​អាជ្ញាធរខេត្ត​ប៉ៃលិន​ស្ថាបនា​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

267
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​អាជ្ញាធរខេត្ត​ប៉ៃលិន​រៀបចំ​ស្ថាបនា​ផ្លូវ​កៅស៊ូ​១​ខ្សែ​ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​៧​ជាន់​សម្រួល​ដល់​ភ្ញៀវ​ចូល​លេង​កម្សាន្ត​។​នៅក្នុង​ការចុះ​ពិនិត្យមើល​ទីតាំង​និង​ផលប៉ះពាល់​។

​លោក ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បានលើកឡើង​ឱ្យដឹង​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​សែន​បាន​ខិតខំ​ដោះស្រាយ​នូវ​រាល់​ការលំបាក សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ការរីកចម្រើន​។​

​ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​ដូចជា​ផ្លូវ​ស្ពាន​សាលារៀន​មន្ទីរពេទ្យ​ជាដើម​។​ជាក់ស្តែង​ចំពោះមុខ​នេះ​រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​ខិតខំ​រៀបចំ​កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន​សំដៅ​អភិវឌ្ឍន៍​លើកកម្ពស់​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​តំបន់​ទីប្រជុំជន​ក៏ដូចជា​តំបន់​ជនបទ​ក្នុង​ខេត្ត​ទាំងមូល​ឱ្យបាន​កាន់តែ​ប្រសើរ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ឈានឡើង​។​

​ទន្ទឹមគ្នា​លោក ផាន់ ចាន់​ធុល ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ ឬ​ទទួលផល​ប្រើប្រាស់​ផ្លូវ​ខាងលើនេះ​ទាំងអស់​ប្រកបដោយ​ការយោគយល់​មាន​កិច្ចសហការ​និង​សម្របសម្រួល​លើ​បញ្ហា​ប៉ះពាល់​ផ្សេងៗ​រួមទាំង​អាគារ​សំណង់​ដែល​រំលោភ​លើដី​ចំណីផ្លូវ​។​ចូលរួម​ធ្វើយ៉ាងណា​ឱ្យ​ការស្ថាបនា​ផ្លូវ​នេះ​ដំណើរការបាន​រលូន​ឆាប់រហ័ស​រួចរាល់​តាម​ការគ្រោងទុក​ហើយ​ចូលរួម​ជួយ​ថែរក្សា​ទាំងអស់គ្នា​ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បានយូរ​អង្វែង​។​

​ការស្ថាបនា​ផ្លូវ​១​ខ្សែ​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​DBST​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥៧​ចូល​ទៅដល់​រមណីយដ្ឋាន​ទឹកធ្លាក់​៧​ជាន់​មាន​ប្រវែង​ចំនួន​៧​គីឡូម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​កូន​ខ្លុង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​៕S/

​រូបថត​:​អាជ្ញាធរខេត្ត​ប៉ៃលិន​និង​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ស្ថាបនា​ផ្លូវ​និង​សម្របសម្រួល​ដោះស្រាយ​ផលប៉ះពាល់ ( រូប​: ភ្នំ​ខៀវ )​