បទល្មើស​ព្រៃឈើ​កម្រើក​ឡើងវិញ​ចេញពី​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន​

1107
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ប្រភពពី​មន្ត្រី​ខេត្តកំពង់ធំ​រាយការណ៍​ថ្មីៗ​នេះ​ថា​ឈ្មួញ​រកស៊ី​ដឹកឈើ​កំពុង​បង្កើន​សកម្មភាព​ដឹកឈើ​មូល​និង​ឈើ​ច្រៀក​អារ​ជា​ចំរៀកៗ​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​ដូច​ហែរ​បុណ្យ​កថិន​។​

​បើតាម​សេចក្តីរាយការណ៍​ដដែល​បាន​អះអាងថា​ឈើ​ដែល​ដឹក​តាម​គោយន្ត​កន្ត្រៃ​រថយន្ត​កូរ៉េ​ត​ទ្រុង​គឺ​ចេញ​មកពី​ប្រភព​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន​​សុទ្ធតែជា​ប្រភេទ​ឈើ​ផ្តៀក​,​តាសេក​ធ្លក​ឈើទាល​និង​ត្រាច​។​ល​។​ឈ្មួញ​ដឹកជញ្ជូន​កាត់​តាម​ភូមិសាស្ត្រ​ដី​ស្រុក​សណ្តាន់​។​គាត់​បាន​ប្រាប់​(​ឈ្មួញ​)​មុននឹង​ដឹក​ឆ្លងកាត់​ប៉ុស្តិ៍​មេព្រៃ​ប្រចាំ​ស្រុក​សណ្តាន់​។​គឺ​ត្រូវ​ទូរ​សព្ទ័​ប្រាប់​លោក​មេព្រៃ​រូបនេះ​ជាមុន​។​​

ក្នុង​ឈើ​មួយ​គោយន្ត​កន្ត្រៃ​ត្រូវ​បង់លុយ​ឱ្យ​មេព្រៃ​រូបនេះ​៥​ម៉ឺន​រៀល​។​ឱ្យតែ​ឡាន​និង​គោយន្ត​ដឹកឈើ​គឺ​ត្រូវ​បង់លុយ​ឱ្យ​មេព្រៃ​រូបនេះ​ទាំងអស់​។​ព្រោះ​ប៉ុស្តិ៍​មេព្រៃ​នេះ​ប្រចាំការ​២៤​ម៉ោង​។​ឈើ​ទាំងនេះ​ដឹក​យកមក​ដាក់​នៅ​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​រួច​ដឹកជញ្ជូន​បន្ត​មក​ភ្នំពេញ​។​

​អតីតមន្ត្រី​បរិស្ថាន​នៅ​ខេត្តកំពង់ធំ​ម្នាក់​បាន​បង្ហើប​ថា​១០​ឆ្នាំ​ចុង​ក្រោយនេះ​ព្រៃឈើ​ត្រូវ​បាត់បង់​អស់​យ៉ាងសម្បើម​។​ដោយសារតែ​ការឃុបឃិត​គ្នា​រវាង​សមត្ថកិច្ច​មេព្រៃ​និង​ឈ្មួញ​បើកដៃ​អោយ​បំផ្លាញ​ព្រៃឈើ​ស្របច្បាប់​បែប​ហ្នឹង​ជា​រៀងរាប់​ឆ្នាំ​មកទល់​សព្វថ្ងៃនេះ​។​

​លោក​សៅ​វ​ណ្ណី​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សណ្តាន់​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថា​គាត់​មិនដែល​ធ្វើបាប​ប្រជាជន​តូចតាច​ពី​រឿង​ដឹកឈើ​បន្តិចបន្តួច​នោះទេ​។​អ្នក​រិៈ​គន់​ដែល​បានឃើញ​ជាក់ស្តែង​នូវ​សកម្មភាព​ដឹកឈើ​តាមផ្លូវ​ថា​មេព្រៃ​បង្ក្រាប​ចាប់​ឈើ​បានតែ​អ្នកក្រីក្រ​តូចតាច​ប៉ុណ្ណោះ ។​ឯ​ខ្លាស៊ីគោ មេព្រៃ​មេព្រៃ​មើលមិនឃើញ​ទេ​។​រឿង​បទល្មើស​ព្រៃឈើ​នេះ​តាម​អ្នក​អភិរក្សនិយម​បាន​លើកឡើងថា​មិនមែន​មានតែ​ខេត្តកំពង់ធំ​នេះ​ទេ​។​ទីណា​មាន​ព្រៃឈើ​ទីនោះ​តែង​កើតមាន​ការបំផ្លាញ​ជានិច្ចកាល ៕S/​សរន

​បទល្មើស​ព្រៃឈើ​កំរើក​ឡើងវិញ​ចេញពី​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម