មន្ទីរ​ប្រៃសណីយ៍​ខេត្តសៀមរាប​: ខ្សែកាប​អាកាស​ទាំងអស់​ក្នុង​ក្រុង​នឹងត្រូវ​រៀបចំ​បង្កប់​នៅក្រោម​ដី​

1093
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និយាយថា តំបន់​ផាប់​ស្ទ្រី​ត​ជា​តំបន់​មមាញឹក​ជាងគេ​ក្នុង​ក្រុង​សៀមរាប ហើយ​ខ្សែកាប​អាកាស​ក៏​សម្បូរ​ច្រើន​ដែរ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់ថា ការចុះ​កាត់​ខ្សែកាប​នេះ នឹង​ប្រើពេល​ប៉ុន្មាន​នៅឡើយ ព្រោះ​តំបន់​ផាប់​ស្ទ្រី​ត​នេះ ជា​តំបន់​ស្មុគស្មាញ​បន្តិច ដ្បិត​មាន​អ្នកប្រើប្រាស់​បណ្ដាញ​អគ្គិសនី និង​ទូរគមនាគមន៍​ភាគច្រើន​ជា​ជនបរទេស ប៉ុន្តែ​ក្រុមការងារ នឹង​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ដល់​អតិថិជន​ក្នុង​កម្រិត​ទាប​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ។​

​លោក សុខ សីហា បាន​បន្តទៀតថា គម្រោង​កាត់​ខ្សែកាប​លើ​អាកាស​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​លើក​សោភ័ណភាព​ក្រុង ដែល​កន្លងមក​មានកា​រ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ខ្សែកាប​ទាំងនោះ នឹងត្រូវ​រៀបចំ​បង្កប់​នៅក្រោម​ដី​ទាំងអស់ ហើយ​អាច​នឹង​ប្រើពេល​មួយឆ្នាំ​ពេញ​ដើម្បី​ធ្វើ​ការងារ​ឱ្យបាន​ល្អ​បំផុត ដែល​អនុវត្តន៍​លើផ្លូវ​ចំនួន ១១ រួមមាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ផ្លូវ​លោកតា​ណឺ​យ និង​តំបន់​ផាប់​ស្ទ្រី​ត​ជាដើម ខណៈ ជំហាន​ទី​១ នៅ​ផ្លូវ​លោកតា​ណឺ​យ បាន​អនុវត្ត​កាលពី​ថ្ងៃទី​១៦ ខែសីហា​កន្លងទៅនេះ ។​

​លោក សុខ សីហា លើកឡើង​បែបនេះ ក្នុងឱកាស ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្ត​ផែនការ​កាត់​ខ្សែកាប​លើ​អាកាស​ជំហាន​ទី​២ ដែល​ធ្វើឡើង​នៅ​តំបន់​ផាប់​ស្ទ្រី​ត​ផ្សារ​ចាស់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ