ចាប់ខ្លួន​មនុស្ស​២​នាក់​តាម​ដីកា​បង្គាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​

1062
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់ ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប​ចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាកា​ខេត្ត​។ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៥/១៦ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក រ៉ែ​ម សុភ​ក្តិ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥១/១៧ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។

​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បានធ្វើការ​ចាប់ខ្លួន​ជនជាប់ចោទ​២​នាក់ ដោយ​ជនជាប់ចោទ​ទី​១​មានឈ្មោះ ជួង ធារ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ជា​ស្មន់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង និង​ជនជាប់ចោទ​ទី​២​មានឈ្មោះ ម៉ាន ម៉ូត ហៅ​ញែ​វ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ដូន​ដៀវ ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម​។​

​ជនជាប់ចោទ​ទាំងពីរ ត្រូវបាន​ជាប់ចោទ​ទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ជុំ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ ប្រព្រឹត្ត​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ ហើយ​បា​នប​ញ្ចូ​ន​សំណុំរឿង និង​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ៕ ល​