ស្ពាន​ស្ទឹង​កែវ​ត្រូវ​ធ្វើឱ្យ​រួចរាល់​មុន​ពិធីបុណ្យ​ភ្ជុំ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​

981
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្នុង​ដំណើរ​ចុះ​ពិនិត្យមើល​ការ​សាសង់​ស្ពានឈើ​ឆ្លងស្ទឹង​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​អន្លង់​ម៉ាក់​ប្រា​ង​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ​អភិបាលខេត្ត​កំពត​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ត្រូវ​ព​ន្លឿ​ន​ការងារ​របស់ខ្លួន​ឱ្យ​ឆាប់រហ័ស ពិសេស​ធ្វើឱ្យ​រួចរាល់​មុន​រដូវ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​។​

​ថ្លែង​ទៅកាន់​ក្រុម​ជាង​ដែល​កំពុង​សាងសង់​ស្ពាន​ឆ្លងស្ទឹង​កែវ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​រដូវ​ភ្ជុំបិណ្ឌ​នឹង​ចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ​។ ដូច្នេះ ក្រុម​ជាង​សាងសង់​ត្រូវតែ​ព​ន្លឿ​ន​ការងារ​របស់ខ្លួន​ឱ្យ​ឆាប់​រួចរាល់ និង​ប្រកបដោយ​គុណភាព​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​បាន​ឆ្លងកាត់​ទៅធ្វើ​បុណ្យទាន​នៅ​ទី​អារាម​នានា​។

លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​រាល់​ទុក្ខលំបាក​និង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ​ជា​បញ្ហា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ដោយ​មិនអាច​មើលរំលង​បានឡើយ​។ ដូចគ្នានេះដែរ ក្នុងនាម​អាជ្ញាធរខេត្ត​ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ដឹង និង​ស្វែងយល់​រាល់​បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​រួមគ្នា​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​។

លោក​ជាវ​តា​យ​បាន​បញ្ចាក់​ទៀតថា​ផ្អែកលើ​គោលការណ៍​នេះ​អាជ្ញាធរ​ស្រុក​ក៏ដូចជា​រដ្ឋបាល​មូលដ្ឋាន​ត្រូវ​តាមដាន​គ្រប់​សកម្មភាព​ដែល​កើតមាន​ក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​ហើយ​ប្រញាប់​រាយការណ៍​ជូន​រដ្ឋបាលខេត្ត​គ្រប់​ហេតុការណ៍​ទាំងឡាយ​។​

​សូម​រំលឹកថា​ស្ពាន​ស្ទឹង​កែវ​បាន​បាក់​បណ្តាលមកពី​កម្លាំង​ទឹកជំនន់​ហូរ​បុក​ផ្តាច់​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​ទើប​បង្ក​ការលំបាក​សម្រាប់​អ្នកដំណើរ​ទូទៅ​ព្រមទាំង​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ពេល​ត្រូវ​ជំនួស​ដោយ​ការឆ្លង​តាម​ទូក​ម៉ាស៊ីន​។
ស្ថិតក្នុង​ភាព​បន្ទាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បានផ្តល់​ថវិកា​ចំនួន​៦០​លាន​រៀល​ចាប់ផ្តើម​សាងសង់​លក្ខណៈ​បណ្តោះអាសន្ន​ជា​ប្រភេទ​ស្ពានឈើ​បំណង​ឱ្យ​សិស្សានុសិស្ស និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បានធ្វើ​ដំណើរ​ឆ្លងកាត់​ឡើងវិញ​។
​ដោយឡែក​ក្នុង​កិច្ច​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការងារ​សាង់សង់​ស្ពាន​នេះ​លោក​អភិបាលខេត្ត​បានផ្តល់​ជូន​ថវិកា​ប្រាំ​លាន​រៀល​បន្ថែមទៀត​ដល់​ក្រុម​ជាង​ផងដែរ​៕S/​

​ស្ពាន​ស្ទឹង​កែវ​ត្រូវ​ធ្វើឱ្យ​រួចរាល់​មុន​ពិធីបុណ្យ​ភ្ជុំ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ