រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នៅ​ខេត្តសៀមរាប ជាការ​លើកកម្ពស់​បរិ​យា​កាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មានការ​ទាក់ទាញ​

1746
ចែករម្លែក

ដោយ : គូលែន /សៀមរាប : ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើកទីមួយ​នេះ ជា​វេទិកា​នៃ​ការជួប​ជុំគ្នា​រវាង​វាគ្មិន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ មកពី​ស្ថាន​ប័នរ​ដ្ឋ ដៃគូ​អភិវឌ្ឍ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​អនុវត្ត​ល្អៗ​ក្នុង​វិស័យ​វិនិយោគ ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ប្រធានបទ​សំខាន់ៗ ដូចជា .១. និន្នាការ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ , ២. គោលនយោបាយ​គាំទ្រ​វិនិយោគ​របស់​រាជរដ្ឋាភិបាល , ៣. ទស្សនៈ វិនិយោគិន និង​វិស័យ​ឯកជន​លើ​ការវិនិយោគ​ទេសចរណ៍ និង ៤. វេទិកា​ពិភាក្សា និង​ផ្តល់​អនុសាសន៍​ដើម្បី​លើកកម្ពស់​បរិយាកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មានការ​ទាក់ទាញ​ថែមទៀត ។​

លោក​ថោង ខុន លើកឡើង​ទៀតថា វិស័យ​ទេសចរណ៍ ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ ដើម្បី​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​បរិយាកាស​វិនិយោគ​ងាយស្រួល​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​ធ្វើជា​ច្រកចេញចូល​តែមួយ ក្នុង​ការងារ​វិនិយោគ​ធំៗ​ទាំងអស់ ហើយ​ក្រសួង​សា​ម៉ី​ដើរតួនាទី​គាំទ្រ លើ​ផ្នែក​បច្ចេកទេស​តាម​គម្រោង​និ​មួយៗ ហើយ​បន្ថែម​លើ​យន្តការ​ច្រកចេញចូល​តែមួយ រាជរដ្ឋាភិបាល​បាន​បង្កើតជា​គោលនយោបាយ​មួយ​ដោយ​ប្រើ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​ការវិនិយោគ​រវាង​រដ្ឋ និង​ឯកជន ដូច្នេះ​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ រដ្ឋ​អាច​ផ្តល់ ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូចជា​កោះ បឹង​ធម្មជាតិ សមុទ្រ ឧទ្យាន​ជាតិ ឬ​សម្បត្តិ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដល់​ដៃគូ​វិនិយោគឯកជន​ដើម្បី​ធ្វើការ​និ​យោគ ហើយ​ប្រាក់ចំណូល​ដែល​បានមកពី​ការ វិនិយោគ ត្រូវបាន​បែងចែក​ជាមួយ​រដ្ឋ​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា ។​

លោក បាន​បន្ថែមទៀតថា នៅក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០ ព្រម​ជាមួយនឹង​ផែនការ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែលមាន​ស្រាប់ យើង​ក៏​ត្រូវការ​ឲ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដូចជា ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង​ថ្មី​ទំនើប , តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​/​កោះ , មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍ , រមណីយដ្ឋាន , តំបន់​ទេសចរណ៍​ផ្ទះ​ទី​២ និង​ទេសចរ​វ័យ​ចំណាស់ , សួន​កំសាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ , ទេសចរណ៍​សត្វព្រៃ , ហាង​លក់ទំនិញ​ទំនើបៗ , ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ , សណ្ឋាគារ​ប្រណីតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ ខណៈ​បច្ចុប្បន្ន យើង​មាន​បន្ទប់​សណ្ឋាគារ​ប្រមាណ​៤​ម៉ឺន​៥​ពាន់​បន្ទប់​រួចហើយ ក្នុងនោះ បន្ទប់​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥ មានតែ​២​ម៉ឺន​៥​ពាន់​បន្ទប់​ប៉ុណ្ណោះ រួម​ជាមួយនឹង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ និង​អាកាសយានដ្ឋាន នៅ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន គឺជា​កត្តា​មូលដ្ឋាន​ចាំបាច់​យ៉ាងសំខាន់ ដែល​ពុំ​អាច​ខ្វះ​បាន ។​

លោក ថោង ខុន បានលើកឡើង​បែបនេះ ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១ ក្រោម​ប្រធានបទ ​​ឱកាស​ការវិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ទាំង​រដ្ឋ​និង​ឯកជន មកពី​ស្ថាប័នរដ្ឋ​និង​ឯកជន ទាំង​២៥​រាជធានី ខេត្ត ក្នុង​ទូទាំងប្រទេស​កម្ពុជា ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម