​អាជ្ញាធរ​បន្ត​ដាំ​កូនឈើ​ប្រណីត​ឡើងវិញ​នៅ​ស្រុក​ជាំ​ក្សាន្ត​

1067
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រ​វិហារ​:​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​អាជ្ញាធរ​ឃុំ​បាន​បន្ត​នាំយក​ពូជ​កូនឈើ​ប្រណីត​ជាង​២០០​ដើម​ទៅ​ដាំ​នៅក្នុង​បរិវេណ​វត្តភ្នំ​ដាច់ ស្ថិតក្នុង​ភូមិ​ទឹក​ក្រហម ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ការដាំ​កូនឈើ​ប្រណីត​នេះ​ក្រោម​វត្តមាន​លោក លិញ យុ​ត អភិបាលរង ដំណាង​លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត​។ ក្នុងនោះ​មានការ​ចូលរួម​ពី ប្រជា​ការពារ​ភូមិ​លោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុម​កាយឫទ្ធិ ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ​ជាង​២០០​នាក់​។​

​លោក​វ៉ន សា​រ៉ុ​ម​មេឃុំ​ទឹក​ក្រហម បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ​ឃុំ បាន​សហ​ការណ៍​ជាមួយ​អង្ក​ការ​អាយ​ធី​ធី​អូ​(​ហៅ​កាត់​អ៊ី​តូ​)​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត នាំយក​ពូជឈើ​ប្រណីត​ដាំ​នៅតាម​សាលាឃុំ កន្លែង​ប៉ុស្តិ៍​រដ្ឋបាល និង​ក្នុង​ទី​អារាម​វត្ត​ទួល​អណ្ដែត​ជាដើម​។​

លោក​មេឃុំ​ទឹក​ក្រហម​បាន​បន្តថា នាពេលនេះ​អាជ្ញាធរ​ឃុំ​បាន​នាំយក​ពូជ​កូនឈើ​ប្រណីត​ប្រភេទ​ពូជឈើ​ក្រញូង​ចំនួន​១៥០​ដើម ពូជឈើ​បេង ចំនួន​៣០​ដើម ពូជឈើ​ធ្នុង​៣០​ដើម និង​ពូជ​ឈើទាល ១០​ដើម​សរុប​ចំនួន​២២០​ដើម មក​បន្ត​ដាំ​ក្នុង​ទី​អារាម​វត្តភ្នំ​ដាច់ ដែលជា​វត្ត​មួយ​ទើបតែ​និង​បង្កើត​ថ្មី​។

លោក​មេឃុំ​បន្តថា​ការដាំ​កូនឈើ​ប្រណីត​នេះ គឺ​ដើម្បី​ថែរក្សា នូវ​សោ​ភ័​ណ្ឌ​ភាព ពីលើ​ឈើ ដែលមាន​នៅក្នុង​ទី​អារាម​នេះ​ស្រាប់ និង​មួយផ្នែក​ទុក្ខ​ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់ បានដឹង​ពី​ពូជឈើ​ប្រណីត​នេះ​ផងដែរ​។​

លោក លិញ យុ​ត​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត បាន​លើកទឹកចិត្ត​ចំពោះ អាជ្ញាធរ​ឃុំ អង្ក​ការ​អាយ​ធី​ធី​អូ ប្រជាពលរដ្ឋ លោកយាយ លោកតា ប្រជា​ការពារ​ភូមិ និង​ប្អូនៗ​សិស្សានុសិស្ស ដែល​បាន​យក​អស់ នូវ​កម្លាំងកាយ​ចិត្ត​។ រួមចំណែក​ដាំ​កូនឈើ​ប្រភេទ​ឈើ​ប្រណីត នៅក្នុង​ទី​អារាម​ថ្មី​នេះ ថ្វីត្បិតតែ​ឈើ​នៅទីនេះ​មាន​ស្រាប់​ក៏ពិតមែន​។

ប៉ុន្តែ​យើង​នៅតែ​ដាំ​បន្ថែម ដើម្បី​ផ្តល់​ជា​ម្លប់​ឱ្យ​កាន់តែ​ត្រឈឹងត្រឈៃ​។ បន្ថែម​ពី​នោះ​លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា នាពេល​ប​ច្ច​ប្បន្ន​នេះ មានការ​បម្រែបម្រួល​អាកាសធាតុ​ជាច្រើន ហើយ​បើសិន​យើងទាំងអស់គ្នា មិន​ចូលរួម​ថែរក្សា និង​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ នោះ​ព្រៃឈើ​របស់​យើង និង​មានការ​បាត់​បង់អស់ ទៅ​ថ្ងៃ​អនាគត​៕S/

​អាជ្ញាធរ​បន្ត​ដាំ​កូនឈើ​ប្រណីត​ឡើងវិញ​នៅ​ស្រុក​ជាំ​ក្សាន្ត​