នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គាំទ្រ​ការវិល​ត្រឡប់មកវិញ​របស់លោក​អាន់​វ៉ា​ក្នុងនាម​ជា​សមាជិកសភា

691
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​ថា លោក​គាំទ្រ​ចំណាត់ការ​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលជា​អ្នក​ស្នង​តំណែង​របស់លោក​ដើម្បី​ចូលរួម​ការបោះឆ្នោត​បំពេញ​កៅអី​ទំនេរ​ដើម្បី​ធ្វើជា​សមាជិកសភា​ហើយ​បាន​អះអាង​ឡើងវិញ​ថា​លោក​នឹង​រក្សា​ពាក្យសម្ដី​របស់លោក​ដើម្បី​ប្រគល់​អំណាច​ឱ្យទៅ​លោក​អាន់​វ៉ា​។​

​លោក​អាន់​វ៉ា និង លោក​មហា​ធៀ​បាន​ទុកចោល​មួយ​ឡែក​នូវ​ជម្លោះ​នយោបាយ​រយៈពេល ២០ ឆ្នាំ​របស់​ពួកគេ​ដើម្បី​ជួយ​បក្សសម្ព័ន្ធ​របស់​ពួកគេ​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែឧសភា​ដែលនាំឱ្យ​មានការ​ផ្លាស់ប្តូ​រ​អំណាច​ជា​លើកដំបូង​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ១៩៥៧​។​

​លោក​អាន់​វ៉ា ដែល​ត្រូវបាន​ផ្តន្ទាទោស​នៅ​ឆ្នាំ ២០១៥ លើ​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​ប្រុស​ដូចគ្នា​នោះ មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះទេ ប៉ុន្តែ​សម្ព័ន្ធភាព​ដែលមាន​៤​គណបក្ស​របស់​ពួកគេ​បាន​ឯកភាពគ្នា​ថា លោក​មហា​ធៀ​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​ហើយ​បន្ទាប់មក​នឹង​ប្រគល់​តំណែង​នេះ​ឱ្យទៅ​លោក​អាន់​វ៉ា​។ លោក​អាន់​វ៉ា អាយុ ៧០ ឆ្នាំ​ត្រូវបាន​ដោះលែង និង លើកលែងទោស​ដោយ​ព្រះមហាក្សត្រ​ភ្លាមៗ បន្ទាប់ពី​ការបោះឆ្នោត​។​

​លោក​អាន់​វ៉ា​គ្រោង​នឹង​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​បំពេញ​កៅអី​ទំនេរ​នៅក្នុង​ក្រុង​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​បន្ទាប់ពី​សមាជិកសភា​ម្នាក់​ពី​គណបក្ស​របស់លោក​បាន​លាលែង​ពី​តំណែង​កាលពីដើម​សប្តាហ៍​នេះ​ដើម្បី​បើកផ្លូវ​ឱ្យ​លោក​វិល​ត្រឡប់មកវិញ​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នឹង​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ដែល​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​២​ខែ​។​

​លោក​អាន់​វ៉ា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា “​អ្វីដែល​ខ្ញុំ​ដឹង​…​គឺថា​ភ្លាមៗ​បន្ទាប់ពី​ការលើកលែងទោស ខ្ញុំ​អាច​ចូលរួម​ប្រណាំងប្រជែង​បាន​”​។ លោក​បាន​និយាយថា “​ខ្ញុំ​បាន​រង់ចាំ​៤​ខែ​ហើយ​ខ្ញុំ​គិតថា​វា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ក្នុងការ​ចាប់ផ្តើម​ផ្សាភ្ជាប់​” ជាមួយ​សមាជិកសភា​និង​ផ្តោតលើ​កំណែទម្រង់​សភា​។​

​លោក​អាន់​វ៉ា​បាន​និយាយថា លោក​មហា​ធៀ “​នឹង​បន្ត​ដឹកនាំ​ប្រទេស​នេះ ខ្ញុំ​នឹង​ផ្តល់​ការគាំទ្រ​ពេញលេញ​”​។​

​លោក​មហា​ធៀ ដែលជា​មេដឹកនាំ​ជាប់ឆ្នោត​ចាស់​ជាងគេ​ក្នុង​លោក​អាយុ ៩៣ ឆ្នាំ​បាន​និយាយ​ដាច់ដោយឡែក​ថា វា​គឺជា​សិទ្ធិ​របស់លោក​អាន់​វ៉ា​ក្នុងការ​បោះឆ្នោត​។ គាត់​បាន​និយាយថា គាត់​នឹងមិន​ធ្វើ​យុទ្ធនាការ​ដោយផ្ទាល់​សម្រាប់​លោក​អាន់​វ៉ា​នោះទេ ប៉ុន្តែ “​ខ្ញុំ​នឹង​គាំទ្រ​បេក្ខភាព​របស់គាត់​”​។​

​ដោយ​សំដៅ​ទៅលើ​រយៈពេល​២​ឆ្នាំ​ដែល​គាត់​បាន​សន្យាថា​គាត់​ចាំបាច់​ត្រូវដាក់​ប្រទេស​ឱ្យមាន​សណ្តាប់ធ្នាប់ លោក​មហា​ធៀ​បាន​ថ្លែងថា “​ខ្ញុំ​មិន​ភ្លេច​ការសន្យា​របស់ខ្ញុំ (​ដើម្បី​ប្រគល់​អំណាច​នោះទេ​) ប៉ុន្តែ​នៅពេល​…​អ្វីៗ​មិនទាន់បាន​ដោះស្រាយ​។ ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ចាស់​ណាស់​ហើយ​។ ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ខ្ញុំ​នឹងមាន​អាយុ ៩៥ ឆ្នាំ​”​។​

​គាត់​បាន​និយាយថា​ទំនាក់ទំនង​របស់គាត់​ជាមួយ​អាន់​វ៉ា “​គឺ​ល្អ ល្អ​ណាស់​”​។​

​អ្នក​រិះគន់​មួយចំនួន​បាន​និយាយថា វា​ជា​រឿង​ខុសឆ្គង​ដែល​សមាជិកសភា​ម្នាក់​ត្រូវ​លាលែង​ពី​តំណែង​ដើម្បី​បើកផ្លូវ​សម្រាប់​អាន់​វ៉ា​៕ ដោយ៖ កញ្ញាដាលីស

លោក អាន់​វ៉ា អ៊ីប្រាហ៊ីម

ទីតាំងផ្សាយពាណិជ្ជកម្ម