ដាក់​ដំណើរការ​ភ្លើងស្តុប​ថ្មី​ចំនួន​៤​កន្លែង​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

816
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​សហ​ប្រ​ត្តិ​ការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន និង​កំពុង​តម្លើង​ភ្លើងស្តុប​ថ្មី​ចំនួន ១០០​ទីតាំង​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការ កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេលដែល​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការកកស្ទះ​ខ្លាំង ។ ជាមួយគ្នានេះ​ការបំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ក៏ត្រូវ​បាន​បំពាក់​ព្រម​គ្នា​ជាមួយ​ភ្លើងស្តុប​ថ្មី​នេះ​ផងដែរ​។​
​ជាក់ស្តែង​នៅ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​អោយ​ដំណើរការ​ភ្លើងស្តុប​ថ្មី ចំនួន ៤​កន្លែង​បន្ថែមទៀត ក្នុងនោះ​រួមមាន ទី​១-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​លេខ ៣១៥ និង​ផ្លូវ​លេខ ៥៦៦ ។ ២-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​លេខ ៣៥៥ និង​ផ្លូវ​លេខ ៥១៦​។ ៣-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​លេខ ៥៩៨ និង​ផ្លូវ​លេខ ១៩៨៦ និង​ទី​៤-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​លេខ ៤៧ និង​ផ្លូវ​លេខ ៨០ ។​
​ពាក់ព័ន្ធ​ការងារ​នេះ លោក​សាំ ពិសិដ្ឋ​ប្រធាន មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​ហើយ​ថា​៖ ការមិន​ទាន់​ដាក់​ដំណើរការ​ភ្លើងស្តុប​ព្រម​គ្នាៗ​នេះ គឺ​ពុំមាន​បញ្ហា​រាំងស្ទះ​អ្វី​នោះទេ ការដែល​ដាក់ឱ្យ​ដើរ​ជា​បន្តបន្ទាប់​នេះ ដោយសារ​ខាង​មន្ទីរ ត្រូវ​លាប​គំនូស​ថ្មី លុប​គំនូស ចាស់ រើ និង​រៀប​បេតុង​ទ្រូងផ្លូវ​ថ្មី និង​ទីតាំង​ខ្លះ ត្រូវ​ត​ខ្សែ​ភ្ជាប់​ចរន្ត រួម​នឹង​ការ​រើ​ស្តុ​ប​ចាស់ ផងដែរ​។​ទន្ទឹម​នៃ​ការដាក់ឱ្យ​ដំណើរការ​ភ្លើងស្តុប​ប្រភេទ​ថ្មី​នេះ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​គ្រោង​ផលិត​ស្ព​ត​ជា​វី​ឌី​អូ ដើម្បី​ពន្យល់​ពី​របៀប​ប្រើប្រាស់ ស្តុ​ប​ថ្មី​នាពេលខាងមុខ ដោយសារ​ភ្លើងស្តុប​ថ្មី​នេះ ទំនើប​មាន​លក្ខណៈពិសេស ខុសប្លែក ពី​ភ្លើងស្តុប​ចាស់ ។​
គួរ​បញ្ជាក់ថា​៖ ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA បាន​ជួយ​ជំនួយ​បង្គោល​ភ្លើងស្តុប​ថ្មី ដំបូង​ចំនួន ១០០ ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្គោល​ភ្លើងស្តុប​ចាស់ៗ ដែល​ត្រូវបាន​ដក​ចេញពី​កន្លែងចាស់​នោះ នឹង​យកទៅ​តម្លើង​នៅ​តំបន់​ក្រៅ​រាជធានី​វិញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម