លោកស្រី​យី​ង​ឡាក់​នឹង​ថ្លែង​សុន្ទរកថា​បិទ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ថ្ងៃ​អង្គារ​នេះ​

1295
ចែករម្លែក
  • 344
    Shares

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អំពាវនាវ​ឱ្យមាន​យុត្តិធម៌ នៅពេលដែល​លោកស្រី​មកដល់​តុលាការ​នៅ​ថ្ងៃ​អង្គារ​ទី ១ សីហា​នេះ ដើម្បី​ថ្លែង​សុន្ទរកថា​បិទ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោកស្រី ដែល​ក្នុងនោះ​លោកស្រី​បាន​រង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុងការ​រ៉ាប់រង​ទទួលខុសត្រូវ​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។

​អ្នកគាំទ្រ​ជាង ១.០០០ នាក់​បានបង្ហាញ​ខ្លួន​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ក្រុង​បាងកក ក្នុងការ​ផ្គើន​ទៅនឹង​ការព្រមាន​របស់​រដ្ឋាភិបាល ដែល​ហាម​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ ស្របពេល​ប៉ូលិស ៣០០ នាក់​ឈរ​យាមកាម​។

​លោកស្រី​យី​ង​ឡាក់ ដែល​តែង​អះអាងថា​គាត់​ស្អាតស្អំ និង​បដិសេធ​រាល់​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​កាតព្វកិច្ច និង អំពើពុករលួយ​ទាក់ទិន​នឹង​គម្រោង​ទិញស្រូវ​អង្ករ​នោះ បាន​មកដល់​តុលាការ ស្រប​ពេលដែល​អ្នកគាំទ្រ​ស្រែកថា “​ស៊ូ​!​ស៊ូ​!”​។​

​យី​ង​ឡាក់​ប្រាប់​អ្នកកាសែត​នៅ​ខាងក្រៅ​តុលាការ​យ៉ាង​ដូច្នេះ “​ថ្ងៃនេះ​ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​ផ្ទាល់មាត់​ទៅកាន់​តុលាការ​។ ខ្ញុំ​ជឿជាក់ថា មិនមាន​ការប្រព្រឹត្ត​ខុស​នោះឡើយ និង​រក្សា​ភាព​ស្អាតស្អំ​របស់ខ្ញុំ​។ គម្រោង​ទិញស្រូវ​អង្ករ គឺជា​កម្មវិធី​មាន​ប្រយោជន៍ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​។ ខ្ញុំ​សង្ឃឹមថា​នឹងមាន​យុត្តិធម៌​”​។

​យី​ង​ឡាក់ ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​រហូតដល់រ​ដ្ឋ​ប្រហារ​ខែឧសភា​ឆ្នាំ​២០១៤ បានឈ្នះ​ការបោះឆ្នោត​ទូទៅ​ក្នុង​ឆ្នាំ ២០១១​។​

​ក្នុង​ឆ្នាំ​២០១៥ លោកស្រី​ត្រូវបាន​ហាម​ពី​នយោបាយ ៥ ឆ្នាំ ប៉ុន្តែ​នៅតែមាន​ភាពលេច​ធ្លោ​ក្នុង​ចលនា​ប្រជា​និយម ដែល​បានឈ្នះ​ឆ្នោត​តាំងពី​ឆ្នាំ ២០០១ មក​។

​សេចក្តីព្រាងច្បាប់​ថ្មី ដែល​អនុម័ត​ដោយ​សភាជាតិ​កាលពី​ថ្ងៃទី ១៣ កក្កដា អនុញ្ញាតឱ្យ​លោកស្រី​យី​ង​ឡាក់​ប្តឹង​ឧទ្ធរណ៍​ដោយ​មិនចាំបាច់​ដាក់ជូន​នូវ​ភស្តុ​តា​ថ្មី ប្រសិនបើ​គាត់​ត្រូវបាន​រកឃើញ​ទោសកំហុស​នៅ​ថ្ងៃទី ២៥ សីហា ពេលដែល​តុលាការ​ប្រកាស​សាលក្រម​ករណី​លោកស្រី​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី យី​ង​ឡាក់ មកដល់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ