ធនាគារ​កូរ៉េ​មួយ​មានទ្រព្យ​២៤៧​ពាន់​លាន​ដុល្លារ​ទិញយក​មីក្រូហិរញ្ញវត្ថុ​សាមិក​ភីអិលស៊ី​នៅ​កម្ពុជា​

1642
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សាមិក​ភីអិលស៊ី​បាន​ប្តូរ​ឈ្មោះ​ទៅជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណុង​ហឹប​ហ្វា​យ​នែ​ន​(​ខេ​ម​បូ​ឌា​)​ម​.​ក​ចាប់ពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៨​។​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការផ្ទេរ​ភាគហ៊ុន​១០០​ភាគរយ ពី​ម្ចាស់​ភាគហ៊ុន​របស់​សាមិក ភីអិលស៊ី​ទៅ​ឲ្យ​ធនាគារ NongHyup​នៃ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ទទួល​បានការ​អនុម័តិ​ជា​ផ្លូវការ​ពី​និយតករ​កាលពី​ខែសីហា​ឆ្នាំ​២០១៨​។​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណុង​ហឹប​ហ្វា​យ​នែ​ន​(​ខេ​ម​បូ​ឌា​)​ម​.​កបាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​ដោយមាន​ការចូលរួម​ពី​លោក គិត​សុ​វណ្ណា​រិ​ទ្ធិ​អគ្គនាយករង​ត្រួតពិនិត្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​លោក លី ដា ហ៊ូ​ន (LEE Dae Houn) ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ NongHyup ។​ព្រមទាំង និយតករ ដៃគូ​ពាណិជ្ជកម្ម ភាគី ពាក់ព័ន្ធ និង​ថ្នាក់​គ្រប់គ្រង​នៃ​ធនាគារ NongHyup និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ណុង​ហឹប ហ្វា​យ​នែ​ន ប្រមាណ​ជាង​១៤០​រូប​។​

​លោក លី ដា ហ៊ូ​ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ NongHyup បាន​ថ្លែងថា​ធនាគារ NongHyup ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៦១​និង​ត្រូវបាន​ទទួលស្គាល់​ជា​ធនាគារ​ដែលមាន​សុវត្ថិភាព​បំផុត​នៅ​ប្រទេស​កូរ៉េ​និង​ជា​ស្ថាប័នហិរញ្ញវត្ថុ​សហប្រតិបត្តិការ​ឈានមុខ​គេ​នៅលើ​ពិភពលោក​។​

គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៧​ធនាគារ​ណុង​ហឹប​មាន​សាខា​ប្រតិបត្តិ​ការសរុប ១.១៥១​សាខា​បុគ្គលិក​ចំនួន​១១១.៦៨២​នាក់ ទ្រព្យសម្បត្តិ​សរុប​២៤៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​និង​មាន​អតិថិជន​ប្រមាណ​ជាង​៣០​លាន​នាក់​នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​។​បន្ថែម​លើ​នេះ​ទៀត ធនាគារ NongHyup មាន​បណ្តាញ​សាខា​ប្រតិបត្តិការ​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម​ព្រមទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​មាន​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ប្រទេស​ចិន និង​ឥណ្ឌា​។​

​ទាក់ទង​នឹង​ការទិញ​មីក្រូហិរញ្ញវត្ថុ​សាមិក​លោក​លី​បានឱ្យដឹងថា​ការផ្លាស់ប្តូរ​សំខាន់​រួមមាន​សមាជិក​ក្រុមប្រឹក្សាភិបាល​និង​ប្រធាន​នាយក​ប្រតិបត្តិ​។ សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រូវបានតែងតាំង​ថ្មី ហើយ​លោក SEO Joon Yong គឺជា​តំណាង​របស់​ធនាគារ NongHyup និង​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ថ្មី​ក្នុងតួនាទី​ជា ប្រធាន​នាយក​ប្រតិបត្តិ (CEO)​។គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ណុន​ហឹប ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ ធនាគារ NongHyup នៃ​ប្រទេស​កូរ៉េខាងត្បូង​។

​លោក​បាន​បន្ថែមថា​ក្រុមហ៊ុន​កំពុងតែ​ដំណើរការ​ដោះដូរ​ស្លាក​សញ្ញា​ថ្មី​។​ដោយឡែក​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​បុគ្គលិក​និង​ថ្នាក់​គ្រប់គ្រង​បច្ចុប្បន្ន​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​។​ណុង​ហឹប​ហ្វា​យ​នែ​ន​នឹង​រក្សាទុក​ដដែល​នូវ​ផលិតផល​កម្ចី​ដែលមាន​ស្រាប់​តំបន់​ប្រតិបត្តិការ​បច្ចុប្បន្ន​អតិថិជន​គោលដៅ​និង​ផលប័ត្រ​កម្ចី​ដែលមាន​ស្រាប់​ព្រមទាំង​បន្ត​ប្រើប្រាស់​ឯកសារ​និង​លក្ខខណ្ឌ​កម្ចី​ដែល​អតិថិជន​កំពុង​ប្រើប្រាស់​នៅពេល​បច្ចុប្បន្ន​ផងដែរ​។​

​លោក​គិត​សុ​វណ្ណា​រិ​ទ្ធិ​អគ្គនាយករង​ត្រួតពិនិត្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​មីក្រូហិរញ្ញវត្ថុ​ណុង​ហឹប​ថាៈ​លោក​សូម​ស្វា​គម​និង​អបអរ​ចំពោះ​វត្ត​មានការ​មីក្រូហិរញ្ញវត្ថុ​ណុង​ហឹប​ដែល​នឹង​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើនសេដ្ឋកិច្ច​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​លោក​បាន​គូសបញ្ជាក់ថា​គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ​២០១៨​វិស័យ​មីគ្រូហិរញ្ញវត្ថុ​មានការ​រីកចម្រើន​គួរឱ្យ​កាត់​សម្គាល់​ដោយ​ការផ្តល់​ឥណទាន​មាន​ទឹកប្រាក់​ប្រមាណ​ជា​៤.៦​ប៊ី​លាន​ដុល្លារ​គឺ​កើនឡើង​ប្រមាណ ៧.៦​ភាគរយ​និង​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មាន​ប្រមាណ​២.១២​ប៊ី​លាន​ដុល្លារ​កើនឡើង​៦.៣​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧​។​កំណើន​នៃ​ទ្រព្យសកម្ម​ឥណទាន​និង​ប្រាក់​បញ្ញើ​បាន​ឆ្លុះបញ្ចាំង​ពី​ការជឿទុកចិត្ត​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​សាធារណជន​។​

​លោក​អូ​ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ផងដែរ​ថា​៖​ធនាគារ​ណុង​ហឹប​ជា​ធនាគារ​សម្រាប់​ប្រជាកសិករ​នៅ​កូរ៉េ​និង​ជា​ដៃគូ​នៃ​កំណើនសេដ្ឋកិច្ច​របស់​កូរ៉េ​។​ដូច្នេះ​វត្តមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណុង​ហឹប​ហ្វា​យ​នែ​ន​នៅ​កម្ពុជា​នឹងចូលរួម​ចំណែក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​កម្ពុជា ផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​ខ្នាតតូច និង​មធ្យម​និង​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​៕S/

​ធនាគារ​កូរ៉េ​មួយ​មានទ្រព្យ​២៤៧​ពាន់​លាន​ដុល្លារ​ទិញយក​មីក្រូហិរញ្ញវត្ថុ​សាមិក​ភីអិលស៊ី​នៅ​កម្ពុជា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ