អាមេរិក​អនុម័ត​លក់​អាវុធ​តំលៃ​២,៦​ពាន់​លាន​ដុល្លារ​ដល់​កូរ៉េខាងត្បូង​

931
ចែករម្លែក

ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធតំលៃ២,៦ពាន់លានដុល្លារទៅអោយកូរ៉េខាងត្បូង រួមមានយន្តហោះស៊ើបការណ៍លើសមុទ្រP-8A Poseidonចំនួន៦គ្រឿង និងកាំជ្រួចប្រឆាំងកាំជ្រួចផ្លោងធុន​Patriot​ចំនួន៦៤ដើមផង, នេះបើតាមក្រសួងការពារជាតិអាមេរិកបានប្រកាសអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៣កញ្ញា។

យន្តហោះP-8A Poseidonនៃកងទ័ពជើងទឹកអាមេរិកល្បាតសមុទ្រ

យន្តហោះPoseidonផលិតដោយក្រុមហ៊ុនBoeingដែលប្រើសំរាប់តាមប្រមាញ់នាវាមុជទឹកនិងធ្វើការស៊ើបការណ៍​លើសមុទ្រ មានតំលៃ២,១ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងទិញលក់នេះ រួមមានការហ្វឹកហាត់ ភស្តុភា និងគ្រឿងបរិក្ខាគាំទ្រ ព្រមទាំងសេវា។

សម្ពន្ធមិត្តអាមេរិក កូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយកូរ៉េខាងជើងស្តីពីការធ្វើអោយប្រ​សើរ​ឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសហរដ្ឋអាមេរិកក៏ជំរុញកិច្ចការទូតរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ស្តីពីការរំសាយសព្វាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។

ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ប្រព័ន្ធប្រឆាំងកាំជ្រួចPatriot ផលិតដោយក្រុមហ៊ុនLockheed Martinនេះ មានតួនាទីការពារទល់នឹងកាំជ្រួចផ្លោងនិងវាមានតំលៃ៥០១លានដុល្លារ។សាធារណរដ្ឋកូរ៉េ ស្នើសុំទិញកាំជ្រួច Patriot Advanced Capability-3 (PAC-3) ចំនួន៦៤ដើម៕ដោយ៖វាសនា