ឯម ឡេង​លី ប្រកាសឡើង​សង្វៀន​ជាមួយ ឃុន ក្រុង​ថេប​

1611
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ​ប្រកាសថា គេ​នឹង​ខិតខំ​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឃុន ក្រុង​ថេប (Khun Krongthep) ឲ្យ​ទាល់តែ​បាន​នៅក្នុង​ការប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​១៦​កញ្ញា​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា មួយរយៈ​នេះ ឃុន ក្រុង​ថេប បាន​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​បាន​ស្ទើរតែ​គ្រប់ការ​ប្រកួត​តែម្ដង ដោយសារតែ​គេ​ពូកែ​ខាង​ប្រើ​កែង​គំរាម​។ ពេលនេះ ឯម ឡេង​លី បាន​សុំ​សាក​ថ្វីដៃ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​រូបនេះ ដើម្បី​ឲ្យ​ដឹងថា​តើ​រូបគេ​មាន​សមត្ថភាព​ផ្ដួល​ក្រុង​ថេប​ឬទេ​?

​ឡេង លី​មាន ប្រវត្តិ​ប្រកួត​ចំនួន​៤០​ដង ឈ្នះ​៣១​ដង ចាញ់​៨​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ នេះ​ជា​កំណត់ត្រា​មួយ ដែល​បង្ហាញថា​ឡេង​លី​មិន​ខ្សោយ​ឡើយ​។ ចំពោះ ឃុន ក្រុង​ថេប វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​ដង ឈ្នះ​៦៩​ដង និង​ចាញ់​១៨​ដង​។ នរណា​នឹង​ឈ្នះ​ក្នុង​ការប្រកួត​នេះ​?

​វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហា ឆ្លាម (Ha Chhlam) ដែល​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​សុភ័ក្ត្រ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វ៉ៃ​ល្អ នៅពេល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​គេ​វ៉ៃ​ល្អ​ណាស់ តែ​ពេល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គេ​ហាក់ដូចជា​វ៉ៃ​ចេញ​មិន​រួច​ទៅវិញ​។ តាមពិត សុភ័ក្ត្រ គេ​មាន​ផ្លែ​ល្អ​គ្រប់​ទាំងអស់ គឺ​ទាំង​ជង្គង់ កែង ទាត់ និង​កណ្ដាប់ដៃ​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង ឈ្នះ​៦៩​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ១​ដង​។​

​ហា ឆ្លាម ទោះបី​គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ បាន​មួយ​លើក​រួចទៅហើយ​ក៏ដោយ តែ​នេះ​ជា​លើក​ទី​១​ហើយ ដែល​គេ​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៨​ដង ឈ្នះ​៥១​ដង និង​ចាញ់​៧​ដង​។ សុភ័ក្ត្រ អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ប្រកួត​ជាមួយ ចេង គា ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម