​មន្ត្រី​កាំកុងត្រូល​!​ត្រូវ​នាំចូល​ទំនិញ​ណា​ដែលមាន​គុណភាព​មក​ស្រុក​ខ្មែរ

998
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​នានា ដែល​នាំចូល​ពី​ប្រទេស​ថៃ និង​បាន​ដាក់លក់​នៅតាម​ស្តង់​នានា ក្នុងឱកាស​តាំង​ពិ​ពណ៍​ពាណិជ្ជកម្ម​ថៃ ក្នុង​ខេត្តព្រះវិហារ​។​ដើម្បី​ធានាថា​ទំនិញ​ទាំងនេះ​មានគុណ​ភាពល្អ​មិន​ប៉ះពាល់​សុខភាព​ជាពិសេស​ទៅលើ​គ្រឿងឧបភោគ បរិភោគ​។​

​លោក ដួង មុនី ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ បាន​ថ្លែងថា សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​រួមមាន មន្ត្រី​សាលាខេត្ត​ព្រះវិហារ មន្ត្រី​សាលាក្រុង​ព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់តាំង​លក់​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​ដែល​នាំចូល​មកពី​ប្រទេស​ថៃ​យកមក​លក់​ក្នុង​ពិធី​តាំង​ពិ​ពណ៍​ពាណិជ្ជកម្ម​ថៃ រយៈពេល​មួយ​សប្តាហ៍ នៅក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក​ដួង​មុនី​បានបញ្ជាក់​បន្ថែមទៀតថា​ទំនិញ​ដែល​អាជីវក​ថៃ​នាំចូល​យកមក​តាំង​លក់​ក្នុង​ពិ​ពណ៍​ពាណិជ្ជកម្ម នៅក្នុង​ខេត្តព្រះវិហារ​នេះ គឺ​ត្រួត​ពិនិត្យឃើញថា ពុំមាន​ទំនិញ​ណាមួយ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះទេ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ក៏បាន​ណែ​នាំឱ្យ​ពាណិជ្ជករ​ថៃ ត្រូវ​ធ្វើការ​នាំចូល​ទំនិញ​ណា​ដែលមាន​គុណភាព ទំនិញ​ណា​ដែលមាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ថ្ងៃ ខែ​ផលិត​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ​ពេលដែល​មន្ត្រី​ពិនិត្យឃើញថា​ពុំមាន​គុណភាព មិន​អនុញ្ញាតឱ្យ​លក់ដូរ​តទៅទៀត​ទេ​។​

​លោក ដួង មុនី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ មុននឹង​ទិញ​របស់​អ្វីមួយ ជាពិសេស​គ្រឿង​បរិភោគ​ដែល​គេ​វេច​ខ្ចប់ ជា​កំប៉ុង​ក្ដី ជា​ដប ឬ​ជា​ថង់​ក្ដី​ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា ឬ​កាលបរិច្ឆេទ​ដែលមាន​បិទ ឬ​បោះពុម្ព​ភ្ជាប់​នៅតាម​កំប៉ុង ដប ឬ​ថង់​ទាំងនោះ​ឱ្យបាន​ច្បាស់លាស់ ។​ដើម្បី​ជៀសវាង​ការចំណាយ​អស់​លុយ​ហើយ ទិញ​របស់​ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ យកទៅ​បរិភោគ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម