​ឯកសារ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទើប​ទទួលបាន

692
ចែករម្លែក

ដោយ​: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញ​:
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​អំណោយ​ជា​បណ្ណសារ​ដ៏​វិសេសវិសាល​ពី​លោក​អគ្គរាជទូត ហូ​លី​យ៉ូ អេ​. ហេ​ល​ដ្ត្រែ​ស អតីត​រាជលេខា​ផ្ទាល់ និង​អ្នកសរសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​អំពី​ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ និង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ម៉ូ​ណាស និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ស្លឹករឹត​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។

លោក​អគ្គរាជទូត ហេ​ល​ដ្ត្រែ​ស​, សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ និង​លោក ឆាំង យុ​។ ថត​ដោយ ៖ ហ្ស​ង់​ម៉ាក ហ្គោ​រ៉ឺ​លី​ក នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

​បណ្ណសារ​ជា​អំណោយ​នេះ​រួមមាន ឯកសារ​ផ្ទាល់ខ្លួន​របស់​អគ្គរាជ​ទូត ហេ​ល​ដ្ត្រែ​ស ស្តីអំពី​ប្រទេស​កម្ពុជា ប្រទេស​ចិន និង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​ចងក្រង​តាមរយៈ​ការងារ​ស្រាវជ្រាវ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំកន្លងមក​។ ឯកសារ​ទាំងនេះ រួមបញ្ចូល​នូវ​សៀវភៅ​ប្រើប្រាស់​រួច​, CDs, Picture Frames និង Research Papers ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សហ​សម័យ​រាប់រយ​ពាន់​ឯកសារ ដែល​ប្រមែប្រមូល​មកពី​ប្រទេស​អូស្ត្រាលី ប្រទេស​អង់គ្លេស ប្រទេស​កាណាដា ប្រទេស​បារាំង ប្រទេស​ន័​រ​វែ​ស ប្រទេស​ស៊ុយអែត និង​ប្រទេស​ស្វី​ស​។ សរុបមក បណ្ណសារ​នេះ រួមផ្សំ​នូវ​ឯកសារ​និង​សម្ភារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ ដែលមាន​ទម្ងន់​ប្រមាណ ១ តោន និង ៥៨០ គីឡូក្រាម​។

​ឆ្លើយតប​ទៅនឹង​អំណោយ​នេះ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក ឆាំង យុ បាន​លើកឡើងថា «​ការ​ចងក្រង​ឯកសារ គឺ​បម្រើ​ដល់​គោលបំណង​ក្នុង​ការរក្សា​តម្លាភាព និង​ការដាក់​ឲ្យ​ទទួលខុសត្រូវ ដោយសារ​មូលហេតុ​នេះ យើង​មិន​ត្រឹមតែ​ត្រូវ​ទទួលស្គាល់​អំណោយ​នេះ ជាការ​ចូលរួមចំណែក​នៅក្នុង​ការអប់រំ និង​ការសិក្សា​ស្រាវជ្រាវ​របស់​កម្ពុជា​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ គឺជា​ការចូលរួមចំណែក​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ និង​វប្បធម៌​ដែលមាន​ប្រជាជន​ជា​អ្នកដឹកនាំ​»​។

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹងធ្វើ​ឲ្យ​ឯកសារ​ជា​អំណោយ​នេះ​ទៅជា​ឯកសារ​ឌីជីថល និង​តម្កល់​ច្បាប់​ចម្លង​នៃ​ឯកសារ​ទាំងនេះ នៅ​បណ្ណាល័យ​/​មជ្ឈមណ្ឌល​ស្រាវជ្រាវ​តាម​បណ្តា​ខេត្ត​ទាំង​៦ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កំពុង​ធ្វើ​ប្រតិបត្តិការ ដោយមាន​ការរួម​សហកា​រ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គោលបំណង​នៃ​បណ្ណាល័យ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទាំង​៦ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សហ​សម័យ ជាពិសេស​ប្រវត្តិសាស្ត្រ​នៅក្នុង​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។​

​បន្ថែម​ទៅលើ​អំណោយ​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អគ្គរាជទូត ហេ​ល​ដ្ត្រែ​ស បាន​បោះពុម្ព​សៀវភៅ​សំខាន់ៗ​មួយចំនួន​ថែមទៀត​ផង​។ រួមសហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អគ្គរាជទូត ហេ​ល​ដ្ត្រែ​ស បានបញ្ចប់​សៀវភៅ​មួយ​ក្បាល​ស្តីពី ប្រវត្តិសាស្ត្រ​នៃ​មិត្តភាព​រវាង​អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធានាធិបតី ជូ អេ​ន​ឡាយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បញ្ចប់​ការបកប្រែ​សៀវភៅ​កំណត់ហេតុ​របស់​សម្តេច​ព្រះមហា​ក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ដែល​ទ្រង់​លិខិត​នៅក្នុង​អំឡុង​ព្រះរាជដំណើរ​ទៅកាន់​តំបន់​រំដោះ​ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៣​។ បច្ចុប្បន្ន អគ្គរាជទូត ហេ​ល​ដ្ត្រែ​ស កំពុងធ្វើការ​ស្រាវជ្រាវ​សៀវភៅ​មួយ​ក្បាល ស្តីពី រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (១៩៧០-១៩៧៦)​។

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានការ​ដឹងគុណ​យ៉ាង​ពន់ពេក និង​មាន​កិត្តិយស​ក្រៃលែង ចំពោះ​អំណោយ​ដ៏​សប្បុរស​របស់​អគ្គរាជ​ទូត ហេ​ល​ដ្ត្រែ​ស ដែល​នឹងចូលរួម​ចំណែក​នៅក្នុង​ការអប់រំ​យុវជន​-​យុវនារី​កម្ពុជា អ្នកស្រាវជ្រាវ និង​សាធារណជន​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការផ្ទេរ​ឯកសារ​ទាំងនេះ​មកកាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​គម្រោង​ចងក្រង​ឯកសារ និង​លទ្ធិប្រជាធិបតេយ្យ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក រួម​ជាមួយនឹង​ការគាំទ្រ​ចម្បង​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​៕ ល​