​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ចោទ​លោក​សួង​សុ​ភ័​ណ្ឌ​ធ្វើ​បក្ស​ប្រហារ​

1204
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន​សេរី​រដ្ឋា​បាន​ចោទប្រកាន់​ទៅលើ​លោក​សួង​សុ​ភ័​ណ្ឌ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា​បានធ្វើ​បក្ស​ប្រហារ​យក​គណបក្ស​អំណាច​ខ្មែរ​ទៅគ្រប់​គ្រង នៅពេលដែល​លោក​ជាប់ពន្ធនាគារ​ព្រៃ​ស​។ ប៉ុន្តែ​លោក​សួង សុ​ភ័​ណ្ឌ បដិសេធថា លោក​មិន​បានធ្វើ​បក្ស​ប្រហារ​នោះទេ​។​

​ជាមួយគ្នានេះ​ទាំង​លោក​សួន​សេរី​រដ្ឋា​និង​លោក​សួង​សុ​ភ័​ណ្ឌ​បានប្រកាស​ប្តឹងផ្តល់​គ្នា​ទៅវិញទៅមក​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​។​លោក​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ និង​និរាករណ៍​រាល់​លិខិត​ឯកសារ​ដែល​លោក​សួង សុ​ភ័​ណ្ឌ ដាក់​ទៅ​ក្រសួងមហាផ្ទៃ​។​

​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ​។​ចំណែក​លោក​សួង​សុ​ភ័​ណ្ឌ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ប្រតិកម្ម​ថា​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​គឺ​លោក​សួន​សេរី​រដ្ឋា​បាន​លាលែង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​និង​មិនបាន​ធ្វើ​បក្ស​ប្រហារ​នោះទេ​។​

​លោក​សួន​សេរី​រដ្ឋា​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​នេះ​ថា​លោក​បានដាក់​លិខិត​ទៅ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​។ដោយបាន​ស្នើ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រាល់​ឯកសារ​ដែល​លោក​សួង​សុ​ភ័​ណ្ឌ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ​និង​ស្នើ​ចាត់វិធានការ​ច្បាប់​ដែល​បាន​ក្លែង​លិខិត​លាលែង​របស់លោក​(​សួន​សេរី​រដ្ឋា​)​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​គឺ​លោក​មិនបាន​ធ្វើលិខិត​លាលែង​ទេ​។

​បន្ទាប់ពី​មានការ​ឆ្លើយតប​ពី​ក្រសួងមហាផ្ទៃ​ហើយ​លោក​នឹងដាក់​ពាក្យ​ប្តឹង​លោក​សួង​សុ​ភ័​ណ្ឌ​ទៅ​តុលាការ​ពីបទ​ក្លែង​ឯកសារ​។​ចំពោះ​ការស្នើ​នេះ​នៅ​មិនទាន់​មានការ​ឆ្ល​លយ​តប​ពី​ក​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។​

លោក​សួន​សេរី​រដ្ឋា​បាន​បន្តថា​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ស្អែក​នេះ​ក្រុមប្រឹក្សា​នយោបាយ​គណបក្ស​អំណាច​ខ្មែរ​ក៏​នឹងដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​បន្ថែមទៀត​ដើម្បី​ស្នើ​និរាករណ៍​រាល់​ឯកសារ​របស់លោក​សួង សុ​ភ័​ណ្ឌ ដាក់​ទៅ​ក្រសួងមហាផ្ទៃ​។​

​ជាការ​ឆ្លើយតប លោក​សួង សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា លោក​មាន​ភស្តុ​តាម​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា លោក​សួន​សេរី​រដ្ឋា​លាលែង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ហើយ​លោក​សួន​សេរី​រដ្ឋា​គ្មាន​សិទ្ធិ​អ្វី​តទៅទៀត​មក​កកូរកកាយ​ផ្ទៃក្នុង​គណបក្ស​អំណាច​ខ្មែរ​ទេ​។​លោក​សោកស្តាយ​ចំពោះ​ការចោទប្រកាន់​របស់លោក​សួន​សេរី​រដ្ឋា​មកលើ​រូបលោក​គឺ​វា​មិនមែនជា​ការពិត​។​ដោយ​លោក​បាន​បញ្ជាក់ថា​លោក​មិន​បានធ្វើ​បក្ស​ប្រហារ​នោះ​។​

​លោក​បាន​បន្តថា នៅ​ថ្ងៃទី ១៤ ខែកញ្ញា ស្អែក​នេះ លោក​នឹងដាក់​ពាក្យ​ប្តឹង​លោក​សួន សេរី​រដ្ឋា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហា​បង្កាច់​កេរ្តិ៍​។ ហើយ​លោក​ស្វាគមន​ចំពោះ​លោក​សួន សេរី​រដ្ឋា ប្តឹង​រូបលោក​៕S/​
លោកសួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ

 

រូបកណ្តាលៈ លោក​សួន សេរីរដ្ឋា ធ្វើ​សន្និសីទ​កាសែត (រូបថតៈមុនីរ័ត្ន)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ