​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ចូលជួប​សម្តែង​ការគួរ​សមនិង​ជម្រាបលា​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​

1093
ចែករម្លែក

ដោយ​:​សុផល​/​ភ្នំពេញ​:​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ ទី​៩ ខែឧសភា ឆ្នាំ​២០១៩ បានអនុញ្ញាតឲ្យលោកគ្រីស្តូហ្វើបាល់តាហ្សារប៉ុនតេរ៉ូ(ChristopherBaltazarMONTERO)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​ក្នុង​រយៈពេល​៤​ឆ្នាំនេះ​ដែល​បាន​បំពេញ​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្រសួង​ស្ថាប័នរដ្ឋ និង​ប្រជាជន​។​

បេសកកម្ម​ការទូតរ​បស់​លោក​ទូត​ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​ថ្នាក់ដឹកនាំ​កំពូល​និង​មន្ត្រីជាន់ខ្ពស់​គ្រប់លំដាប់​ថ្នាក់​បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់​និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។​

​សម្តេច​ភក្តី និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​ជាមួយនឹង​ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្ត្រី​គ្រប់លំដាប់​ថ្នាក់​។ ទន្ទឹមនឹងនេះ លោក​បាន​ជំរុញ​ឲ្យ​មាន​កំណើន​វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់​ផ្លូវអាកាស និង​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បានផ្តល់​គ្រូបង្រៀន​ភាសា​អង់គ្លេស​មក​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ចំនួន ០២​វគ្គ​។​

​ក្នុងនាម​ព្រឹទ្ធសភា​និង​ក្នុងនាម​សម្តេច​ផ្ទាល់​សម្តេច​ប្រធានព្រឹទ្ធសភា​ត្រៀមខ្លួន​ជានិច្ច​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ថ្មី​និង​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​ChristopherBaltazarMONTERO​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អនុញ្ញាតឱ្យ​លោក​ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា​នាពេលនេះ​។​

លោក​បាន​កត់សម្គាល់ថា​៖​ក្នុងកំឡុងពេល​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​បានទទួល​ជោគជ័យ​ក៏ដោយ​សារ​មានការ​គាំទ្រ​ពីស​ម្តេច​ប្រធានព្រឹទ្ធសភា​រដ្ឋសភា​រាជ​រដ្ឋាភិបាល​និង​គ្រប់​ស្ថាប័ន​ជាតិ​ដែល​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ហ្វីលីពីន មានការ​រីកចម្រើន​។​

​ជាមួយគ្នានេះ​ក្នុងកំឡុងពេល​៤​ឆ្នាំនេះ​លោក​បាន​មើលឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​មានការ​ប្រែប្រួល​ខ្លាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​មិន​ត្រឹមតែ​នៅ​រាជធានី​ភ្នំពេញ​នោះទេ​គឺមាន​ការរីកចម្រើន​នៅ​គ្រប់​ទីកន្លែង​។​

ទាំងអស់នេះ​បាន​ឆ្លុះបញ្ចាំង​ពី​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួល​ការអភិវឌ្ឍន៍ សន្តិភាព និង​ស្ថិរភាព​។​

​លោក​Christopher​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា​៖​ក្នុង​កំឡុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថានទូត​ហ្វីលីពីន​បា​នស​ម្រ​ច​នូវ​សមិទ្ធផល​ធំៗ​ពីរ​គឺ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជណាចក្រ​កម្ពុជា​ចំនួន​០២​ដង និង​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​ប្រទេស​ហ្វីលីពីន​ក្នុងឱកាស​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន ។​

​លោក​បានកត់សម្គាល់​ឃើញ​ថា​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​នៃ​ប្រទេស​ទាំងពីរ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ក្របខណ្ឌ​សភា​តំបន់ និង​អន្តរជាតិ ជាអាទិ៍ ក្នុង​IPU, AIPA, APA,APPF​។​ជាមួយគ្នានេះ​លោក​ChristopherBaltazarMONTERO​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា​ស្ថានទូត​ហ្វីលីពីន​មានការ​សេចក្តី​រីករាយ​ដោយបាន​រួមចំណែក​ជួយ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ហើយ​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នៃ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស​នេះ​នឹងធ្វើ​បន្តទៀត​នាពេល​ខាងមុខនេះ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​លោក​គ្រី​ស្តូ​ហ្វើ បាល់​តា​ហ្សា​រ​ប៉ុន​តេ​រ៉ូ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​(​រូបៈ​ព្រឹទ្ធសភា​)