បង្ហាញ​ចំណុច​គន្លឹះ​សំខាន់ៗ សម្រាប់​ជា​គំនិត​ដល់​ប្រតិភូ​នាវា​យុវជន​កម្ពុជា ក្នុងការ​ចូលរួម​កម្ម​វិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ជប៉ុន​

949
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩ ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​របប​ប្រល័យពូជសាសន៍ ហើយ​ខេត្តសៀមរាប បាន​ខិតខំ​ជំរុញ​និង​បង្កើនល្បឿន​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដូចជា​ជា​ជួសជុល​កែលំអ​ផ្លូវ ជួសជុល​កែលំអ​និង​ស្តារឡើងវិញ​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​ភ្លៀង ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ។​ល​។​ដោយ​ប្រើប្រាស់​តាម​គំរោង​ប្លង់​ចាស់​សល់​ពី​សម័យ​បារាំង ហើយ​បច្ចុប្បន្ននេះ ក្នុង​ខេត្ត​យើង​មាន​ប្លង់គោល និង​មាន​ផែនការ​បែងចែក​ច្បាស់លាស់​និង​កំណត់​គោលដៅ​ធំៗ​ដែល​គ្រោង​ថា នឹង​បង្កើត​នូវ​មណ្ឌល​ពាណិជ្ជកម្ម មណ្ឌល​កំសាន្ត ផ្សារ​ទំនើប​។​ល​។ តាមរយៈ​ការចូលរួម​ពី​បណ្តា​ដៃគូ​អភិវឌ្ឍ​នានា និង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀតថា ប​ច្ច​ប្បន្ន​អាជ្ញាធរខេត្ត បាន​នឹង​កំពុង​អនុវត្ត​លើ​ប្រ​ព័​ន្ឋ​បច្ចេកទេស​ជាមួយ​ជប៉ុន នៃ​គម្រោង​ប្រ​ព័​ន្ឋ​ទីក្រុង​វ័យឆ្លាត តាមរយៈ​មូលនិធិ​គម្រោង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា ចាយ​កា ដោយបាន​បំពាក់​អំពូល​ភ្លើង អ៊ិ​លអី​ឌី តាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ក្រុង ដែល​ប្រ​ព័​ន្ឋ​នេះ​ចូលរួម​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ភ្លើង​ដល់​ទៅ​៧០​ភាគរយ រួមទាំង​ការបង្កើត​រមណីយដ្ឋាន​កែច្នៃ ប្លែកៗ គួបផ្សំ​នឹង​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន​ធម្មជាតិ​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ចូលមក​ទស្សនា​កំសាន្ត​ក្នុង​ខេត្តសៀមរាប ឲ្យ​ស្នាក់​នៅក្នុង​រយៈពេល​យូរ​ជាង​មុន ។​

​លោក ពៅ ពិសិដ្ឋ បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​នាវា​យុវជន​កម្ពុជា​ចំនួន​៥០​រូប ដឹកនាំ​ដោយ​លោក ណៃ សេម​ណារ​ត្ន័ នៅ​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ក្នុង​គោលបំណង​ផ្តល់​ជា​អនុសាសន៍ ពាក់​ព័​ន្ឋ​ទៅនឹង​សក្តានុពល ក៏ដូចជា​ដំណើរការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​ខេត្តសៀមរាប ដើម្បី​ប្រមូល​ជា​គំនិត​យោបល់​សម្រាប់​បង្ហាញ​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ដោយមាន​យុវជន​ចូលរួម​ចំនួន​៣៣០​នាក់ ។

​ក្នុងឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ បាន​ផ្តាំផ្ញើ​ដល់​នាវា​យុវជន​កម្ពុជា ពេល​ស្នាក់នៅ​និង​ចូលរួម​ក្នុង​វេទិកា​កម្មវិធី​នាវា​យុវជន​អាស៊ាន​និង​ជប៉ុន ត្រូវ​បង្ហាញ​ដល់​ពួកគេ នូវ​អរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ប្រពៃណី ទំនៀមទម្លាប់​រស់នៅរ​បស់​ប្រជាជន​កម្ពុជា ព្រមជាមួយ​ស្នាមញញឹម រួសរាយ រាក់ទាក់​ផងដែរ​។

​សូមបញ្ជាក់ថា ប្រតិភូ​នាវា​យុវជន​នាវា​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៥០​រូប នឹងចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អា​គ្នេ​យ៏ និង ជប៉ុន​លើក​ទី​៤៥ ឆ្នាំ​២០១៨ រយៈពេល​៥២​ថ្ងៃ ពីថ្ងៃ​ទី​២៣​ខែតុលា ដល់​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨ ដែល​នឹង​ជួបជុំគ្នា​នៅ​ទីក្រុង​តូ​ក្យូ រួច​បន្តដំណើរ​តាម​នាវា​ទេសចរណ៍​មួយគ្រឿង ដែលមាន​ឈ្មោះថា Nippon Maru ទៅកាន់​ប្រទេស​ព្រុយ​ណេ , ហ្វីលីពីន , ថៃ និង ប្រទេស​វៀតណាម មាន​គោលបំណង​សំខាន់ៗ របស់​កម្ម​វី​ធី​នេះ គឺ​ដើម្បី​ព​ង្រឹ​ក​ចំណង​សាមគ្គីភាព​រវាង​អាស៊ាន និង ជប៉ុន​តាមរយះ​យុវជន ដោយ​ផ្តោត​សំខាន់​ទៅលើ ការប្រជុំ​ពី​ភា​ក្សា ការសំដែង សិល្បៈ វប្បធម៌ និង ការធ្វើដំណើរ​។​

​ក្នុងអំឡុងពេល​ពេលធ្វើ​ដំណើរ​តាម​នាវា យុវជន​ទាំងអស់​នឹងត្រូវ​ចូលរួម​សកម្មភាព​មួយចំនួន​ដូចជា ការពិភាក្សា​ជា​ក្រុម​ជាមួយ​ប្រទេស​ទាំង​១១ ដោយ​លើកយក​ប្រធានបទ​ផ្សេងៗ ដើម្បី​យកមក​បង្ហាញ​យុវជន​ដទៃ មានការ​សម្ដែង​សិល្បៈ​របស់​ប្រទេស​នីមួយៗ និង សកម្ម​ភាពជា​ក្រុម​មួយចំនួនទៀត រួមទាំង​ទៅ​ទស្សនកិច្ច​នោះ​តាម​ស្ថាប័ន​មួយចំនួន​របស់​ប្រទេស​នោះ ក៏ដូចជា​ទទួលបាន​ប​ទ​ពិ សោធន៍​នៃ​ការ​ស្នាក់នៅ​ជាមួយ​គ្រួសារ​របស់​ប្រទេស​នោះ​ផ្ទាល់​ផងដែរ ។​

​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា (SSEAYP International Cambodia (SIC)) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ២០០៤ ដោយមាន​ការ​គំ​ទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​ជា​មជ្ឈមណ្ឌល​ទំនាក់ទំនង​របស់​កម្ម​វិធី​នេះ​ប្រចាំ​កម្ពុជា​ផង និង​មជ្ឈមណ្ឌល​ហ្វឹកហាត់​បណ្តុះបណ្តាល​ប្រតិភូ​យុវជន​មុនពេល​ចេញដំណើរ​ផង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ