​ ​ ​ ​មេឃុំ​ជើងព្រៃ​បាន​កាយ​លុប​ប្រឡាយ​ដែល​ជីក​បណ្តោយ​ថ្នល់​វិញ​ហើយ​

949
ចែករម្លែក

(​កំពង់ចាម​)៖ លោក វែ​ន សំអុល មេឃុំ​ជើងព្រៃ ស្រុក​បាធាយ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​គ្រឿងចក្រ​កាយ​លុប​ប្រឡាយទឹក ដែល​បាន​ជីក​លើ​ចិញ្ចើម​ផ្លូវលំ​របស់​គម្រោង​បឹង​ទន្លេសាប​របស់​ធនាគារ​អេ​ឌី​ប៊ី​(ADB) ស្ថិតក្នុង​ភូមិ​ត្រ​យ៉ង​ពង ប្រវែង​ប្រមាណ ៤០០​ម៉ែត្រ​នោះ​វិញ​ហើយ​កាលពី​ថ្ងៃទី ៩ ខែសីហា​ឆ្នាំ​២០១៧​។​
​ ​
​ដើមចម​ដែល​នាំ​ឲ្យ​មាន​ករណី​មេឃុំ​ជើងព្រៃ​ទើបបាន​ជាប់ឆ្នោត​ថ្មីៗ លុប​ប្រឡាយទឹក​ខាងលើនេះ​វិញ​បែបនេះ គឺ​បណ្តាល​មក​កាលពី​ថ្ងៃទី ៥​ខែសីហា​សប្តាហ៍​កន្លងទៅ​នេះ​លោក​មេឃុំ​ម្នាក់នេះ​បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​ជីក​កាយ​ប្រឡាយទឹក​លើ​ចិញ្ចើមផ្លូវ​មួយ​ខ្សែ​ខាងលើ​។ ព័ត៌មាន​នេះ​បាន​ជ្រាប​ដល់​លោក​អភិបាលខេត្ត​កំពង់ចាម គឺ​លោក គួច ចំរើន ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃទី ៨ សីហា​។​

​ក្នុងនោះ​លោក គួច ចំរើន ក្នុងនាម​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ថា លោក​ទុក​រយ​:​ពេល​មួយ​សប្តាហ៍​សម្រាប់​ឲ្យ​លោក​មេឃុំ​ជើងព្រៃ វែ​ន សំអុល ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ដូចដើម​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ​លោក​នឹងធ្វើ​ទៅតាម​ផ្លូវច្បាប់​។​លោក​បាន​គូសបញ្ជាក់ថា កុំ​និយាយថា លោក​ធ្វើ​ព្រោះ​រឿង​នយោបាយ នេះ​គឺជា​ការបំផ្លាញ​ជាក់ស្តែង​លើ​ទ្រព្យសម្បត្តិ​សាធារណ​: និង ផលប្រយោជន៍​សាធារណ​:​។​
​ ​
លោក វែ​ន សំអុល មេឃុំ​ជើងព្រៃ​បាន​ឆ្លើយ​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ៩ សីហា​នេះ​ថា លោក​បាន​ឲ្យ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រកា​យ​លុប​ប្រឡាយទឹក​តាម​ចិញ្ចើម​ផ្លូវលំ​ប្រវែង​២០០​ម៉ែត្រ​ខាងលើ​រួចហើយ​ដែល​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ និង​មេភូមិ​ត្រ​យ៉ង​ពង បាន​លើកគ្នា​ទៅផ្ទះ​របស់លោក​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន សុំ​ឲ្យ​លោក​ជួយ​កាយ​ប្រឡាយ​ប្រវែង​ប្រហែល ៤០០​ម៉ែត្រ​នោះ​ដើម្បី​រំដោះ​ទឹក​ចេញពី​ស្រែ​របស់​ពួកគាត់​។

លោក​មេឃុំ​បាន​ឲ្យ​ដឹងថា ប៉ុន្តែ​នៅ​ថ្ងៃទី ៥ ខែសីហា​នោះ​ពេលដែល​បាន​ទៅដល់​កន្លែង​ដែល​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ជីក​ដើម្បី​បង្ហូរទឹក​ចេញពី​ស្រែ​នោះ គឺ​ពួកគាត់​បាន​នាំយក​គ្រឿងចក្រ​ជា​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយគ្រឿង​ទៅដល់​ទីនោះ​រួចស្រេច​ហើយ ហើយ​បានធ្វើ​សកម្មភាព​ជីក​ប្រឡាយ​នោះបាន​ប្រហែល​២០០​ម៉ែត្រ លោក​បាន​ប្រាប់​ឲ្យ​ផ្អាក​វិញ​។​

​លោក វែ​ន សំអុល បាន​បន្ថែមថា នៅ​ថ្ងៃទី ៨ សីហា​លោក​ក៏បាន​ទទួល​ព័ត៌មាន​តាមរយ​:​លោក​អភិបាលស្រុក​បាធាយ​ថា លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ឲ្យ​លោក​ជួសជុល​លុប​ផ្លូវ​ឲ្យ​ដូចដើម​ឡើងវិញ​។ មកដល់​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃទី ៩ សីហា​នេះ​លោក​បាន​ឲ្យ​គេ​កាយ​លុប​វិញ​រួចហើយ គឺ​គ្រាន់តែ​នៅ​មិនទាន់បាន​បង្ហាប់ ខ្វះ​លុយ​ជួល​រ៉ូឡូ​កិន​ដី គឺ​ខិតខំ​រ៉ៃ​លុយ​ពី​ប្រជាពលរដ្ឋ​ធ្វើ​វា​។ ចំណែកឯ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ស្រែ​នោះ គឺ​បាន​ទៅ​កាយ​ចម្ងាយ​ពី​ផ្លូវ​នោះ​ប្រហែល ១០០​ម៉ែត្រ​៕S/​ដោយ​: ភោគ សម្បត្តិ​

​មេឃុំ​ជើងព្រៃ​បាន​កាយ​លុប​ប្រឡាយ​ដែល​ជីក​បណ្តោយ​ថ្នល់​វិញ​ហើយ​