រឿងអាស្រូវ​មូលនិធិ 1MDB៖ ការចំណាយ​ខ្ជះខ្ជាយ​របស់លោក ចូ ឡូ​វ ក៏​ពាក់ព័ន្ធ​ជាមួយ​នាង ប្រ៊ី​ត​នី ស្ពៀ តារាចម្រៀង​សាយ និង នាង អា​លី​ស្យា ឃី ដែរ​

858
ចែករម្លែក

​សម្រាប់​ការ​ប្រារព្ធ​ខួបកំណើត​គម្រប់ ៣១ ឆ្នាំ​របស់លោក ចូ ឡូ​វ (Jho Low) កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១២ គាត់​បាន​ជះ​លុយ​រាប់លាន​ដុល្លារ​ដើម្បីឱ្យ​នាង ប្រ៊ី​ត​នី ស្ពៀ បង្ហាញ​នំ​ខួបកំណើត​ក្លែងក្លាយ​សម្រាប់​តារាចម្រៀង​សាយ (Psy) របស់​កូរ៉េខាងត្បូង​ដើម្បី​ធ្វើ​កម្មវិធី​កម្សាន្ត​ផ្សាយ​ផ្ទាល់​មួយ និង​ដើម្បីឱ្យ​ស្វាមី​របស់​នាង អា​លី​ស្យា ឃី (Alicia Keys) រៀបចំ​ធ្វើ​ពិធី​ផ្សេងៗ​ជាច្រើន​។​

​នេះ​គឺជា​ផ្នែក​មួយ​នៃ​សៀវភៅ “Billion Dollar Whale” (​ត្រី​បា​ឡែ​ន​លុយ​ពាន់​លាន​) ដែល​ត្រូវបាន​ចែករំលែក​ដោយ​ទីប្រឹក្សា​របស់​បក្ស DAP (​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​) លោក លីម គីត ស៊័​ង (Lim Kit Siang) នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​ទីក្រុង​ថេ​លុក​អ៊ី​ន​តាន់ រដ្ឋ​ប៉េ​រ៉ា​ក់ កាលពី​ថ្ងៃទី ១៥ ខែកញ្ញា​។

​លោក​លីម​បាន​ដកស្រង់​ពី​សៀវភៅ​នេះ​ដែល​និយាយ​អំពី​របៀប​ដែល​លោក​ឡូ​វ​បានរៀបចំ​ពិធី​ខួបកំណើត​ដ៏​ធំ​ខ្ជះខ្ជាយ​មួយ ដែល​ល្បី​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ថា​ជា​ពិធីជប់លៀង​ដ៏​ថ្លៃ​បំផុត​មិន​ធ្លាប់មាន​។

​ពិធីជប់លៀង​នេះ​មាន​ទាំង​ទោង​វិល Ferris នៅ​ខាងក្នុង​អគារ អ្នក​សម្តែង​សៀក និង​តារា​ហូលីវូដ​មួយចំនួន រួមទាំង​លោក ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ ផងដែរ​។​

​តាម​ដឹង​នាង​ប្រ៊ី​ត​នី​ស្ពៀទ​ទួលបាន​លុយ​ដុល្លារ​មាន​តួលេខ ៦ ខ្ទង់​សម្រាប់​ការបង្ហាញ​មុខ​រយៈពេល​ខ្លី​របស់​នាង ខណៈដែល​ផលិតករ ស្វី​ស ប៊ីត​ស៍ (Swizz Beatz) មិត្ត​របស់លោក​ឡូ​វ និង​ស្វាមី​របស់​នាង​ឃី ទទួលបាន​ប្រាក់​ម្នាក់ៗ​ចំនួន ៨០០.០០០ ដុល្លារ​សម្រាប់​ការងារ​របស់​ពួកគេ​ត្រឹម​មួយ​ល្ងាច​។

​លោក​លីម​បាន​អះអាង​ក្នុង​សុន្ទរកថា​របស់លោក​ក្នុង​ពិធី​បើក​សម្ភោ​ធ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​គណបក្ស DAP នៅ​ទីក្រុង​ថេ​លុក​អ៊ី​ន​តាន់ ថា “​លោក​ឡូ​វ​បានរៀបចំ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ព្រឹត្តិការណ៍​នេះ​ដោយ​ដក​លុយ​ចំណាយ​ចេញពី​មូល​ប​ត្រ​បំណុល​របស់​មូលនិធិ 1MDB”​។

​សៀវភៅ “Billion Dollar Whale” ត្រូវបាន​សរសេរ​ដោយ​អ្នកកាសែត​ទទួលបាន​ជ័យលាភី​២​នាក់​របស់​កាសែត Wall Street Journal គឺ លោក​ថម រ៉ា​យ (Tom Wright) និង លោក ប្រ៊ែ​ត​លី ហូប (Bradley Hope)​។

​ហេតុអ្វី​សៀវភៅ​នេះ​មាន​ចំណងជើង​បែបនេះ​? លោក​លីម​បាន​និយាយថា ដំបូង​គាត់​ស្មានថា​វា​គឺ​ដោយសារតែ​មាឌ​និង​រូបរាង​របស់លោក ចូ ឡូ​វ​។ ប៉ុន្តែ​គាត់​បាន​រកឃើញ​ចម្លើយ​នៅ​ទំព័រ​ទី ៣ នៃ​សៀវភៅ​នេះ គឺ «​ប្រតិបត្តិ​ករ​កាស៊ីណូ​និង​ក្លិប​រាត្រី​នានា​បាន​ប្រដូច​អ្នក​ចាយលុយ​ធំ​របស់​ពួកគេ​ទៅនឹង “​ត្រី​បា​ឡែ​ន​” ហើយ​រឿង​ជាក់លាក់​មួយ​អំពី​លោក​ឡូ​វ គឺថា គាត់​គឺជា​ត្រី​បា​ឡែ​ន​ដ៏​អស្ចារ្យ​បំផុត​ដែល​ស​ទីក្រុង​ឡាស​វេ​ហ្គាស ទីក្រុង​ញូវយ៉ក និង​ទីក្រុង​សេន​ត្រូ​ប៉េ​ស មិន​ធ្លាប់បាន​ជួប​ជា​យូរ​មកហើយ ឬ​ប្រហែល​មិនដែល​បាន​ជួប​សោះតែ​ម្តង​»​។

​លោក​ឡូ​វ​តាម​ដឹង​ក៏បាន​ស្នាក់នៅ​បន្ទប់​មហា​ប្រណីត​បំផុត​ឈ្មោះថា “President Suites” នៅឯ​សណ្ឋាគារ Palazzo ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​ដែលមាន​តម្លៃ ២៥.០០០ ដុល្លារ​ក្នុង​មួយ​យប់​។

​សៀវភៅ​មួយទៀត​ដែល​លោក​លីម​បានលើកឡើង គឺ​សៀវភៅ​ឈ្មោះ “The Sarawak Report – The Inside Story of the 1MDB Expose” (​របាយការណ៍​រដ្ឋ​សា​រ៉ា​វ៉ា​ក់ – សាច់រឿង​ផ្ទៃ​ក្នុងនៃ​ដំណើរ​ដើមហេតុ​រឿងអាស្រូវ​របស់​មូលនិធិ 1MDB) និពន្ធ​ដោយ​លោក ក្លែ​រ រី​វ​ខា​សល់ ប្រោ​ន (Clare Rewcastle Brown)​។

​លោក​លីម​បាន​និយាយថា “​ពេល​ខ្ញុំ​កាន់តែ​អាន​សៀវភៅ​ទាំង​២​ក្បាល​នេះ ខ្ញុំ​កាន់តែ​ខឹង​ខ្លាំង​…​ហេតុដូចម្តេច​បានជា​លុយរាប់​ពាន់​លាន​រីង​ហ្គី​ត​ម៉ាឡេស៊ី​និង​អនាគត​នៃ​មនុស្ស​ជំនាន់​បច្ចុប្បន្ន​និង​មនុស្ស​ជំនាន់​ក្រោយ​របស់​ម៉ាឡេស៊ី​អាច​ត្រូវបាន​គេ​លួច​យក​យ៉ាង​ងាយស្រួល និង គ្មាន​ការទទួលខុសត្រូវ​បែបនេះ​!”​។​

​លោក​បន្តថា “​ខ្ញុំ​គិតថា​ខ្ញុំ​បានដឹង​ច្រើនជាង​ជនជាតិ​ម៉ាឡេស៊ី​ធម្មតា​អំពី​បទឧក្រិដ្ឋ​និង​អំពើ​អសីលធម៌​ក្នុង​រឿងអាស្រូវ​នៅ​មូលនិធិ 1MDB ប៉ុន្ដែ​ខ្ញុំ​ស្លុតចិត្ត​ជាខ្លាំង​ចំពោះ​ទំហំ​និង​វិសាលភាព​នៃ​ភាព​អសីលធម៌​និង​ភាព​ឥត​អៀនខ្មាស់​របស់​តួឯក​ទាំង​២​រូប​ក្នុង​រឿងអាស្រូវ 1MDB ដែល​ប្រែក្លាយ​ម៉ាឡេស៊ី​ទៅជា​ប្រទេស​ស្អុយឈ្មោះ​ខាង​អំពើពុករលួយ​លើ​សកលលោក​”​។​

​គាត់​បាន​អះអាងថា តួឯក​ទាំង​២​នេះ គឺ អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង “​ប្រតិបត្តិ​ករ​ពិតប្រាកដ​” របស់​មូលនិធិ 1MDB គឺ លោក ចូ ឡូ​វ​។

​លោក​លីម​បានលើកឡើង​នូវ​សម្តី​របស់​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​លោក ច​ន ម៉ា​ល់​ឡូត (John Mallot) ដែល​និយាយថា រឿងអាស្រូវ 1MDB គឺ​អាក្រក់​ជាង​ការគិត​ទៅទៀត​។

​ដូចដែល​លោក ច​ន ម៉ា​ល់​ឡូត បាន​សរសេរ​នៅក្នុង​អត្ថបទ​ថ្មី​របស់គាត់​នៅលើ​សៀវភៅ “Billion Dollar Whale” អ៊ីចឹង “​លោក ចូ ឡូ​វ បានដាក់​ប្រទេស​ម៉ាឡេស៊ី​នៅលើ​ផែនទី ប៉ុន្តែ​សម្រាប់​ហេតុផល​ខុស​ទាំងស្រុង​។ លោក ណា​ជីប នៅក្នុង​សៀវភៅ​នេះ​គឺ​អសមត្ថភាព ហើយ​មិន​ខ្វល់ខ្វាយ និង​មិន​យកចិត្តទុកដាក់​លើ​រឿង​លម្អិត​នោះទេ ដរាបណា​គាត់​ទទួលបាន​ប្រាក់​សម្រាប់​គោលបំណង​នយោបាយ​របស់គាត់ និង​ដរាបណា​ភរិយា​របស់គាត់​គឺ​លោកស្រី រ៉ូ​ស្មា (Rosmah) សប្បាយចិត្ត​និង​ទទួលបាន​អ្វីដែល​គាត់​ចង់បាន​”​។

​លោក ច​ន ម៉ា​ល់​ឡូត បាន​បន្ថែមថា “​អ្នកនិពន្ធ​ជាច្រើន​បាន​និយាយ​អំពី​លោកស្រី អ៊ីមែល​ដា ម៉ា​កូ​ស (Imelda Marcos) និង​ការរកឃើញ​ស្បែកជើង ១.១០០ គូ បន្ទាប់ពី​លោក ហ្វើ​ឌី​ណាន់ ម៉ា​កូ​ស ត្រូវបាន​ផ្តួលរំលំ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ ប៉ុន្តែ​ទោះបីជា​ស្បែកជើង​មួយគូៗ​មានតម្លៃ ១.០០០ ដុល្លារ​អាមេរិក ក៏​វា​នៅតែមាន​តម្លៃ​ត្រឹមតែ​១​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយថា របស់របរ​ទាំងឡាយ​ដែល​រឹបអូស​យក​ពី​ផ្ទះ​និង​ខុន​ដូរ​បស់​គ្រួសារ​ណា​ជីប​មានតម្លៃ​រហូតដល់ ២៧៣ លាន​ដុល្លារ​”​។

​លោក​លីម​បាន​និយាយថា “​អ្នក​ដែល​អះអាងថា រឿងអាស្រូវ​មូលនិធិ 1MDB គឺជា​ព័ត៌មាន​ក្លែងក្លាយ ដែល​អន្តរជាតិ​សមគំនិត​ឡើង​ដើម្បី​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ដោយ​សេរី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​គួរតែ​អាន​សៀវភៅ​ទាំង​២​ក្បាល​នេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក ចូ ឡូ​វ តួឯក​មួយ​នៅក្នុង​រឿងអាស្រូវ​មូលនិធិ 1MDB

ទីតាំងផ្សាយពាណិជ្ជកម្ម