រុស្ស៊ី​និង​អាមេរិក​ប៉ះទង្គិច​គ្នា​នៅ​អង្គការសហប្រជាជាតិ​អំពី​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

3206
ចែករម្លែក

អាមេរិកកាលពីថ្ងៃចន្ទទី១៧កញ្ញាបានចោទប្រកាន់រុស្ស៊ីថា”បោកប្រាស់” អំពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើងជាមួយនឹងផែនការផ្លូវដែកមួយ ការផ្ទេរប្រេងនិងកិច្ចព្រមព្រៀងជំនួញដែលកំពុងមានជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

រុស្ស៊ី បានតបវិញនិងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថារារាំងវិធានការដើម្បីជំរុញកិច្ចសហការរវាងកូរ៉េខាងជើងនិងខាងត្បូង ព្រមទាំងប្រើគណៈកម្មាធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមួយ ជា”ក្រុមជំរើសមួយសំរាប់ដាក់ទោស”កូរ៉េខាងជើង។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីនិកគី ហាលី បានប្រាប់កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយថា អាមេរិកមានភស្តុតាងអំពី”ការរំលោភជាប្រចាំនិងធំធេង”លើទណ្ឌកម្មសេដ្ឋកិច្ចតឹងរឹងលើកូរ៉េខាងជើង។

តែឯកអគ្គរដ្ឋទូតរុស្ស៊ី លោកវ៉ាសស៊ីលី ណេបេនហ្សៀ បានតបវិញថាទណ្ឌកម្ម” មិនអាចបញ្ចប់ដោយខ្លួនឯងទេ” អ្នកគួរជំរុញកិច្ចសហការនិងការចរចារវាងកូរ៉េទាំងពីរជាជាងបង្កើតឧបសគ្គ”។

ជំនួបដ៏ស្អកស្អានេះរំលេចអំពីការបែកបាក់រវាងអាមេរិកដែលកំពុងជំរុញការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងរុស្ស៊ី ដែលនិយាយថារដ្ឋាភិបាលក្រុងព្យុងយ៉ាងគួរត្រូវបានទទួលការលើកទឹកចិត្តដើម្បីអោយកូរ៉េខាងជើងបន្តការចូលរួមដោះស្រាយបញ្ហា។

ដឹកនាំដោយអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំមុនបានប្រកាន់យកការដាក់ទណ្ឌកម្ម៣ជំហាន ក្នុងបំណងកាត់ផ្តាច់ចំណូលសម្រាប់កម្មវិធីកាំជ្រួចផ្លោងនិងនុយក្លេអ៊ែរបស់កូរ៉េខាងជើង។

នៅក្នុងជំនួបនៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ លោកស្រីហាលី បាននិយាយថារុស្ស៊ីបាននិងកំពុងបោកប្រាស់ ទោះជាខ្លួនប្រកាសគាំទ្រសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិក្តី។លោកស្រីបាននិយាយដូច្នេះថា” ពីមួយជំហានទៅមួយជំហាន ពីទណ្ឌកម្មមួយទៅទណ្ឌកម្មមួយ និងពីពេលមួយទៅពេលមួយ រុស្ស៊ីកំពុងកំពុងបំផ្លាញការដាក់ទណ្ឌកម្ម”។

សូមបញ្ជាក់ថា អាមេរិកនៅតែនិយាយថាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង​ត្រូវតែរក្សាទុកនៅដដែលរហូតទាល់តែ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបំផ្លាញចោលសព្វាវុធនុយក្លេអ៊ែនិងកម្មវិធីយោធារបស់ខ្លួនទាំងស្រុង។

ហាលី បាននិយាយថា រុស្ស៊ីចង់សង់ផ្លូវដែកមួយដែលភ្ជាប់កូរ៉េខាងជើងនិងកូរ៉េខាងត្បូង​ ដើម្បីនាំចេញធ្យូងថ្មចេញពីតំបន់ចុងបូព៌ារបស់ខ្លួននិងទៅដល់កំពង់របស់កូរ៉េខាងត្បូង។ររុស្ស៊ីក៏រារាំងវិធានការរបស់អាមេរិកក្នុងការដាក់បញ្ចូលនាវារុស្ស៊ីទៅក្នុងបញ្ជីខ្មៅ ដោយសារនាវាទាំងនោះពាក់ព័ន្ធនឹងការផ្ទេរប្រេងចំរាញ់ហើយពីនាវាមួយទៅនាវាមួយទៅអោយកូរ៉េខាងជើង និងកំពុងបដិសេធមិនព្រមបណ្តេញភ្នាក់ងារកូរ៉េខាងជើងម្នាក់។

ក្នុងការឆ្លើយតប លោកណេបេនហ្សៀ បាននិយាយថា ផ្លូវដែកនេះមិនរំលោភទណ្ឌកម្មលើកូរ៉េខាងជើងទេ និងបានច្រានចោលការចោទប្រកាន់ថានាវារុស្ស៊ីពាក់ព័ន្ធនឹងការផ្ទេរប្រេង៕ដោយ:វាសនា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីនិកគី ហាលី

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកវ៉ាសស៊ីលី ណេបេនហ្សៀ ក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម