រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការប្រើ​ឥទ្ធិពល​របស់ខ្លួន​នៅ​ប្រទេស​ម៉ា​សេ​ដ្វា​ន​

723
ចែករម្លែក

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis កាលពីថ្ងៃចន្ទទី១៧កញ្ញាបានថ្កោលទោសចំពោះ ការខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការប្រើប្រាស់លុយនិងឥទ្ធិពលរបស់ខ្លួនដើម្បីបង្កើនការប្រឆាំងទៅនឹងការបោះឆ្នោតនាពេលខាងមុខ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ម៉ាសេដ្វាន ចូលរួមជាមួយអង្គការNATO ដែលជាចំណាត់ការមួយ ដែលរដ្ឋាភិបាលក្រុងម៉ូស្គូជំទាស់ប្រឆាំង។

លោកJim Mattis បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន ថា ” គេមិនបាច់សង្ស័យទេថា រដ្ឋាភិបាលក្រុងម៉ូស្គូ បានកំពុងផ្តល់លុយទៅឱ្យក្រុមអ្នកគាំទ្ររុស្ស៊ីដើម្បីរារាំងការធ្វើប្រជាមតិ អំពីការផ្លាស់ប្តូរឈ្មោះនៃប្រទេសនេះនៅចុងខែនេះ។

លោក Jim Mattis បាននិយាយថា” ពួកគេបានផ្ទេរប្រាក់ហើយពួកគេក៏កំពុងធ្វើយុទ្ធនាការដែល មានឥទ្ធិពលធំទូលាយឡើង។យើងគួរតែទុកឱ្យប្រជាជនម៉ាសេដ្វានធ្វើការសម្រេចចិត្តដោយផ្ទាល់ខ្លួនរបស់ពួកគេ ” ។

ប្រជាជនម៉ាសេដ្វាននឹងបោះឆ្នោតថ្ងៃទី៣០ខែកញ្ញាអំពីថាតើត្រូវយល់ព្រមលើការគាំទ្រឈ្មោះប្រទេស” ម៉ាសេដ្វានខាងជើង(North Macedonia )” នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យប្រទេសក្រិកស្ងប់ចិត្តដែលបានរារាំងផ្លូវរបស់ប្រទេសម៉ាសេដ្វានទៅចូលរួមអង្គការNATO និងសហភាពអឺរ៉ុប។ប៉ុន្តែការរីកចម្រើនឆ្ពោះទៅរកសមាជិកអង្គការNATO ដោយប្រទេសតំបន់បាល់កង់នេះ ត្រូវបានជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសរុស្ស៊ីដែលមិនចង់ឱ្យប្រទេសសម្ព័ន្ធភាពនេះ ពង្រីកខ្លួនទៅតំបន់ដែល ធ្លាប់តែស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូនោះទេ។

ដោយបាននិយាយបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាសេដ្វាន លោក Zoran Zaev មកនោះ លោក Jim Mattis មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ប៉ុន្តែបានប្រកាសថា “សហរដ្ឋអាមេរិកមានផែនការពង្រីកសហប្រតិបត្តិការខាងប្រព័ន្ធអ៊ីនធើណែតរបស់ខ្លួនជាមួយប្រទេសម៉ាសេដ្វានដើម្បីទប់ស្កាត់សកម្មភាពនៃការលួចចូលមើលនិន្នន័យតាមប្រព័ន្ធអ៊ីនធើណែតដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង”។

លោក Zoran Zaev បាននិយាយប៉ាន់ប្រមាណថា ប្រទេសម៉ាសេដ្វាននឹងបោះឆ្នោតគាំទ្រការផ្លាស់ប្តូរឈ្មោះនេះ ហើយដូច្នេះក៏មានការផ្លាស់ប្តូរចូលទៅក្នុងអង្គការNATOផងដែរ។

លោក បានបន្ថែមថា​”មិនមានជម្រើសផ្សេងទៀតសម្រាប់ប្រទេសម៉ាសេដ្វានជាជាងការធ្វើ សមាហរណកម្មទៅក្នុងអង្គការNATOនិងសហភាពអឺរ៉ុបនោះទេ” ៕ដោយ៖សុខា/sn

លោក Jim Mattis (រូបឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយ លោក Zoran Zaev ក្នុងអំឡុងជំនួបមួយនៅទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន កាលពីថ្ងៃចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ