រដ្ឋាភិបាល​ជប៉ុន​និយាយថា ប្រជាជន​ជាង ២៨ ភាគរយ គឺជា​មនុស្ស​ចាស់

1358
ចែករម្លែក

​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា ប្រជាជន​ជប៉ុន​ជាង ២៨ ភាគរយ​ឥឡូវនេះ​ត្រូវបាន​ចាត់ថ្នាក់​ជា​មនុស្ស​ចាស់​ជា​ផ្លូវការ ដែលជា​អត្រា​ខ្ពស់បំផុត​នៅលើ​ពិភពលោក នៅពេលដែល​រលក​នៃ​ការផ្ទុះ​ឡើង​កំណើត​ទារក​ក្នុងពេល​ដំណាលគ្នា​ក្រោយ​សង្គ្រាមលោកលើកទី​២ បានចាប់ផ្តើម​ឈានចូល​វ័យ​ចំណាស់​។​

​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កញ្ញា​ថា អ្នក​ដែលមាន​អាយុ ៦៥ ឆ្នាំ​ឡើងទៅ​មាន​ចំនួន ៣៥,៦ លាន​នាក់ ឬ ២៨,១ ភាគរយ​នៃ​ប្រជាជន​សរុប​។​

​សមាមាត្រ​នេះ​គឺ​ខ្ពស់បំផុត​នៅលើ​ពិភពលោក ដោយ​នាំមុខ​តួលេខ​ចំនួន ២៣,៣ ភាគរយ​ក្នុងប្រទេស​អ៊ីតាលី ២១,៩ ភាគរយ​នៅ​ព័រ​ទុយ​ហ្គា​ល់ និង ២១,៧ ភាគរយ​នៅ​អាល្លឺម៉ង់​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ទាំងនោះ​។​

​រដ្ឋាភិបាល​ជប៉ុន​ក៏បាន​និយាយ​ផងដែរ​ថា អ្នក​ដែលមាន​អាយុ​លើសពី ៧០ ឆ្នាំមាន​ចំនួន ២០,៧ ភាគរយ​នៃ​ចំនួន​ប្រជាជន ដោយ​កើន​លើស ២០ ភាគរយ​ជា​លើកដំបូង​។​

​រដ្ឋាភិបាល​និយាយថា តួលេខ​នេះ​បានបង្ហាញ​ថា​ទារក​ទើប​កើត​ក្រោយ​សម័យ​សង្គ្រាមលោកលើកទី​២​ដ៏​ច្រើន​ក្នុងពេល​ដំណាលគ្នា​កំពុង​ឈានដល់​វ័យចាស់​ជរា​។​

​ការផ្លាស់ប្តូរ​ប្រជាសាស្ត្រ​នេះ​គឺ​ដោយសារតែ​ការរួមបញ្ចូល​គ្នា​នៃ​អត្រាកំណើត​ទាប​និង​ការរំពឹងទុក​នៃ​អាយុ​កាន់តែ​វែង​។​

​ការកើនឡើង​ចំនួន​ប្រជាជន​វ័យ​ចំណាស់​យ៉ាង​រហ័ស​របស់​ជប៉ុន​បាន​បង្ក​ការឈឺ​ក្បាល​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នកបង្កើត​គោលនយោបាយ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការព្យាយាម​ធានា​ឱ្យ​កម្មករនិយោជិត​ដែលមាន​ចំនួន​កាន់តែ​ថយចុះ អាច​បង់លុយ​សម្រាប់​អ្នក​ចូលនិវត្តន៍​កាន់តែច្រើន​នេះ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម