ADBផ្ដល់កម្ចី និងជំនួយដល់ កម្ពុជាជាង២៧៥លានដុល្លារ ឆ្នាំ២០១៩

120
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ តាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០បានឱ្យដឹងថា៖ក្នុងឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB)បានផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាចំនួន២៧៥,៨​លាន ដុល្លារ អាម៉េរិក ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា គម្រោង និងកម្មវិធីធំៗ ដែល ADB បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជា ដែលបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ​២០​១៩ ហើយកំពុងបន្ត រហូតដល់បច្ចុប្បន្ន រួមមាន៖

ទី១៖ គម្រោងឧទ្យានជាតិថាមពលព្រះអាទិត្យតម្លៃ​៧,៦លានដុល្លារ​ដើម្បី​កាត់បន្ថយថ្លៃអគ្គិសនីតាមរយៈការវិនិយោគជាមួយវិស័យឯកជនលើ​ថាម​ពល ដែលអាចកកើតឡើងវិញនេះ។រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ១៤៨.៦៥០ តោនក្នុងមួយឆ្នាំ។

ទី២៖ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (កម្មវិធីរងទី២) តម្លៃ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់​នូវ​សេវាហិរញ្ញវត្ថុថ្មី ដល់សហគមន៍ក្រីក្រ ដែលរួមមាន៖ទីជនបទផ្នែកកសិ​កម្ម និងធុរកិច្ចខ្នាតតូចនិងមធ្យម។កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្រ្ត​បរិ​យា​ប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារ​អតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹង ផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។

ទី៣៖គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែងតម្លៃ៦០លានដុល្លារ ដើម្បី អភិវឌ្ឍធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុងវិស័យអាទិភាពចំនួន៤រួមមាន៖ ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និង​អេឡិច​ត្រូនិច។

ទី៤៖ កម្មវិធីទី៣នៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់​ទឹកស្អាតតាមទី​ជន​បទ តម្លៃ៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ)ដើម្បី​លើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។

កម្មវិធីនេះ បន្ថែមចំនួនខេត្តពី៦ ទៅ៨ (រួមមាន ខេត្តបន្ទាយមានជ័យ, បាត់​ដំបង, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, កំពត, ពោធិ៍សាត់ និងសៀមរាប) និងអនុវត្តក្នុងភូមិចំនួន ៦០០។

ទី៥៖គម្រោងកែលំអកសិកម្មស្រោចស្រព តម្លៃ១១៩,២លានដុល្លារ (ដែល​​២,២លានដុល្លាជាប្រាក់ជំនួយ)ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ផលិតភាព ​និងពិពិធកម្មកសិកម្ម៕