​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩​ចំនួន​២​ម៉ឺន​ឈុត​ជំនួយ​របស់​មហាសេដ្ឋី​ជេ​ក​ម៉ា​បានប្រគល់​ជូន​ក្រសួងសុខាភិបាល​

198
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែមីនា បានប្រគល់​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស COVID-19​ចំនួន​២​ម៉ឺន​ឈុត ដែល​ផ្តល់​ដោយ​មូលនិធិ Jack Ma និង​មូលនិធិ​Alibaba​ជូន​ដល់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​នា​ទីស្តីការក្រសួង​។​

លោក​ឯកអគ្គរដ្ឋទូត​ចិន​បាន​មានប្រសាសន៍ថា​៖​ចិន​និង​កម្ពុជា​ជា​សហគមន៍​ជោគវាសនា​រួម​ដែល​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ក៏​ជា​បងប្អូន​ល្អ​ដែល​ប្រៀប​ដូច​ដៃ​និង​ជើង​។​ភាគី​ចិន​បច្ចុប្បន្ននេះ​ក៏មាន​អារម្មណ៍​ដូច​ភាគី​កម្ពុជា​ដែរ​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​វីរុស​COVID19​។​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​មូលនិធិ​JackMa​និង​មូលនិធិ​Alibaba​ជាបន្ទាន់​ដើម្បី​ធ្វើការ​ផ្តល់នូវ​ឧបករណ៍​តេស្ត​រក​ជំងឺ​វីរុស​មួយចំនួន​ជូន​ដល់​ភាគី​កម្ពុជា​។​

​លោក​សង្ឃឹមថា​ជំនួយ​នេះ​អាចជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​។​ភាគី​ចិន​នឹង​បន្ត​ផ្តល់​រាល់​ជំនួយ​ទៅតាម​លទ្ធភាព​ជូន​ដល់​ភាគី​កម្ពុជា​ជួយ​ជា​កម្លាំង​ទាំងស្រុង​ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​យក​ជម្នះ​ជាមួយនឹង​ជម្ងឺ​វីរុស​ប្រភេទ​ថ្មី​នេះ​។​

​លោក​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់​លោក ឯកអគ្គរដ្ឋទូត​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​សម្របសម្រួល​ក្នុង​ជំនួយ​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​លើក​នេះ​។ លោក​មានប្រសាសន៍ថា​ក្រោយពី​កម្ពុជា​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID19​ភាគី​ចិន​បាន​ជំនួយសម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជាច្រើន​និង​បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​នេះ​បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩​ជូន​ដល់​កម្ពុជា​។​ភាគី​កម្ពុជា​នឹង​ចងចាំ​រាល់​ការជួយ​របស់​ភាគី​ចិន​ក្នុង​ក្រអៅបេះដូង​និង​សហការ​ទំនាក់​ទំនងជា​មួយ​ភាគី​ចិន​យ៉ាង​ស្អិតរ​មួ​ត​ដើម្បី​យក​ជម្នះ​លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ក្នុងពេល​ឆាប់ៗ​នេះ​។​

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​មានប្រសាសន៍​ទៀតថា​“​យើង​កំពុង​ចាត់​គ្រប់​វិធាន​ការដែល​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូ​វិដ ១៩ និង​បង្ការ​មិន​ឲ្យ​ឆ្លង​បន្តទៀត​។ សម្ភារ​វេជ្ជសាស្ត្រ​ដែល​ទើបតែ​មកដល់​នេះ​គឺជា​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​ទប់ស្កាត់​និង​បង្ការ​មេរោគ​នេះ​បាន​យ៉ាង​ទាន់ពេលវេលា​។យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូល​នី​ធិ ជែក ម៉ា និង​មូល​នី​ធិ អា​លី​បា​បា​បា ចំពោះ​ការជួយឧបត្ថម្ភ​នេះ​។​”

តំណាង​មូល​នី​ធិ ជែក ម៉ា​បាន​ថ្លែងថា​“​កិច្ចសហប្រតិបត្តិការ​គឺជា​គន្លឹះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ កូ​វីដ​១៩​នេះហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​អំណោយ​នេះ​នឹង​ជួយ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ការពារ​សហគម​ន៍​របស់ខ្លួន​។ ជាមួយនឹង​កិច្ច​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ធ្វើ​ឲ្យ​យើង​មានលទ្ធភាព​នាំចូល​និង​ដឹកជញ្ជូន​ឧបករណ៍​ធ្វើតេស្ត​ដែល​គេ​កំពុងតែ​ត្រូវការ​ទាំងនេះ​បាន​យ៉ាង​ឆាប់រហ័ស​។​”

អំណោយ​ប្រគល់ជូន​ប្រទេស​កម្ពុជា​លើក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​ពី​សំណាក់​មូល​នី​ធិ​ទាំងនេះ​ក្នុងការ​ផ្តល់ជូន​នូវ​សម្ភារ​វេជ្ជសាស្ត្រ​ទៅដល់​ប្រទេស​នៅ​អាស៊ី​ចំនួន​១០​ប្រទេស​ដែល​ទើបបាន​ប្រកាស​នៅ​ថ្ងៃទី ២១ ខែមីនា ថ្មីៗ​នេះ​។ ប្រទេស​ទាំង ១០​នោះ​រួមមាន កម្ពុជា អាហ្គានីស្ថាន បង់​ក្លា​ដេ​ស ឡាវ ម៉ា​ល់​ឌី​វ​ម៉ុង​ហ្គោ​លី​មី​យ៉ាន់​ម៉ា​នេ​ប៉ាល់​ប៉ា​គី​ស្ថាន​និង​ស្រីលង្ការ​។​ជារួម​ប្រទេស​ទាំង​១០​នេះ​នឹង​ទទួល​ម៉ាស​សរុប​ចំនួន​១,៨​លាន​បន្ទះ​,​កញ្ចប់​ធ្វើតេស្ត​ចំនួន​២១០០០០​កញ្ចប់​,​និង​សំលៀកបំពាក់​ការពារ​ខ្លួន​ចំនួន​៣៦០០០​សម្រាប់​ក៏ដូចជា​ឧបករណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ​ដ៏ទៃទៀត​ដូចជា កង្ហារ​ខ្យល់ និង​ទែ​រ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​ថ្ងាស់​។​

​អំណោយ​ទាំងនេះ​គឺជា​កិច្ច​ផ្តួចផ្តើម​ផ្តល់ជំនួយ​ពី​មូល​នី​ធិ​ជែក​ម៉ា​និង​មូល​នី​ធិ​អា​លី​បា​បា​ដើម្បី​គាំទ្រ​ដល់​តំបន់​នានា​នៅលើ​ពិភពលោក​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​វិបត្តិ​កូ​វីដ​១៩​។​អំណោយ​ទាំងនេះ​រួមមាន​ការយក និង​ប្រគល់​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងៗ​ឲ្យ​ទៅ​ប្រទេស និង​តំបន់​នានា​នៅ​អាស៊ី​, អាមេរិក​ខាងជើង​, អាមេរិក​ឡាទីន​,​អ៊ឺរ៉ុប​,​និង​អាហ្វ្រិក​។

​មូល​នី​ធិ​ទាំង​២​បាន​បោះពុម្ពផ្សាយ​និង​ចែកចាយ​កូនសៀវភៅ​ដែល​ណែនាំ​លម្អិត​អំពី​មេរៀន​និង​ការអនុវត្តន៍​ល្អៗ​ពី​មន្ទីរពេទ្យ​FirstAffiliatedHospital,​សាលា​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ជឺ​ជាំ​ង (Zhejiang University School of Medicine), សម្រាប់​អ្នក​ជម្ងឺ​មេរោគ​កូ​វីដ ១៩៖https://covid19.alibabacloud.com/​កិច្ច​ផ្តួចផ្តើម​និង​អំណោយ​ថ្មីៗ​ជាច្រើន​ទៀត​ត្រួវបាន​គេ​រំពឹងថា​មាន​ចេញប្រកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​

​មូល​នី​ធិ​ជេ​ក​ម៉ា​នេះ​បង្កើតឡើង​ដោយ​លោក ជែក ម៉ា ស្ថាបនិក​នៃ​អា​លី​បា​បា​គ្រុប នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ហើយ​ផ្តោតអារម្មណ៍​លើ​វិស័យ​អប់រំ​, សហគ្រិនភាព​, ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​, និង​បរិស្ថាន​។ មូល​នី​ធិ​នេះ​ចង់​ក្លាយខ្លួន​ទៅជា​អង្គការ​សប្បុរសធម៌​មួយ​ដែល​អាច​ទុកចិត្តបាន និង​មាន ការចូលរួម​។

រហូតមកដល់​ពេលនេះ​មូល​នី​ធិ​ជែក​ម៉ា​បាន​គាំទ្រ​គម្រោង​ជាច្រើន​នៅលើ​ពិភពលោក​រួមមាន កម្មវិធី​អប់រំ​នៅ​ជនបទ​របស់លោក ជែក ម៉ា​, កិច្ច​ផ្តួចផ្តើម​ពានរង្វាន់​សហគ្រិន​អន​ឡាញ​នៅ​អាហ្វ្រិក (Africa Netpreneur Prize Initiative), កម្មវិធី​អាហារូបករណ៍ ម៉ា និង​ម៉ូ​លី​, និង​មូល​នី​ធិ រ៉ានី​ញ៉ា របស់​ម្ចាស់​ក្ស​ត្រី​ប្រទេស​ហ្ស​ក​ដង់​។​លើសពីនេះ​មូល​នី​ធិ​នេះ​បានផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​គម្រោង​មួយចំនួន​នៅ​តំបន់​អាទិភាព​របស់ខ្លួន​។

មូល​នី​ធិ​ជែក​ម៉ា​មានការ​ប្តេជ្ញាចិត្ត​ពង្រឹង​សេចក្តី​អង់អាច​អ្នក​អប់រំ​នៅ​ជនបទ​, សហគ្រិន​, កុមារ​ជនបទ​,​អ្នក​ទើប​ចាប់ផ្តើម​អាជីវកម្ម​វ័យក្មេង​,​និង​ស្ត្រី​ដើម្បី​ឲ្យ​ពួកគេ​កសាង​នូវ​សង្គម​មួយនា​ពេលអនាគត​ប្រកបដោយ​សុភមង្គល​ជាង​មុន​,​សុខភាព​ល្អ​ជាង​មុន​,​មាន​និរន្តរភាព​ជាង​មុន​,​និង​បរិ​យាប​ណ្ណ​ជាង​មុន​។​

​មូល​នី​ធិ​អា​លី​បា​បា​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែធ្នូ​ឆ្នាំ​២០១១​ក្នុង​គោលបំណង​បង្កើត​វប្បធម៌​មួយ​ដែល​លើកទឹកចិត្ត​ប្រជាជន​នានា​ឲ្យ​ចូលរួម​ក្នុង​វិស័យ​សប្បុរសធម៌​,​ធ្វើ​ឲ្យ​វា​មាន​និរន្តរភាព​និង​ចូលរួមចំណែក​ទៅនឹង​សង្គម​ស៊ីវិល​និង​ធម្មជាតិ​យ៉ាងពិត​ប្រាកដ​។​ទិដ្ឋភាព​ផ្តល់​ថវិកា​គាំទ្រ​របស់​មូល​នី​ធិ​នេះ​រួមមាន​៖​ការការពារ​ទឹក​,​ការលើកកម្ពស់​ការយ​ល់​ដឹង​អំពី​បរិស្ថាន​,​និង​ការអភិវឌ្ឍន៍​អង្គការ​/​ស្ថាប័ន​បៃតង​។​

អា​លី​បា​បា​គ្រុប​មានការ​ប្តេជ្ញាចិត្ត​បរិច្ចាក​មួយ​ភាគរយ​នៃ​ចំណូល​ប្រចាំឆ្នាំ​របស់ខ្លួន​ទៅ​ឲ្យ​មូល​នី​ធិ​អា​លី​បា​បា ដើម្បី​ធានា​ឲ្យ​មាន​ចរន្ត​ថវិកា​រយៈពេល​វែង​និង​ស្ថិរភាព​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​ឆ្លើង​តប​ទៅនឹង​ព្រឹត្តិការណ៍​គ្រោះមហន្តរាយធម្មជាតិ​បាន​ទាន់ពេលវេលា ឬ​ដើម្បី​ពង្រីក​គម្រោង​សប្បុរសធម៌​នានា​។​

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​កម្ពុជា​តាមរយៈ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ចំនួន​៤​នាក់​បន្ថែមទៀត​ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់​១០២​នាក់​ហើយ​ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​រហូតដល់​ចំនួន​០២​នាក់​(​សរុប​អ្នកជា​សះស្បើយ​កើន​ដល់​១៣​នាក់​)​។​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៨៩​នាក់​កំពុង​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនោះ​មាន​ស្ត្រី​២៦​នាក់​និង​បុរស​៦៣​នាក់​នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋរាជធានី​ខេត្ត​៕S/


​ចំណងជើង​រូបថត​៖​ឧបករណ៍​ធ្វើតេស្តរ​កវី​រុស​COVID-19​ចំនួន​២​ម៉ឺន​ឈុត​ជំនួយ​របស់​មហាសេដ្ឋី ជេ​ក ម៉ា បាន​ត្រូវ​ប្រគល់ជូន​ក្រសួងសុខាភិបាល​