អាជ្ញាធរ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទៅកាន់​ទីទួល​សុវត្ថិភាព​

885
ចែករម្លែក

​​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​អាជ្ញាធរ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ត្រៀម​ជម្លៀស​ប្រជា​ពល​​រដ្ឋ​ចំនួន​១៣១​គ្រួសារ​ទៅកាន់​ទីទួល​សុ​វត្តិភាព បើ​ទឹកទន្លេ​នៅតែ​បន្ត​ឡើង​ទៀត​នោះ ។​ប្រជាពលរដ្ឋ​ទាំងនោះ រស់នៅ​តំបន់​ដំបូក​ក្រហម ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ , នៅ​តំបន់​សាលា​ថ្មី ក្នុងភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង និង មួយចំនួនទៀត​នៅ​ប៉ែក​ខាងក្រោម ក្នុង​ឃុំ​ត្រពាំង​ច័ន្ទ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រី​សាលាស្រុក​បរិបូរណ៍​បាន​ប្រាប់​ឱ្យដឹងថា បើ​ស្ថានភាព​ទឹកទន្លេ​នៅតែ​បន្ត​ហក់​ឡើង​ទៀត​នោះ នឹង​ធ្វើឱ្យ​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៣១​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣ ខាងលើ ប្រឈម​នឹង​ការលិចលង់​កាន់តែ​ជ្រៅ​។​

ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​នោះ​មន្ត្រី​អាជ្ញាធរ​បាន​ត្រៀម​មធ្យោបាយ​ជាស្រេច​ដើម្បី​ដឹកជញ្ជូន​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​។​មន្ត្រី​ដដែល​បាន​បន្តថា​អាជ្ញាធរ​ក៏​ត្រៀម​ផងដែរ​នូវ​ស្បៀង​សម្ភារៈប្រើប្រាស់​ក្រុម​គ្រួ​ពេទ្យ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់​នេះ​៕S/​