ថាក់ស៊ីន​បន្ទោស​របប​យោធា​ថា​ធ្វើឱ្យ​ប្រទេស​ថៃ​កាន់តែ​យ៉ាប់យ៉ឺន​

1341
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​ស៊ីណា​វ៉ា​ត់​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កញ្ញា​បាន​វាយប្រហារ​ទៅលើ​របប​យោធា​កំពុងកាន់​អំណាច​របស់​ប្រទេស​ថៃ ដោយ​និយាយថា​ការធ្វើ​រដ្ឋប្រហារ​ផ្ដោត​គោលដៅ​មកលើ​ក្រុមគ្រួសារ​របស់លោក​បាន​ធ្វើឱ្យ​ប្រទេស​កាន់តែ​យ៉ាប់យ៉ឺន​ក្នុង​រយៈពេល ១២ ឆ្នាំ​មកនេះ​។​

​ការអត្ថាធិប្បាយ​របស់​គាត់​គឺ​ស្ថិត​ក្នុងចំណោម​ការរិះគន់​យ៉ាងខ្លាំងបំផុត​នាពេល​កន្លងមកនេះ និង​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​របប​យោធា​បាន​បន្ធូរបន្ថយ​ការហាមឃាត់​លើ​សកម្មភាព​នយោបាយ​មុន​ការបោះឆ្នោត​ដែល​សន្យា​ធ្វើ​នៅ​ឆ្នាំក្រោយ​។​

​ក្រុមគ្រួសារ​ស៊ីណា​វ៉ា​ត់ ដែលជា​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​និង​មានអំណាច បានឈ្នះ​រាល់​ការបោះឆ្នោត ចាប់តាំងពី​ឆ្នាំ ២០០១ តាមរយៈ​ផែនការ​ប្រជា​និយម​និង​គម្រោង​សុខុមាលភាព​នានា ដែល​បានធ្វើឱ្យ​ពួក​ឥស្សរជន​មាន​ខ្នងបង្អែក​ជា​យោធា​នៅ​ទីក្រុង​បាងកក​ខឹងសម្បារ​ជាខ្លាំង​។​

​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​ថៃ​ត្រូវបាន​កត់សម្គាល់​ដោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ជោគជ័យ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​សម័យកាល ដែល​គិត​ចាប់តាំងពី​រដ្ឋប្រហារ ដែល​បាន​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នាំ ២០០៦​នោះ ត្រូវបាន​គេ​ចាត់ទុកថា “​ទសវត្សរ៍​ដែល​បាន​បាត់បង់​” ជាមួយ​ការតវ៉ា​តាម​ដងផ្លូវ​និង​អ​ស្ថិ​ភាព​បាន​ក្លាយជា​ជីវិត​នយោបាយ​។​

​រដ្ឋប្រហារ​មួយទៀត​ក្នុង​ឆ្នាំ ២០១៤ បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​មួយទៀត​ដែល​ដឹកនាំ​ដោយ​ប្អូនស្រី​របស់​ថាក់ស៊ីន ដែល​បាន​រត់គេច​ចេញពី​ប្រទេស​។​

​ពួក​មេដឹកនាំ​យោធា​បាន​អះអាងថា ការដណ្តើម​ការគ្រប់គ្រង​គឺ​ចាំបាច់​ដើម្បី​ស្ដារ​ស្ថិរភាព​ឡើងវិញ​។​

​ប៉ុន្តែ​នៅលើ​ផុស​ហ្វេ​ស​ប៊ុ​ក​ពោរពេញ​ដោយ​ភាព​ក្តុកក្តួល​និង​ការចោទប្រកាន់​ដែល​យូរៗ​បង្ហោះ​ម្តងនោះ អតីត​មេដឹកនាំ​និរទេស​ខ្លួន​រូបនេះ​បាន​រំលឹក​អំពី​អំឡុងពេល​ដ៏​ចលាចល​និង​បាន​សួរ​ជនជាតិ​ថៃ​ថា​តើ​ពួកគេ​ពិត​ជាមាន​ភាពល្អប្រសើរ​ជាង​មុន​ទេ​នៅក្នុង​វិស័យ​អប់រំ ការថែទាំ​សុខភាព និង​សេដ្ឋកិច្ច​។ គាត់​បាន​ចោទប្រកាន់​ក្រុមមនុស្ស​មួយ​ក្តាប់​តូច​ថា​កើ​បយក​ផលប្រយោជន៍​ពី​ការផ្លាស់ប្តូរ​អំណាច​នេះ​។​

​ថាក់ស៊ីន​វ័យ ៦៩ ឆ្នាំ​បាន​និយាយ​នៅមុន​ខួប​រដ្ឋប្រហារ​ទម្លាក់​គាត់​ថា “​មាន​មនុស្ស​ខ្លះ​ក្លាយជា​អ្នកមាន​ពី​រដ្ឋប្រហារ​ទាំង​២​នេះ​ប៉ុន្តែ​មាន​វិស័យ​មួយចំនួន​ដែល​កាន់តែ​ដុនដាប ហើយ​ប្រជាជន​ថៃ​ជាទី​ស្រឡាញ់​របស់​យើង​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មើល​មក​ក្នុងន័យ​មិនល្អ​។ តើ​ប្រទេស​របស់​យើង​រង​ទុក្ខ​មិនទាន់​គ្រប់គ្រាន់​ទេ​មែន​ទេ​?”​។​

​មនុស្ស​ជាង ២,៦ លាន​នាក់​បាន​ចុច​គាំទ្រ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ថាក់ស៊ីន ហើយ​ផុស​ថ្មី​នេះ​បាន​ល្បី​កក្រើក​យ៉ាង​ឆាប់រហ័ស ដោយ​នាំឱ្យ​មនុស្ស​រាប់ពាន់នាក់​ចុច Like ចែករំលែក និង​បញ្ចេញមតិ​យ៉ាងច្រើន (Comment)​។​

​គួររំលឹកថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​របប​យោធា​បាន​បន្ធូរបន្ថយ​ការហាមឃាត់​លើ​សកម្មភាព​នយោបាយ​ដែល​អនុញ្ញាតឱ្យ​គណបក្ស​នានា​អាច​ជួបជុំ​និង​ជ្រើសរើស​សមាជិក​។ ប៉ុន្តែ​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅតែ​រឹតត្បិត​នៅឡើយ​។​

​គណបក្ស​ភឿ​ថៃ​ដែលជា​គណបក្ស​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ស៊ីណា​វ៉ា​ត់​បាន​អំពាវនាវ​ឱ្យ​ដកចេញ​លក្ខខណ្ឌ​ទាំងអស់ “​ភ្លាមៗ​” នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កញ្ញា​។​

​ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា​ទោះបីជា​ការបោះឆ្នោត​បន្តធ្វើ​ក៏ដោយ ក៏​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​មិនទាន់​អាចធ្វើ​បាន​ដដែល ព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​ពួកយោធា ទាមទារ​ឱ្យ​តែងតាំង​សមាជិកសភា​ជាន់ខ្ពស់​៕ ដោយ៖ កញ្ញាដាលីស

លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់

ទីតាំងផ្សាយពាណិជ្ជកម្ម