នាវាមុជទឹក​ជប៉ុន​ធ្វើ​សមយុទ្ធ​លើក​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

3486
ចែករម្លែក

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃចន្ទទី១៧ខែកញ្ញាថា នាវាមុជទឹកជប៉ុនមួយគ្រឿងបានចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូងជាលើកទីមួយក្នុងការបង្កើនសកម្មភាពរបស់ជប៉ុននៅផ្លូវសមុទ្រដែលមានជម្លោះ រវាងចិននិងប្រទេសផ្សេងៗទៀតនេះ។

អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិជប៉ុនបាននិយាយថានាវាមុជទឹកKuroshioរបស់កងទ័ពជើងទឹកជប៉ុននេះ បានធ្វើសមយុទ្ធកងទ័ពជើងទឹកមួយកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនាវាចម្បាំងជប៉ុនជាច្រើនផេ្សងទៀតនៅសមុទ្រចិនខាងត្បូង ដោយរួមទាំងនាវាផ្ទុកយន្តហោះKaga ដែលធ្វើនាវាចរណ៍រយៈពេល២ខែនៅអាស៊ីអាគ្នេយ៍និងនៅសមុទ្រឥណ្ឌា។

អ្នកនាំពាក្យនេះបាននិយាយថាវាជាលើកដំបូងហើយដែលនាវាមុជទឹករបស់ជប៉ុនបានធ្វើសមយុទ្ធនៅទីនោះ។នេះបើយោងតាមរបាយការណ៍កាលពីមុននេះរបស់កាសែត Asahi ។

សមយុទ្ធនេះត្រូវបានធ្វើឡើងនៅឆ្ងាយពីមូលដ្ឋានយោធានៅលើកោះដែលសាងសង់ដោយចិនដើម្បីបង្ហាញការអះអាងសិទ្ធិកាន់កាប់របស់ខ្លួន(ចិន)នៅក្នុងសមុទ្រយុទ្ធសាស្ត្រនេះ។

ទោះយ៉ាងនេះក្តី វានៅតែធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមានកំហឹងដដែល ពីព្រោះនាវាមុជទឹកជាច្រើននោះគឺតំណាងគំរាមកំហែងខ្លាំងជាងវត្តមាននាវាធម្មតាៗនៅទីនោះ។

សមយុទ្ធជប៉ុននេះ បានកើតឡើងបន្ទាប់ពីនាវាចម្បាំងHMS Albionរបស់កងទ័ពជើងទឹកអង់គ្លេស កាលពីចុងខែមុនបានបើកទៅជិតកោះដែលអះអាងសិទ្ធិកាន់កាប់ដោយចិននៅសមុទ្រចិនខាងត្បូង ដើម្បីអ្វីដែលអង់គ្លេសអះអាងថាការអនុវត្តសិទ្ធិសេរីភាពនាវាចរណ៍៕ដោយ៖សុខា/sn

នាវាមុជទឹកKuroshioរបស់កងទ័ពជើងទឹកជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម