ទូកង​វែង​ជាងគេ​លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​”

3683
ចែករម្លែក
  • 234
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មការ​ផលិត​ទូកង ដើម្បី​បំបែក​ឯ​ទគ្គ​កម្ម​ពិភពលោក បានប្រកាស​ឲ្យ​ដឹងថា កម្មវិធី​ផលិត​ទូកង ដែលមាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក បាន​ឈានដល់​ទីបញ្ចប់ ដោយ​ទូក​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​អុំ​សាកល្បង តុបតែង និង​បាញ់​ពណ៌ មុននឹង​ដាក់ជូន​ក្រុមការងារ Guinnness World Records ពិនិត្យ និង​វាយតម្លៃ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​គណៈកម្មការ​ផលិត​ទូកង ដើម្បី​បំបែក​ឯ​ទគ្គ​កម្ម​ពិភពលោក​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា នេះ​។​

​គណៈកម្មការ​ផលិត​ទូកង ដើម្បី​បំបែក​ឯ​ទគ្គ​កម្ម​ពិភពលោក បាន​បញ្ជាក់ថា ក្រោយពី​ពិភាក្សា​ក្នុង​គណៈកម្មការ និង​ក្រុមការងារ​ពាក់ព័ន្ធ​រួចមក ទូកង​ដែលមាន​ប្រវែង វែង​ជាងគេ​លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”​។​

​គណៈកម្មការ​បានបញ្ជាក់​ទៀតថា កម្មវិធី​ផលិត​ទូកង​នេះ រៀបចំ​ក្នុង​គោលបំណង​ដូចតទៅៈ​
១. រម្លឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់ នៃ​ការផលិត និង​ការប្រើប្រាស់​ទូកង របស់​ខ្មែរ​តាំង​បុរាណ ក៏ដូចជា​រម្លឹក​ឡើងវិញ​នូវ​ស្នា​ព្រះ​ហត្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ ជាពិសេស​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​បាន​ប្រើប្រាស់​ទូកង ជា​មធ្យោបាយ​មួយ​ក្នុងការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ​ការពារ​បូរណភាព​ទឹកដី​។​
២. ជួយ​លើក​តម្លើង​ក​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​ដឹង​កា​នើ​តែ​ច្បាស់​ថា កម្ពុជា​អាចបង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​។​
៣.​ជម្រុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។​

​សូម​ជ​ម្រា​ថា ទូក ង ដែល​កម្ពុជា​ធ្វើ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក មាន​ប្រវែង ៨៥​ម៉ែត្រ និង​ទទឹង ១,៥៥​ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន​១៧៩​នាក់​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ធ្វើ​ទូក ង ដែល​វែង​ជាងគេ​នេះ​។

​លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក បាន​គូសបញ្ជាក់​អំពី​លក្ខណៈពិសេស​មួយចំនួន​អំពី​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ដែល​កំពុងដំណើរការ​ផលិត គឺមាន​ទូក​ធ្វើ​ពី​ឈ​ល​គគីរ ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ឆ្លាក់​ជា​កន្ទុយ​ហង្ស និង​មាន​លក្ខណៈពិសេស​ប្លែកៗ​មួយចំនួនទៀត​។​

​លោក​បាន​បន្តថា លក្ខណៈពិសេស​មួយចំនួន​អំពី​ទូក ង វែង​ជាងគេ​លើ​ពិភពលោក គឺ​ទី​១.​ទូក​នេះ​ធ្វើ​ប្រវែង​៨៥​ម៉ែត្រ ផ្ទុក​ចំណុះ​ទូក​សរុប​១៧៩​នាក់​។ ទី​២.​ទូក​នេះ​ធ្វើ​អំពី​ឈើ​គគីរ ដែល​ធន​នឹង​ទឹក​។ ក្នុងនោះ​ត្រូវ​ប្រើ​ឈើ​ពី​៦​ដើម​ដើម្បី​ផលិត​។ ចំណែក​ច្រវា​ទូក​វិញ ធ្វើ​អំពី​ឈើ​ស្រឡៅ​ដែលមាន​ទម្ងន់​ស្រាល​។ ទី​៣.​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ឆ្លាក់​ជា​កន្ទុយ​ហង្ស ភ្ជាប់​ដោយ​ក្បាច់រចនា​បុរាណ​របស់​ខ្មែរ​សុទ្ធសាត​។ ទី​៤.​ចំពោះ​សមាសភាព​ចំណុះ​ទូក​វិញ យក​មកពី​ទាហានជើងទឹក​១០០​នាក់ នគរបាល​ជើង​ទឹក​៨០​នាក់ បូករួម​កម្លាំង​យុវជន​និង ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មួយចំនួនទៀត សម្រាប់​ត្រៀម​បំ​រ៉ុង​ផ្លាស់ប្ដូរ​ដៃ​គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម