សំណុំរឿង​ក្បត់ជាតិ​!​លោក​កឹម​សុខា​និង​មេធាវី​មិន​ចូល​សវនាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​១៧​កញ្ញា​ទេ​

1002
ចែករម្លែក
  • 70
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​មេធាវី​ការពារ​ទាំង​៤​រូប មិន​ចូលខ្លួន​ទៅក្នុង​សវនាការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​តាម​ការកោះអញ្ជើញ​រប​ស់អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​នោះទេ​។ ការមិន​ចូល​សវនាការ​នេះ​ដោយ​មេធាវី​អះអាងថា​បាន​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យារ​ឃុំខ្លួន​លោក​កឹម សុខា ហើយ​។​

​លោកស្រី ម៉េង សុភា​រី មេធាវី​លោក​កឹម សុខា បាន​ថ្លែង​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨​ថា នៅក្នុង​ការពិភាក្សា​ដេញដោល​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​១៧ ខែកញ្ញា គឺ​លោក​កឹម​សុខា​និង​មេធាវី​ការពារ​អត់​ចូលរួម​ទេពី​ព្រោះ​មេធាវី​បាន​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យារ​ឃុំខ្លួន​លោក​កឹម សុខា ហើយ​។

លោកស្រី​បានបញ្ជាក់​យ​យ៉ាង​ដូច្នេះ​ថា “​លោក​កឹម សុខា អត់​ចូល​ទេ មេធាវី​ក៏​អត់​ចូល​ដែរ ពីព្រោះ​អីយើ​ង​បាន​ដក​ពាក្យបណ្តឹង​ហើយ​។ ដូច្នេះ​អត់​មានអី​ត្រូវ​ចូល​ទេ ពួក​ខ្ញុំ​អត់​ចូល​ដែរ​”​។​

​ចំណែក​លោក​ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​បញ្ជាក់ថា សាលាឧទ្ធរណ៍​នឹង​សវ​នា​ជំនុំជម្រះ​លើ​សំណុំរឿង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ករណី​ឃុបឃិត​ជាមួយ​បរទេស​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​កា​រប​បោះឆ្នោត នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​គ្មាន​ការលើក​ពេល ឬ​លុបចោល​នោះទេ បើទោះបីជា​មេធាវី​ដក​ពាក្យបណ្តឹង​ក៏ដោយ​។

​លោក​ទូច ថា​រិ​ទ្ធិ បាន​បញ្ជាក់ថា តាម​នីតិវិធី​នៅ​ថ្ងៃទី​១៧ ខែកញ្ញា សាលាឧទ្ធរណ៍​នៅតែ​សវ​នា​ជំនុំជម្រះ​លើ​សំណុំរឿង​លោក​កឹម សុខា នៅ​ដដែល ដើម្បី​ចេញ​ដីកា​សម្រេច​ទៅលើ​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ឲ្យ​លោក​កឹម សុខា​។ ការបើក​សវនាការ​នេះ គឺ​វា​ពាក់ព័ន្ធ​ទៅ​និង​បណ្តឹងអាជ្ញា ទោះបីជា​ក្រុម​មេធាវី​លោក​កឹម សុខា ដក​ពាក្យបណ្តឹង​ក៏ដោយ ប៉ុន្តែ​នីតិវិធី​ទាញហេតុផល​ហើយ សាលាឧទ្ធរណ៍​ចេញ​ជា​ដីកា​សម្រេច​។​

​ជាមួយគ្នានេះ លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាន​ចាត់​ឱ្យ​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា មកកាន់​សាលាឧទ្ធរណ៍​នៅពេល​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល​។ នេះ​បើ​យោងតាម​លិខិត​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ក្រុម​មេធាវី​ការពារ​លោក​កឹម សុខា កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ បានដាក់​ពាក្យស្នើសុំ​ដក​ពាក្យ​បណ្តឹងឧទ្ធរណ៍​លើដី​កាស​ម្រេច​ពន្យារ​ឃុំខ្លួន​លោក​កឹម សុខា ទៅ​សាលាឧទ្ធរណ៍​។ ​ការដក​ពាក្យ​នេះ គឺ​បន្ទាប់ពី​កូនក្តី​ខ្លួន​លោក​កឹម សុខា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​ផែង ហេង មេធាវី​ការពារ​លោក​កឹម សុខា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ការដក​ពាក្យបណ្តឹង​នេះ គឺ​បានដាក់​ទៅ​សាលាឧទ្ធរណ៍​រួចហើយ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា​។ ​លោក​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​មេធាវី​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ឧទ្ធរណ៍​ទៅនឹង​ដីកា​ពន្យា​ពេល​ឃុំខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។

ដោយ​សារ​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កែប្រែ​សេចក្តីសម្រេច​របស់គាត់ បានចេញ​ដីកា​សម្រេច​ឲ្យ​លោក​កឹម សុខា នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ចំពោះ​ការបើក​សវនាការ​រប​ស់ស​សាលាឧទ្ធរណ៍​នី​ថ្ងៃទី​១៧ ខែកញ្ញា ខាងមុខនេះ វា​មាន​ភាពមិនច្បាស់លាស់​មួយ ហើយ​ក្រុម​មេធាវី​ការ​បាន​ជំនុំ​គ្នា​ជាមួយ​កូនក្តី (​លោក​កឹម សុខា​) សម្រេច​ដក​ដាក់​បណ្តឹង​ឧទ្ធរណ៍​នឹង​ចេញ​វិញ​។

លោក​បាន​បញ្ជាក់ថា “​ទាក់ទង​សវនាការ​ថ្ងៃទី​១៧ កញ្ញា បើកាលណា​ដើមបណ្តឹង​ដក មានន័យថា គេ​ចំណាយ​រឿង​នឹង​ចេញ​ហើយ លែង​ទុក​នៅក្នុង​សំណុំ​ឧទ្ធរណ៍​ទៀតហើយ​។ ហើយ​ធម្មតា​យើង​ដក​បណ្តឹងឧទ្ធរណ៍​ហើយ​យើង​អត់​ទៅទៀត​ទេ (​អត់​ទៅ​ចូលរួម​សវនាការ​ថ្ងៃទី​១៧ កញ្ញា​)”​។​

គួរ​បញ្ជាក់ថា លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​ដីកា​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ អោយ​ដោះលែង​លោក​កឹម សុខា អាយុ​៦៤​ឆ្នាំ​ត្រូវបាន​តំណាង​អយ្យការ​ដាក់អោយ​ស​ស្ថិត​ការពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ប្រព្រឹត្ត​នៅ​កម្ពុជា និង​កន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បទ​ល្ម​ស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​អោយ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​ចាប់ខ្លួន នៅ​គេ​ហេ​ដ្ឋា​ន​របស់លោក​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ រាជរដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ការចាប់ខ្លួន​នេះ គឺ​ក្នុង​បទល្មើស​ជាក់ស្តែង ពោលគឺ​ចោទ​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​៕S/SRN

លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (​រូប​ថ​តៈ ឯកសារ​)

​លោកស្រី ម៉េង សុភា​រី មេធាវី​លោក​កឹម សុខា​

ទីតាំងផ្សាយពាណិជ្ជកម្ម