​ពលរដ្ឋ​ជាង​៣២០​គ្រួសារ​ទទួលបាន​មុង​សុវត្ថិភាព និង​ធុង​ច្រោះ​ទឹកស្អាត​

1417
ចែករម្លែក
  • 8
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​

ពលរដ្ឋ​ជាង​៣២០​គ្រួសារ​ទទួលបាន​មុង​សុវត្ថិភាព និង​ធុង​ច្រោះ​ទឹកស្អាត​

កាកបាទក្រហមកម្ពុជា និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង បានប្រគល់​ចែក​មុង​សុវត្ថិភាព អាវយឺត​និង​ធុង​ច្រោះ​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​៣ ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង ដើម្បី​ចូលរួម​ទប់ស្កាត់​ជម្ងឺគ្រុនចាញ់ គ្រុនឈាម និង​ធ្វើ​អនាម័យ​ហូប​ស្អាត​ផឹក​ស្អាត នាពេល​រដូវវស្សា​។​

​លោកស្រី ហួន ច័ន្ទ​បូរ៉ា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា លើកឡើង​កាលពី​រសៀល​ថ្ងៃទី​១២ កញ្ញា​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា លោក​តែង​ព្រួយបារម្ភ និង​យកចិត្ត​ទុក​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ឆ្ងាយ​ដាច់​ស្រ​យោល​។ ជាក់ស្តែង​ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ថ្មបាំង​ផ្ទាល់​តែម្តង​។​

​បើតាម​លោកស្រី ច័ន្ទ​បូរ៉ា សកម្មភាព​ការចែកជូន​មុង​សុវត្ថិភាព​ចំនួន​១៦០​មុង និង​សម្លៀកបំពាក់​៣០០​នេះ ជា​សម្ភារៈ​សប្បុរសធម៌​របស់​សាខា​កាកបាទក្រហម​ចិន ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនចាញ់ គ្រុនឈាម​បានល្អ នាពេល​រដូវវស្សា​។ ដោយ​ទាមទារ​ឱ្យមាន​ការរស់នៅ​ស្អាត ហូប​ស្អាត គេង​ក្នុង​មុង​ជានិច្ច និង​ធ្វើ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ជាប្រចាំ​ផងដែរ​។​

​តំណាង​កាកបាទក្រហមកម្ពុជា រំពឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​ទទួល​មុង​សុវត្ថិភាព​រួចរាល់​ហើយ នឹង​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​របស់ខ្លួន​រៀងៗ​ពិសេស​ហាម​យក​មុង​សុវត្ថិភាព​ទៅ​លក់​នៅលើ​ទីផ្សារ​។​កន្លងទៅ​កាកបាទក្រហម​ចិន​នៅ​ខេត្ត​ក្វាង​ស៊ី​ផ្តល់​សម្រេច​ប្រគល់​មុង​សុវត្ថិភាព​ចំនួន​២​មឺ​ុ​ន​មុង​ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ចែកចាយ​ទៅតាម​បណ្តា​នានា​ក្នុងប្រទេស ដោយ​ខេត្ត​មួយ​ទទួលបាន​មុង​សុវត្ថិភាព​ចំនួន​៥០០​មុង និង​សម្លៀកបំពាក់​ជាង​២០​កេស​ធំ​។​

​ជាការ​រួមចំណែក​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង ក៏បានផ្តល់​ជា​ធុង​ចំរុះ​ទឹកស្អាត​ចំនួន​១៦០​ធុង​ផលិត​នៅ​ប្រទេស​អាឡឺម៉ង់ សម្រាប់​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ ខណៈ​កង្វះ​ការយល់ដឹង​ពី​អនាម័យ​សុខភាព​ច្រើន និង​ងាយ​ឆ្លង​ជម្ងឺ​នានា ដោយសារតែ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​។​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បន្តថា ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មបាំង ភាគច្រើន​រស់នៅ​ក្បែរ​តំបន់​ព្រៃភ្នំ ដូច្នេះ​បញ្ហា​សុខភាព​ងាយ​ប្រឈម​កើត​ជម្ងឺ​ផ្សេងៗ​ខ្លាំងណាស់ ទើប​មន្ទីរ​របស់លោក និង​កាកបាទក្រហមកម្ពុជា រួមគ្នា​រៀបចំ​កម្មវិធី​ផ្តល់ជូន​ធុង​ចំរុះ​ទឹកស្អាត និង​មុង​សុវត្ថិភាព​នេះឡើយ​ជូន​ប្រជាពលរដ្ឋ​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​ក្រុម​ប្រជាពលរដ្ឋ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​បានទទួល​សម្ភារៈប្រើប្រាស់​មាន​ជា​មុង​សុវត្ថិភាព សម្លៀកបំពាក់ និង​ធុង​ចំរុះ​ទឹកស្អាត ខណៈ​ពលរដ្ឋ​ទីជនបទ​ប្រឈម​នឹង​ជម្ងឺ​ផ្សេងៗ​ខ្លាំង​គេ បើ​ធៀប​នឹង​អ្នករស់នៅ​ទីប្រជុំជន​។​

​លោក អន សុធា​រិ​ទ្ធិ អភិបាលស្រុក​ថ្មបាំង ឱ្យដឹង​ដែរ​ថា សព្វថ្ងៃ មូលដ្ឋាន​ស្រុក​របស់លោក ជំងឺគ្រុនចាញ់ គ្រុនឈាម​ពុំ​សូវ​ចោទ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ប៉ុន្មាន​នោះទេ បើ​ធៀប​៣​ឆ្នាំមុន​។ មិន​ចោទ​ជា​បញ្ហា ក៏​ព្រោះ​អាជ្ញាធរ មន្ទីរជំនាញ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បាន​បង្កើន​ការយកចិត្តទុកដាក់​អប់រំ​យល់ដឹង​រស់នៅ​ស្អាត ហូប​ស្អាត ចែក​មុង និង​ធ្វើ​បង្គាន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ