​ ​គ្រោះថ្នាក់​ចរាចរណ៍ ប្រចាំខែ​កក្កដា ស្លាប់ ១៣០ នាក់ របួស ៣៧០ នាក់​

1418
ចែករម្លែក

(​ភ្នំពេញ​)៖​របាយការណ៍​របស់​ប៉ូលិស​បង្ហាញថា នៅ​ខែកក្កដា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ២៥៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣០ នាក់ និង​របួស ៣៧០ នាក់​។ បើ​ធៀប​នឹង​ខែមិថុនា​កន្លងមក គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែកក្កដា បាន​ថយចុះ ទាំង​ចំនួន​គ្រោះថ្នាក់ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករងរបួស​។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស ប្រចាំ​ខែសីហា ចេញផ្សាយ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស កើតឡើង ២៥៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣០ នាក់ និង​របួស​សរុប ៣៧០ នាក់​។ ក្នុងនោះ មាន​អ្នកស្លាប់ ៩៤​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ហើយ ៨០ នាក់ មិន​ពាក់មួក​សុវត្ថិភាព​។​

របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​៣១ ខែកក្កដា​នេះ បង្ហាញថា មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែកក្កដា​នេះ គឺ​ដោយសារ​ល្មើស​ល្បឿន​កំណត់ ស្រវឹង ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ងងុយដេក និង​កត្តា​យានយន្ត​។ ក្នុងនោះ មូលហេតុ​គ្រោះថ្នាក់​ច្រើនជាងគេ ដោយសារតែ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​។​

​នៅ​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៦​លើក បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ និង​របួស ៧​នាក់​។​ក្នុង​ឆមាស​ទី​១ រយៈពេល ៦​ខែ គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៩០៧ លើក បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ៩៣១ នាក់ និង​របួស​សរុប ៣០០៦ នាក់​។

​ដោយឡែក នៅ​ខែមិថុនា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ២៧២ លើក ស្លាប់ ១៣២ នាក់ និង​របួស ៤២០ នាក់​។​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅ​រយៈពេល ៣០​ថ្ងៃ ក្នុង​ខែមិថុនា ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៧២ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣២ នាក់ និង​របួស​សរុប ៤២០ នាក់ ( របួសធ្ងន់ ៣០៥ នាក់ )​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុងចំណោម​អ្នកស្លាប់ ១៣២ នាក់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ខែមិថុនា​នេះ មាន​អ្នកស្លាប់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ មាន​ចំនួន ១០០ នាក់ ហើយ​ក្នុងនោះ មិន​ពាក់មួក​សុវត្ថិភាព ៨៦ នាក់​។​

​របាយការណ៍​ដដែល ក៏បាន​លើកឡើង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ខែមិថុនា ឆ្នាំ​២០១៧ គឺ​កើតឡើង​ដោយសារ​បើកបរ​ល្មើស​ល្បឿន​កំណត់ ៩២​លើក ស្រវឹង ២០ លើក ប្រជែង ២៩ លើក មិន​គោរព​សិទ្ធិ ៥២ លើក មិន​ប្រកាន់​ស្តាំ ៤១​លើក បត់​គ្រោះថ្នាក់ ២៨​លើក ងងុយដេក ២​លើក និង​កត្តា​យាន ៨​លើក​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ កើតឡើង​នៅ​ភ្នំពេញ​ច្រើនជាងគេ ខេត្តកណ្តាល បាត់ដំបង កំពង់ស្ពឺ តាកែវ កំពង់ចាម កំពត កោះកុង បន្ទាយមានជ័យ និង​កំពង់ធំ​។​

​សូម​រម្លឹកថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៩០៧ លើក បណ្តាល​ឲ្យ​ស្លាប់ ៩៣១ នាក់ និង​របួស​សរុប ៣០០៦ នាក់​។​ក្នុងនោះ នៅ​ខែមករា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ៣៧៩ លើក ស្លាប់ ១៨៥ នាក់ និង​របួស ៥៧៤ នាក់​។

ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង ២៨៤​លើក ស្លាប់ ១៤០ នាក់ និង​របួស ៤១៨ នាក់​។ ខែមីនា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ៣២៦ លើក ស្លាប់ ១៦៧ នាក់ និង​របួស​សរុប ៤៧៦ នាក់​។ ​ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៧៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧៨ នាក់ និង​របួស ៦៨៣​នាក់​។

នៅ​ខែឧសភា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ២៧២ លើក ស្លាប់ ១២៩ នាក់ និង​របួស ៤៣៥ នាក់​។ រីឯ​ខែមិថុនា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ២៧២ លើក ស្លាប់ ១៣២ នាក់ និង​របួស ៤២០ នាក់​៕S/​ដោយ​៖​ក្រុមការងារ​ព័ត៌មាន PNN​ ​

​គ្រោះថ្នាក់​ចរាចរណ៍ ប្រចាំខែ​កក្កដា ស្លាប់ ១៣០ នាក់ របួស ៣៧០ នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម