បុគ្គលិក និង​អតិថិជន​របស់​វី​ង​ចូលរួម​ទិវា​សម្អាត​ពិភពលោក​

1033
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ចូលរួម​ជាមួយ​អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា បុគ្គលិក​និង​អតិថិជន​របស់​ធនាគា​រ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​បាន​ចូលរួម​ស្ម័គ្រចិត្ត​ធ្វើ​សកម្មភាព​សម្អាត​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ និង​ការ​ប្រារព្ធ​ខួប​១០​ឆ្នាំ ដែល​ធនាគារ​នេះ​បានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

បុគ្គលិក និង​អតិថិជន​របស់​វី​ង​ចូលរួម​សម្អាត​សម្រាម​ពី​ស្ពាន​ព្រះមុនីវង្ស​ដល់​វត្ត​និរោធ រាជធានី​ភ្នំពេញ​(​រូប សុផល​)

​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុម​ចលនា​ស្ម័គ្រចិត្ត​ GoGreen Cambodia សកម្មភាព​សម្អាត​បរិ​ស្ថាន​នេះ​គឺជា​សកម្មភាព​ក្នុងចំនោម​សកម្មភាព​រាប់ពាន់ ដែល​ប្រព្រឹត្តឡើង​ក្នុង​ទិវា​សម្អាត​ពិភពលោក​ឆ្នាំ​២០១៨ ដែលមាន​ការចូលរួម​ពី​ប្រជាជន​មកពី​ជាង​១៥០​ប្រទេស​។ គោលបំណង​នៃ​ទិវា​សម្អាត​ពិភពលោក​នៅ​កម្ពុជា​(WCD) គឺ​ដើម្បី​លុបបំបាត់ចោល​នូវ​សំរាម​នៅតាម​ដងផ្លូវ អប់រំ​ប្រជាពលរដ្ឋ​អំពី​វិធីសាស្ត្រ​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​កាកសំណល់ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការលើកទឹកចិត្ត​ពាក់ព័ន្ធ​នឹង​វប្បធម៌​នៃ​ភាព​មាន​អនាម័យ​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ទូទាំងប្រទេស តាមរយៈ​ការសម្អាត​កាកសំណល់​នៅតាម​ដងផ្លូវ​នៅតាម​សង្កាត់ ក្រុង និង​ផ្លូវជាតិ​សំខាន់ៗ​រួមមាន​ផ្លូវជាតិ​លេខ ១, ២, ៣ ,៤, ៥ និង​ផ្លូវជាតិ​លេខ ៦​។

​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឈរលើ​ពាក្យស្លោក “​ធ្វើការ​រួមគ្នា​ដើម្បី​កម្ពុជា​” បុគ្គលិក​និង​អតិថិជន​របស់​វី​ង​ប្រមាណ ២០០​នាក់​បាន​ចូលរួម​ដោយ​ធ្វើ​ការដើរ​ប្រមូល​សំរាម​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ដោយ​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស រហូតដល់​វត្ត​និរោធ​ន៍​។ នៅ​ថ្ងៃ​ដដែល​នោះ ភ្នាក់ងារ​វី​ង​ជាង ៥​ពាន់ នាក់​នៅ​ទូទាំងប្រទេស ក៏​នឹងចូលរួម​ក្នុង​ចលនា​សម្អាត​អនាម័យ​ជា​សកល​នេះ​ផងដែរ​ដោយ​ធ្វើការ​សម្អាត​បរិស្ថាន​ជុំវិញ​ភ្នាក់ងារ​របស់​ពួកគេ ឲ្យ​បាន​ស្អាត​តាម​ដែល​អាច​ធ្វើបាន​។​

​អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​និង​ភ្នាក់ងារ​វី​ង ដែល​បាន​ចូលរួម​ចំនាយ​ពេលវេលា​ដ៏​មានតម្លៃ​នៅ​ចុង​សប្តាហ៍​នេះ ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​សម្អាត​បរិស្ថាន​នេះ​ប ន្ថែ​ម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ពួកគាត់​ធ្វើជា​រៀងរាល់ថ្ងៃ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ​សេវា​ធនាគារ​ចល័ត​របស់​វី​ង​។​


​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្ថែមថា “​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ពី​បុគ្គលិក និង​ភ្នាក់ងារ​របស់​យើង ជាពិសេស​ប្រជាជន​កម្ពុជា ដែល​ចូលរួម​ជាមួយ​វី​ង ក្នុងការ​ធ្វើឱ្យ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​មួយ​នេះ កើតមានឡើង​។ ខណៈពេលដែល​វី​ង​បាន​ឈានដល់​គម្រប់​ខួប​១០​ឆ្នាំ របស់ខ្លួន យើង​នឹង​ផ្តល់​ជូនទៅ​ឲ្យ​សង្គម​កម្ពុជា តាមរយៈ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​។ ហេតុដូច្នេះ សូម​រង់ចាំ​ទស្សនា​ព័ត៌មាន​បន្ត​បន្ទាប់ពី​ធនាគារ​ឯកទេស​វី​ង ក្នុងពេល​ឆាប់ៗ​នេះ​” ។

​លោក Grace Smith សហ​ស្ថាបនិក​របស់ GoGreen Cambodia បាន​មានប្រសាសន៍ថា “​គោលបំណង​របស់​យើង​គឺ​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា​យកចិត្តទុកដាក់​លើ​បរិស្ថាន​ដែល​ពួកគេ​រស់នៅ ព្រោះ​បរិស្ថាន​នេះ​អាចមាន​ផលប៉ះពាល់​ផ្ទាល់​លើ​សុខភាព​និង​សមត្ថភាព​របស់​ពួកគេ​។ ការចូលរួម​សម្អាត​បរិស្ថាន គឺជា​រឿង​មួយ​ដែល​ងាយស្រួល​បំផុត ហើយ​ថែមទាំង​ជួយ​លោកអ្នក​ឲ្យ​ឈាន​ជើង​មួយ​ជំហាន​ទៀត​ដើម្បី​បង្កើន​នូវ​វប្បធម៌ នៃ​ការចូលរួម​ថែរក្សា និង​ការពារ​ធម្មជាតិ​រួមគ្នា​សម្រាប់​ពេលនេះ​និង​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​”​។​

​លោក ស៊ា​ង សិរី បុគ្គលិក​ធនាគារ​ឯក​ទេស​វី​ង​ម្នាក់​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការងារ​ដែល​ជួយ​ឲ្យ​ទីក្រុង និង​ប្រទេស​របស់​យើង​មាន​បរិស្ថាន​ស្រស់ស្អាត​។ យើង​បានដឹង​រួចមកហើយ​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​របស់​កាកសំណល់​ផ្លា​ស្ទិ​ក​។ ហេតុដូច្នេះ ខ្ញុំ​សង្ឃឹមថា ការចូលរួម​របស់ខ្ញុំ​នឹង​ជួយ​ដោះស្រាយ​មួយផ្នែក​នូវ​បញ្ហា​បរិស្ថាន ដែល​យើង​កំពុង​ជួបប្រទះ​សព្វថ្ងៃ​”​។​

​ទិវា​សម្អាត​ពិភពលោក គឺជា​លទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​ដោយ​ស្ម័គ្រចិត្ត​ដ៏​ធំ ដែល​ហៅថា​Let’s Do It! ដែល​បានចាប់ផ្តើម​នៅ​ប្រទេស​អេ​ស្តូ​នី​ក្នុង​ឆ្នាំ ២០០៨ នៅពេលដែល​អ្នកស្ម័គ្រចិត្ត​ចំនួន​៥០.០០០ នាក់ (​ស្មើនឹង​៤% នៃ​ចំនួន​ប្រជាជន​សរុប​) បាន​ចូលរួម​សម្អាត​កាកសំណល់​ខុសច្បាប់​បាន​ចំនួន ១0.000 តោន​ក្នុង​រយៈពេល​ត្រឹមតែ ៥ ម៉ោង​ប៉ុណ្ណោះ​។ មន្ត្រី​ប្រចាំ​ប្រទេស​នេះ បាន​ប៉ាន់ប្រមាណ​ថា​គំនិត​ផ្តួចផ្តើម​នេះ បាន​ចូលរួម​សន្សំ​ថវិកា​របស់​រាជរដ្ឋាភិបាល​រយៈពេល ៣ ឆ្នាំ​ដែល​ស្មើនឹង​ទឹកប្រាក់​២២.៥ លាន​អឺរ៉ូ​។ ចាប់តាំងពី​ពេលនោះ​មក សកម្មភាព​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ពិភពលោក​។ ទិវា​សម្អាត​ពិភពលោក​នៅ​កម្ពុជា ត្រូវបាន​សម្របសម្រួល​ដោយ Let’s Do It! Cambodia និង GoGreen Cambodia កម្ពុជា ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ឆ្នាំ​២០១៧ មាន​សំរាម​ប្រមាណ ១.៤២ លាន​តោន​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ស្រប​ពេលដែល​ចំនួន​ប្រជាជន​នៅតែ​បន្ត​កើនឡើង​។ យោងតាម​ក្រសួងបរិស្ថាន ជិត​៦០% នៃ​កាកសំណល់​សំរាម​មិន​ត្រូវបាន​គ្រប់គ្រង​បាន​ត្រឹមត្រូវ ហើយ​ក្នុងនោះដែរ កាកសំណល់​ប្រភេទ​ប្លា​ស្ទិ​ក ប្រមាណ ១៥.៧៤% ត្រូវបាន​គេ​ចាក់ចោល​នៅតាម​ទីវាល ឬ​ប្រព័ន្ធ​បង្ហូរទឹក​នានា (​ភ្នំពេញ​ប៉ុស្តិ៍ ២០១៧)៕

ទីតាំងផ្សាយពាណិជ្ជកម្ម