តម្លៃ​លក់​ប្រេងឥន្ធនៈ​កើនឡើង​១០០​រៀល​ក្នុង​មួយ​លីត្រ​

1253
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​កត់សម្គាល់​តម្លៃ​លក់​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​នានា ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ថ្លៃ ១០០​រៀល​ក្នុង​មួយ​លីត្រ នេះ​ប្រៀបធៀប​រយៈពេល​១៥​ថ្ងៃ​ដូចគ្នា​កន្លងទៅ សម្រាប់​តម្លៃ​លក់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ថ្លៃ​លក់​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា តម្លៃ​លក់​ប្រេងឥន្ធនៈ ដែល​កំណត់ដោយ​អន្តរក្រសួង​រយៈពេល​១៥​ថ្ងៃ​ម្តង គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ក្រសួង​កំណត់​ឲ្យ​លក់​សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ​៤.១៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ​៤.០០០​រៀល​ក្នុង​មួយ​លីត្រ​។ ដោយឡែក ធៀប​នឹង​១៥​ថ្ងៃ​កន្លងទៅ (​ថ្ងៃទី​០១ ដល់​១៥ ខែកញ្ញា​) តម្លៃ​ប្រេងសាំង​ធម្មតា​មួយ​លីត្រ​ថ្លៃ​៤.០៥០​រៀល និង​ប្រេងម៉ាស៊ូត​មួយ​លីត្រ​ថ្លៃ តែ​៣.៩០០​រៀល​។

​ប្រភព​ខាងលើ​បាន​បន្តថា ការកំណត់​តម្លៃ​ប្រេង​នេះ គឺធ្វើឡើង​តាម​ការឡើង​ចុះ​តាម​ទីផ្សារ​អន្តរជាតិ ដោយ​តម្រូវ​ឲ្យ​ស្ថានីយ ក៏ដូចជា​ដេប៉ូ​លក់​ប្រេងសាំង​ធម្មតា​លក់​ទៅតាម​ការកំណត់​របស់​ក្រសួង មិន​អនុញ្ញាត​ឲ្យ​លក់​លើសពី​តម្លៃ​ដែល​បានកំណត់​នោះឡើយ លើកលែងតែ​តម្លៃ​សាំង​ស៊ុប​ពែរ គឺ​ឡើង​ចុះ​តាម​ទីផ្សារ​អន្តរជាតិ​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ លើកឡើងថា ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​ខាងលើ​ប៉ុណ្ណោះ​។ សម្រាប់​តម្លៃ​លក់​ប្រេងសាំង​ស៊ុប​ពែរ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា​ក្នុង​មួយ​លីត្រ​ថ្លៃ​រហូតដល់​៤.៥០០​រៀល​ឯណោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម