អាមេរិក​ស្នើឱ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​របស់​អង្គការសហប្រជាជាតិ​អំពី​ការពង្រឹង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

904
ចែករម្លែក

សហរដ្ឋអាមេរិកបានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃចន្ទទី១៧កញ្ញាដើម្បីឆ្លើយតបនឹងអ្វីដែលខ្លួននិយាយថាគឺជាការខំប្រឹងប្រែងរបស់បណ្តាប្រទេសមួយចំនួនដើម្បីធ្វើឱ្យចុះខ្សោយនិងរាំងស្ទះការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។

ក្រុមបេសកកម្មការទូតអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា កិច្ចប្រជុំនេះនឹង “ពិភាក្សាអំពីការអនុវត្តនិងការពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង” ។

ក្រុមបេសកកម្មការទូតអាមេរិកនេះ មិនបាននិយាយចំឈ្មោះប្រទេសណាខ្លះដែលបង្កការរាំងស្ទះ ដល់ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងនោះទេ ប៉ុន្តែ លោកស្រី នីកគី ហាលី (Nikki Haley)ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់រុស្ស៊ីថាបានដាក់សម្ពាធលើក្រុមជំនាញឯករាជ្យ ឱ្យផ្លាស់ប្តូររបាយការណ៍ស្តីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលរួមបញ្ចូលទាំងការចោទប្រកាន់ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី ” ។

លោកស្រី នីកគី ហាលី បាននិយាយថា ក្រុមជំនាញនេះគួរចេញផ្សាយរបាយការណ៍ដើមដែលបានលើកឡើងអំពីការកើនឡើងនៃការផ្ទេរផលិតផលប្រេងខុសច្បាប់ពីនាវាមួយទៅនាវាមួយទៅឱ្យកូរ៉េខាងជើង ដែលជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ក្រុមជំនាញនេះបាននិយាយថាផលិតផលមួយចំនួនត្រូវបានគេផ្ទេរចេញពីនាវារុស្ស៊ីជាច្រើនដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍នេះ។

សេចក្តីរាយការណ៍សង្ខេបរបស់ក្រុមអ្នកជំនាញដែលបានទទួលកាលពីដើមខែសីហាដោយសារព័ត៌មាន The Associated Press ក៏បាននិយាយផងដែរ ថា កូរ៉េខាងជើងមិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនទេ ។ សេចក្តីរាយការណ៍នេះ បាននិយាយថា កូរ៉េខាងជើងកំពុងរំលោភទណ្ឌកម្មដោយ ការផ្ទេរធ្យូងថ្មនៅសមុទ្រនិងរំលោភលើទណ្ឌកម្មអាវុធនិងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ៕ដោយ៖សុខា/sn

រដ្ឋមន្ត្រីការបទេសអាមេរិក លោក ម៉ៃ ផមផេវ និង លោកស្រី នីកគី ហាលីនិយាយទៅកាន់ក្រុមអ្នកកាសែត នៅទីស្នាក់ការធំរបស់អង្គការសហប្រជាតិកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨