មន្ត្រី​សង្គមកិច្ច​កំពុង​ស្វះស្វែង​បង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទូទាំងប្រទេស​

1456
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ដោយសារ​វិស័យ​សុខាភិបាល​មាន​ភាពល្អប្រសើរ​ជាង​មុន និង កត្តា​សង្គម ក៏ដូចជា​សេដ្ឋកិច្ច មានការ​ប្រែប្រួល​ប្រសើរ​ជាង​មុន នាំឱ្យ​មនុស្ស​រស់នៅ​អាយុ​វែង​ជាង​មុន​។ ប្រការនេះ​បាន​បណ្តាលឱ្យ​មនុស្ស​វ័យចាស់​កើន​ចំនួន​ច្រើនឡើងៗ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​មនុស្ស​វ័យចាស់​ទាំងនោះ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​ទៅៗ​ដែរ ដូចជា​ដោយសារ​មនុស្សពេញវ័យ​ចំណាកស្រុក បន្សល់​មនុស្ស​ចាស់​ឯកោ ខ្វះ​អ្នក​ថែទាំ​ជាដើម ។ ស្តែង​ចេញពី​ក្តីកង្វល់​ទាំងនេះ នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន និង កំពុង​ស្វះ​ស្វែងរក​ការបង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​ទូទាំងប្រទេស ។

អ្នកស្រី​ឡ លី គឹម​លាង អនុប្រធាននាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ ( រូបៈ មេសា )

​អ្នកស្រី លី គឹម​លាង អនុប្រធាននាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់​បានឱ្យដឹង ថា ” លិខិតបទដ្ឋាន​គតិយុត្តិ និង បច្ចេកទេស ស្តង់ដា មួយចំនួន​ពាក់ព័ន្ធ​នឹង​ការថែទាំ​មនុស្ស​ចាស់​នៅក្នុង​មណ្ឌល​ប្រកបដោយ​វិ​ជ្ចា​ជីវៈ កំពុង ត្រូវបាន​កសាង និង ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ ។ ពេល​បង្កើត​លិខិតបទដ្ឋាន ទាំងនោះ​រួចហើយ យើង​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់ ថែទាំ​មនុស្ស ចាស់ ដែល​បច្ចុប្បន្ន យើង​បាន​ទំនាក់ទំនង​ជាមួយ​ជប៉ុន ព្រោះ​ជប៉ុន​មាន​បទពិសោធ កម្រិត ខ្ពស់​ក្នុង​ការថែទាំ​មនុស្ស​ចាស់ ។ ពេលនេះ​យើង បាន និង កំពុង​ជំរុញ​ឱ្យ​ដំណើរការ នៃ មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​នៅ​ភ្នំពេញ​ឱ្យក្លាយ​ជា​គំរូ ឬ ជា​ស្តង់ដារ​មួយ​សិន រួចហើយ​នឹង យក​គំរូ ឬ ស្តង់ដា​នេះ​ទៅ​បណ្តុះបណ្តាល​ដល់​មន្ត្រី​នៅតាម​រាជធានី​ខេត្ត​នានា ដើម្បី ពង្រីក​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ឱ្យបាន​ទៅដល់​គ្រប់ ២៥ រាជធានី ខេត្ត នៅ​ទូទាំងប្រទេស ” ។

​ជាការ​ពិតណាស់ កម្ពុជា កំពុង​ខ្វះខាត​ធនធានមនុស្ស​ប្រកបដោយ​ស្តង់ដា វិជ្ជាជីវៈ ក្នុងការ​មើលថែទាំ​មនុស្ស​ចាស់ ។ ទោះយ៉ាងណា ក៏មាន​ក្រុមហ៊ុន​ឯកជន​កូរ៉េ ១ ដែល​អះអាងថា ពួកគេ​មាន​ជំនាញ​ខាង​ថែទាំ​មនុស្ស​ចាស់​នោះ ក៏​កំពុង​រង់ចាំ​ភ្លើង​ខៀវ​ពី​ក្រសួង​សង្គមកិច្ច​ដែរ ។​

​ចំពោះ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​វិញ បច្ចុប្បន្ន​កម្ពុជា មាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ២ នៅ​ភ្នំពេញ ដែល ១ ជា​របស់​រដ្ឋ ១ ទៀត​ជា​របស់​អង្គារ ។ នៅ​ខេត្ត បន្ទាយមានជ័យ​ក៏មាន​អង្គារ​ធ្វើការ​លើ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់ ១ ដែរ ហើយ​មណ​ញ​ឌ​ល​ទាំងនេះ ទើបតែ​ដំណើរការបាន​ប្រមាណ​ជាជាង ១ ឆ្នាំ ដែល​គេ​មិនទាន់​អាច​កំណត់ថា មាន​លក្ខណៈសម្បត្តិ​យ៉ាងណា ត្រូវ​កែសម្រួល​យ៉ាងណា​នៅឡើយ ។ ចំណែក​នៅ​ខេត្តស្វាយរៀង មាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ១ ដែរ ប៉ុន្តែ​មានតែ​អាគារ គឺ​មិនទាន់បាន​ដំណើរការ​នៅឡើយ គឺ​រង់ចាំ​ការរៀបចំ​ចេញពី​ភ្នំពេញ​ទៅ ដូចដែល​អ្នកស្រី លី គឹម​លាង បានលើកឡើង​ខាងលើ ។​

​តាមច្បាប់​នៅ​កម្ពុជា អ្នក​ដែល​ត្រូវបាន​ចាត់​ចូល​ជា​មនុស្ស​ចាស់ គឺជា​មនុស្ស​ដែលមាន អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ ដែល​បច្ចុប្បន្ន​កម្ពុជា មាន​មនុស្ស​ចាស់​ជាង ១ លាន ២ សែន នាក់ ហើយ​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ២ លាន​នាក់​នៅត្រឹម​ឆ្នាំ ២០៣០ ។​

​បញ្ហា​ដែល​មនុស្ស​ចាស់​កំពុង​ប្រឈម​ភាគច្រើនបំផុត​គឺ​ដោយសារតែ​មនុស្សពេញវ័យ​ធ្វើ​ចំណាកស្រុក បន្សល់​ទុកឱ្យ​មនុស្ស​ចាស់​ឯកោ ខ្វះខាត​ក្នុង​ជីវភាព ហើយ​ពេលខ្លះ ក៏ត្រូវ​មើលថែ និង ចិញ្ចឹម​ចៅៗ​យ៉ាង​រងោក​រងល់​ទៀត ខណៈ​ជីវភាព និង សុខភាព​របស់ ពួកគាត់​កំពុង​ទ្រុឌទ្រោម និង មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​ទៅហើយ ។ ចំណែក​មនុស្ស ចាស់​ដែល​រស់នៅក្នុង​ជីវភាព​មធ្យម ឬ ធូរធា ក៏​ឯកោ​ណាស់ដែរ ដោយសារ​កូនចៅ​រវល់ តែ​នឹង​មុខរបរ​ការងារ ជាពិសេស​រវល់​តែ​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ។


​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ និង វិធានការ​ជាច្រើន​ដូចជា​បង្កើត​ទិវា​មនុស្ស​ចាស់ ១ តុលា , បង្កើត​សមាគម​មនុស្ស​ចាស់ ដែល​បច្ចុប្បន្ន ត្រូវបាន​បង្កើត​នៅ គ្រប់ ឃុំ សង្កាត់​ទាំង ១.៦៤៦ ទូទាំងប្រទេស ជាដើម ។​

​ទីទៃ​ពីនេះ​ទៅ វត្ត​អារាម ក៏ត្រូវ​បាន​ទ​ទួ​ស្គាល់​ថា នៅតែ​ជា​កន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ចាស់​ដែរ ។


​ទោះយ៉ាងណា នៅតែ​មិនទាន់​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​មនុស្ស​ចាស់​កំពុង​ប្រឈម ទើប​ចាំបាច់​បង្កើតឱ្យមាន​មណ្ឌល​ថែទាំ​មនុស្ស​ដែល​ប្រកបទៅដោយ​វិជ្ជាជីវៈ នៅ​គ្រប់​រាជធានី​ខេត្ត​ទូទាំងប្រទេស​ទៀត ៕ Kh

ស្ថានភាព​មនុស្ស​ចាស់​នៅ​កម្ពុជា កំពុង​បណ្តាលឱ្យ​មន្ត្រី​រសង្គកិច្ចខ្វល់ខ្វាយ ( រូបៈ ឯកសារ )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ