លូ​ម លេង ស្ពាយ​លុយ ២០​លាន​រៀល ពី​ស្រុក​ខ្មែរ​ទៅ​ស្រុកថៃ​

1243
ចែករម្លែក
ទិដ្ឋភាព​ប្រកួត​ប្រចាំ​សប្ដាហ៍ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​: នេះ​ជា​អ្នក​ប្រដាល់​បរទេស​ទី​២​ហើយ ដែល​ឈ្នះ​ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ដោយ​ស្ពាយ​ខ្សែក្រវាត់ និង​លុយ​២០.០០០.០០០​រៀល ប្រហាក់ប្រហែល​នឹង ៥.០០០​ដុល្លារ ពី​ស្រុក​ខ្មែរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ​។​

​រជ្ជកាល​មុន​អ្នក​ប្រដាល់​ឡាវ ថាវ អ៊ូ​ឡាន (Thav Oulan) បានឈ្នះ​អ្នក​ប្រដាល់​កម្ពុជា ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ដ​កីឡា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ សម្រាប់​រជ្ជកាល​នេះ អ្នក​ប្រដាល់​កម្ពុជា​បាន​ខ្ទាត​ចេញពី​ការប្រកួត នៅត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ការប្រកួត​ផ្ដាច់ព្រ័ត្រ នា​ល្ងាច​ថ្ងៃទី​២៩​កក្កដា គឺជា​ជំនួប​រវាង​អ្នក​ប្រដាល់​ថៃ ជាមួយ​អ្នក​ប្រដាល់​ថៃ​។ អ្នក​ប្រដាល់​ថៃ​លូ​ម លេង (Loom Leng) បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​របស់ខ្លួន ផ្លា​យ ណ​យ (Phlay Noy) ដោយ​ពិន្ទុ​ទាំង​ឯកច្ឆន្ទ​៥​ទល់​០​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ គឺមាន​ស្ថាន​ភាពមិន​លើសខ្វះ​គ្នា​ទេ តែ​នៅ​ទឹក​ទី​២ ផ្លា​យ ណ​យ ភ្លាត់ស្នៀត​ត្រូវ លូ​ម លេង វាយ​មួយ​ដៃ​ចំ​កណ្ដាល​មុខ បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​។ ទោះបី ផ្លា​យ ណ​យ បន្ត​ការប្រកួត​បាន​ទៀត​ក៏ពិតមែន តែ​គេ​ចាញ់​គូប្រកួត​របស់ខ្លួន ដោយ​ត្រូវគេ​វ៉ៃ​រាប់​៨​នេះឯង​។​

​ចំពោះ​គូប្រកួត​អម​នោះ អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ត្រូវ​អ្នក​ប្រដាល់​ថៃ យ៉​ត ភី​ត (Yorth Phit) ទាត់​មួយ​ជើង​ចំ​កញ្ចឹងក បណ្ដាល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​

+​អ្នក​ប្រដាល់​ជើងចាស់​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​
​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នាយ​ប់ង​ថ្ងៃទី​២៩​កក្កដា អ្នក​ប្រដាល់​ជើង​ខ្លាំង មាស សុជាតិ ក្លិប​ប៉ោយប៉ែត​កីឡា ដែល​កន្លងមក​ឈ្នះ​ជាង​១០​ប្រកួត​ជាប់ៗ​គ្នា​នោះ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា នៅ​ទឹក​ទី​១ ដោយសារតែ​ផ្លា​ត់​សន្លាក់ដៃ​ឆ្វេង​។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​ក្រសួងការពារជាតិ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ​ដាច់​តែម្ដង​។ ជាមួយនឹង​ការបរាជ័យ​នេះ សុវណ្ណ ក៏ត្រូវ​សំបូរ​វាយ​ឲ្យ​មាន​របួស​ទៀតផង​។​

+​មាស សុជាតិ ដណ្ដើមបាន​ប្រាក់​១.០០០​ដុល្លារ លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​
​ការប្រកួត​ដណ្ដើម​ប្រាក់​លាន​ប្រចាំខែ​លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២៩​កក្កដា ដែល​ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​ហ្គេ​ន​ស្ប៊ើ​ក​នោះ អ្នក​ប្រដាល់ មាស សុជាតិ ក្លិប​ក្រុង​ប៉ោយប៉ែត បាន​ប្រើពេល​តែ ២​ទឹក​ប៉ុណ្ណោះ ផ្ដួល​អ្នក​ប្រដាល់ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ឲ្យ​សន្លប់​។​

​នៅ​ទឹក​ទី​១ វាសនា ហាក់ដូចជា​មានប្រៀប តែ​មកដល់​ទឹក​ទី​២ វាសនា ទំនងជា​ចង់​ផ្ដួល​សុជាតិ ឲ្យ​បាន​រហ័ស​នោះ គេ​ក៏​បញ្ចេញ​កណ្ដាប់ដៃ​មួយ​សំដៅ សុជាតិ តែ​សុជាតិ​គេចផុត​ក៏​បញ្ជូន​មួយ​កែង​សង​វិញ ចំ​គោលដៅ​បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​វាសនា​សន្លប់​ក្រោក​លែងរួច​តែម្ដង​។​

​ចំពោះ​គូប្រកួត​អម​នោះ ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែរនោះ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ណ​យ (Pha Yaknoy) ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា ៥​ទឹក ពេញ​មក​នោះ​។​

+ មឿ​ន សុខ​ហ៊ុ​ច បាន​រង្វាន់​១.០០០.០០០​រៀល ពី​អា​ឡិច​ហ្ស​ង់​
​លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​របស់​អាស៊ីអាគ្នេយ៍​នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ទទួលបាន​ប្រាក់រង្វាន់​បន្ថែម​លើ​តម្លៃ​ពលកម្ម​ប្រកួត​របស់ខ្លួន ដោយសារតែ​គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ឃុន ក្រុង​ថេ​ផ (Khun Krongthep) ឲ្យ​ខូច​ជើង​ប្រកួត​លែងកើត​នៅ​ទឹក​ទី​២​។​

​តាម​លក្ខ​ខ័​ណ្ឌ​អ្នក​ប្រដាល់​កម្ពុជា​រូប​ណា ដែល​ផ្ដួ​ក​អ្នក​ប្រដាល់​បរទេស​បាន​ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣​នោះ នឹង​ត្រូវបាន​រង្វាន់ ១.០០០.០០០​រៀល ។ សុខ​ហ៊ុ​ច ប្រើពេល​តែ ២​ទឹក​ប៉ុណ្ណោះ ក៏​ធ្វើបាន​សម្រេច​៕ ដោយ​៖ រ៉ូ​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម