​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​

959
ចែករម្លែក

​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០១៨​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​បើក​សវនកម្ម​ផ្ទៃក្នុង លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ ស្របតាម​ស្តង់ដារ​អន្តរជាតិ ISO14001 គ្រប់​នាយកដ្ឋាន និង​អង្គភាព​ចំណុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្ប​រស ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​អ្នកជំរុញ​ការងារ​បរិស្ថាន​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​។​

​ការបើក​សវនកម្ម​ផ្ទៃក្នុង​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា ដោះស្រាយ​បញ្ហា​បរិស្ថាន ចង្អុល​ទិសដៅ​អំពី​គោលបំណង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងមូល និង​សម្របសម្រួល​រាល់​សកម្មភាព​ការងារ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​ដោយ​អនុលោម​តាម​ស្តង់ដារ ISO14001 ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​ពី​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance (JQA)​។​

​លោក​ភោគ បញ្ញា អនុប្រធាន​ស្តីទី​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន បាន​លើកឡើងថា ចំពោះ​លទ្ធផល​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង​ឆ្នាំ​២០១៨​គឺ​នាយកដ្ឋាន​និង​អង្គភាព​ចំនួន​១៦​នៃ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​បន្ត​ភាព​វិជ្ជមាន ដោយ​មិនមាន​ភាពមិន​អនុលោម​ណាមួយ​ឡើយ ដែល​ខុសពី​ស្តង់ដា SIO 14001​។

ប៉ុន្តែ​មាន​ចំណុច​តាម​សង្កេត​ចំនួន​៣​ចំណុច ដែល​ស្ថិតនៅលើ​គោលបំណង​នៃ​កម្មវិធី ដែល​សវន​ករ​បានផ្តល់​ជា​អនុសាសន៍​គ្រប់​នាយកដ្ឋាន​បានកំណត់ បង្កើត​កម្មវិធី​អនុវត្ត និង​ទទួលលទ្ធផល​តាម​ផែនការ​ច្បាប់ ។​ប៉ុន្តែ​ការកំណត់​គោលដៅ​ក្នុង​ផែនការ​អនុវត្ត​នេះ​រក្សា​នៅ​ដដែល​ដូច​ឆ្នាំ​២០១៧​និង​២០១៨ ដោយ​កំណត់​ទិសដៅ​បរិស្ថាន​ឱ្យ​លើសពី​ឆ្នាំ​ចាស់​។

ថ្លែង​ក្នុង​អង្គប្រជុំ លោក ហង់ ពៅ បាន​រំឭកថា ការបង្កើត​ប្រព័ន្ធ​ការពារ​បរិស្ថាន សំខាន់​ជាងគេ​គឺ​យល់​ពី​ការគ្រប់គ្រង​រួម ហើយ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ទោះបីជា​នាយកដ្ឋាន​ផ្សេងៗ ឬ​ជំនាញ​ផ្សេងៗ គឺ​ត្រូវតែមាន​ការពាក់ព័ន្ធគ្នា​គ្រប់​នាយកដ្ឋាន​។

ដូច្នេះ​ក្រុម​បរិស្ថាន​ជា​អ្នកសម្របសម្រួល ធ្វើយ៉ាងណា​ឱ្យ​ត្រូវ​តាម​ចំណុច​ទាមទារ​របស់​ស្តង់ដារ ISO 14001 ហើយ​ម្ចាស់​សាមី​នាយកដ្ឋាន​ឬ​អង្គភាព​នីមួយៗ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ឯកឧត្តម​បន្តថា កិច្ចការ​នេះ​គឺជា​ការងារ​យើងទាំងអស់គ្នា​ដោយ​មិន​ផ្តោត​តែ​ទៅលើ​នរណាម្នាក់​ឡើយ ទើប​អាច​បង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​លើ​ប្រព័ន្ធ​បរិស្ថាន​បាន​ជោគជ័យ​។​

​គួររំឭកថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះឈ្មោះ ដើម្បី​ទទួលបាន​ការវាយតម្លៃ​លើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន ពី​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន JQA តាំងពី​ឆ្នាំ​២០០៣​មក ហើយក៏​ធ្លាប់​បានទទួល​វិញ្ញាបនបត្រ ISO14001 លើ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន ពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ចំនួន​៥​លើក​រួចមកហើយ​ដែរ​៕S/​

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​

ទីតាំងផ្សាយពាណិជ្ជកម្ម