​រថយន្ត​ដឹក​ត្រី​បើក​គេច​ម៉ូតូ​ទៅបុក​ផ្ទះ​ពលរដ្ឋ​របួស​ក្មេងប្រុស​ម្នាក់​

1213
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​រថយន្ត​ដឹក​ត្រី​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​គេច​ម៉ូតូ​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​ផ្ទះ​ពលរដ្ឋ​បណ្តាលឱ្យ​រងរបួស​ក្មេងប្រុស​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ផ្លូវខ្វែង​ជិត​រូបសំណាក​ឆ្នាំង​ក្នុងភូមិ​ទួល​ខ្សាច់​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​រថយន្ត​បង្ករ​ជា​រថយន្ត​ដឹក​ត្រី​ម៉ាក​នីសា​ន់​ពាក់​ស្លាក​លេខ​ភ្នំពេញ ២AL- ៨៥៩១ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយបាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ។​លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​កន្លែង​ផ្លូវខ្វែង​ទិស​ជា​បួន ក៏មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​១D-១៨៦៩​បើក​ឆ្លងផ្លូវ ពេលនោះ​អ្នកបើកប​រថយន្ត បាន​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ក៏​ជ្រុល​ចូលទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ពេញ​មួយ​ទំហឹង​តែម្តង ។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​អាយុ​ជាង​១០​ឆ្នាំ​ដែល​ស្ថិតនៅ​ក្នុងផ្ទះ​នោះ​រងរបួស​ធ្ងន់​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​រីឯ​ស្ត្រី​ម្នាក់ទៀត​ជា​ម្ចាស់ផ្ទះ​កៀប​នឹង​រថយន្ត​ឮ​ប៉ុន្តែ​រថយន្ត​អស់​ល្បឿន​ទៅហើយ និង​បណ្តាលឱ្យ​រងរបួស​ស្រាល​ផងដែរ ។​

​ក្រោយពេល​កើតហេតុ អ្នកបើកប​រថយន្ត​ដឹក​ត្រី​នោះ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច តែ​បាន​រត់​គេចខ្លួនបាត់​។​ចំពោះ​មធ្យោបាយ​បង្ករ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​

​រថយន្ត​ដឹក​ត្រី​បើក​គេច​ម៉ូតូ​ទៅបុក​ផ្ទះ​ពលរដ្ឋ​របួស​ក្មេងប្រុស​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម