​ប្រជាជន​ខេត្ត លោក​អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន រតនៈ អភិបាលខេត្ត និង​តំណាង​កុងស៊ុល​វៀតណាម​។​

​បន្ទាប់ពី​រៀបចំ​ពិធី​តាមបែប ព្រះពុទ្ធសាសនា មានប​ង្សុ​​កូ​ល សូត្រមន្ត និង​ដាក់​កម្រងផ្កា​គ្រប់​ស្ថាប័ន មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​តំណាង កុងស៊ុល​វៀ​មណា​ម ប្រចាំខេត្ត​បាត់ដំបង រួចមក មានការ​សំដែង​សិល្បៈ របស់​មន្ទីរ
​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត រៀបរាប់​អំពី​ទុក្ខលំបាក​វេទនា ក្នុង​របប​ប្រល័យពូជសាសន៍​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត បាន​ឡើង​អាន​វិយោគកថា ដែលមាន​ខ្លឹមសារ​សង្កត់ធ្ងន់ថា ថ្ងៃនេះ យើង​ជួបជុំគ្នា ក្នុង​វត្ត​ពោធិ៍​ក្នុង សូម​សង្រួមកាយ វាចា​ចិត្ត​គោរព​វិញ្ញាណក្ខន្ធ ដល់​ព្រះសង្ឃ បុព្វបុរស វីរជន​សេ្ន​ហា​ជាតិ ជនជាតិ និង​ប្រជារាស្ត្រ​ស្លូតត្រង់ ដែល​បាន​បាត់បង់​ជីវិត ដោយ​អំពើ​អមនុស្សធម៌ សាហាវឃោរឃៅ យង់ឃ្នង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩)​។ នៅ​ចំពោះមុខ យើងទាំងអស់គ្នា គឺជា​ស្តូប​មួយ ក្នុងចំណោម​ស្តូប​រាប់ពាន់ រាប់ម៉ឺន ក្នុង​ទូទាំងប្រទេស​កម្ពុជា មាន​អដ្ឋិធាតុ​របស់​បងប្អូន ប្រជាពលរដ្ឋ គ្រប់​ស្រទាប់ ដែល​នៅ​រាយប៉ាយ លើ​ព្រះធរណី ហើយ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់តាំងប្រមែប្រមូល​អដ្ឋិធាតុ ថែរក្សា​ទុក​ឲ្យ​បាន​សមរម្យ សម្រាប់​រៀបចំ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ជា​រៀងរាល់ឆ្នាំ និង​ជា​ភស្តុតាង បញ្ជាក់​យ៉ាងច្បាស់ នូវ​សកម្ម​ភាពឃោរឃៅ ព្រៃផ្សៃ របស់​បន​ប្រល័យពូជសាសន៍​
​ប៉ុល ពត ដែល​បាន​កាប់សម្លាប់ ធ្វើ​ទារុណកម្ម គ្រប់​រូបភាព​។​

​ក្នុង​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃ​២០ ឧសភា​នេះដែរ មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ផងដែរ ដោយមាន​មន្ត្រី​រដ្ឋបាលខេត្ត មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ពុទ្ធបរិស័ទ ក្នុង​ខេត្ត ចូលរួម​យ៉ាងច្រើន​កុះករ​៕v

គណៈអធិបតី ក្នុង​ពិធី​ជាតិ នៃ​ការចងចាំ​២០​ឧសភា
ព្រះសង្ឃ​សូត្រមន្ត
បង្សុកូល នៅមុខ​ស្តូប
ក្រុម​សិ​ល្បៈសំដែង​រឿង​ខ្លះៗ ក្នុង​របប​ប៉ុលពត​