លោក​ត្រាំ​និយាយថា ប៉ូឡូញ​ស្នើសុំ​បង់លុយ ២ ពាន់​លាន​ដុល្លារ​ដល់​អាមេរិក​ដើម្បី​តាំង​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​

910
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កញ្ញា​ថា​លោក​កំពុង​ពិចារណា​យ៉ាង​ហ្មត់ចត់​ចំពោះ​ការស្នើសុំ​ពី​ប្រទេស​ប៉ូឡូញ​ដើម្បីឱ្យ​កងកម្លាំង​អាមេរិក​ដាក់​មូលដ្ឋានទ័ព​ជា​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​ដ៏​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រ​នៅ​ទ្វីបអឺរ៉ុប​នេះ ដែលមាន​ព្រំដែន​ជាប់​រុស្ស៊ី​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក អាន់​ដ្រេ​ច ឌូ​ដា (Andrzej Duda) នៅ​សេត​វិមាន លោក​ត្រាំ​បាន​និយាយថា ប្រទេស​ប៉ូឡូញ​កំពុង​ស្នើសុំ​ផ្តល់ប្រាក់​យ៉ាងតិចណាស់ ២ ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួយ​បំពេញ​ដល់​ការចំណាយ​របស់​មូលដ្ឋាន​ទ័ព ដែល​ទំនងជា​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​ស្រណុកចិត្ត​ឡើយ​។​

​លោក​ត្រាំ​បាន​និយាយថា “​លោក​ប្រធានាធិបតី​បានផ្តល់​ជូន​យើង​នូវ​ទឹកប្រាក់​ជាង ២ ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​រឿងនេះ ដូច្នេះ​យើង​កំពុង​សម្លឹងមើល​វា​។ យើង​កំពុង​សម្លឹងមើល​វា​ចេញពី​ទស្សនៈ​នៃ​អាទិភាព​ទី​១ គឺ ការការពារ​យោធា​សម្រាប់​ប្រទេស​ទាំង​២​និង​ការចំណាយ​ផងដែរ​”​។​

​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​មុននេះ​ថា “​យើង​កំពុង​សម្លឹងមើល​វា​យ៉ាង​យកចិត្តទុកដាក់​។ ប្រសិនបើ​ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ដូច្នោះ (​បង់លុយ​) នោះ​វា​ជា​អ្វីដែល​យើង​នឹង​លើក​យកមក​និយាយ​”​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅពេល​ក្រោយមក​ទៀតថា “​សហរដ្ឋអាមេរិក​ប្តេជ្ញា​ស្វែងរក​ជម្រើស​សម្រាប់​ការបង្កើន​តួនាទី​យោធា​របស់​អាមេរិក​នៅ​ប៉ូឡូញ​ហើយ​យើង​នឹង​បង្កើន​ការពិគ្រោះ​យោបល់​របស់​យើង​ដើម្បី​កំណត់​លទ្ធភាព​អនុវត្ត​គោល​គំនិត​នេះ​។ លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការការពារ​មិន​ត្រឹមតែ​អឺរ៉ុប​កណ្តាល​និង​ខាងកើត​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​សម្ព័ន្ធមិត្ត​ទាំងអស់​ផងដែរ​”​។​

​នៅឯ​សន្និសីទកាសែត លោក​ឌូ​ដា​បាន​និយាយថា ប្រទេស​ប៉ូឡូញ​ជា​សមាជិក​អង្គការ​ណា​តូ​ដែល​រង​ឥទ្ធិពល​គ្របដណ្តប់​ពី​រុស្ស៊ី​និង​សហភាពសូវៀត​ជា​យូរ​មកហើយ​នោះ ចង់បាន “​មូលដ្ឋានទ័ព​អាមេរិក​អចិន្ត្រៃយ៍​នៅ​ប៉ូឡូញ​”​។​

​គាត់​បាន​និយាយ​កំប្លែង​ថា មូលដ្ឋានទ័ព​នេះ​អាច​ហៅថា “​បន្ទាយ​ត្រាំ​” ។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស បាន​សរសើរ​ប្រទេស​ប៉ូឡូញ​ចំពោះ​ការ​នាំមុខគេ​ក្នុងការ​បង្កើន​ការចំណាយ​ផ្នែក​យោធា​របស់ខ្លួន ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា គ្មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​ទាក់ទង​នឹង​វត្តមាន​យោធា​អាមេរិក​ជា​អចិន្ត្រៃយ៍​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ប៉ូឡូញ លោក អាន់​ដ្រេ​ច ឌូ​ដា និង លោក​ត្រាំ ជួបពិភាក្សា​គ្នា​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម