លោក ម៉ែន វិបុល ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ធ្វើការ​ទប់​ច្រាំង​ការពារ​ទឹក​ហូរ​ច្រោះ​ផ្លូវ​ស្ពាន​សំ​យ៉ោ​ង​ស្រុក​កំពង់រោទិ៍​

744
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ធ្វើការ​ទប់​ច្រាំង ការពារ​ទឹករលក​បោកបក់​មកលើ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែរ​ចាប់ ពី​គល់ស្ពាន​សំ​យ៉ោ​ង​មក​ត្បូង​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង បានឱ្យដឹងថា ក្រោយពី​ពិនិត្យឃើញ​នូវ​ស្ថានភាព​ជាក់ស្តែង​អំពី​កំពស់​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ហក់​ឡើង​នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយកន្លែង ចាប់ពី​គល់ស្ពាន​សំ​យ៉ោ​ង ស្ថិតនៅក្នុង ភូមិ​សំ​យ៉ោ​ង ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បណ្តាល​ឲ្យ​ខូចខាត និង​បាក់​ច្រាំង ចិញ្ចើមផ្លូវ​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ ដោយសារ​រលក​បោកបក់​មកលើ​ផ្លូវ​។ ។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា នាពេល​ខាងមុខនេះ គឺ​ខេត្ត​នឹងមាន​គំរោង​រៀបចំ​ច្រាំង​ដោយ​ចាក់​បេតុង​ឱ្យបាន​រឹងមាំ ដើម្បី​ការពារ​ទឹកជំនន់​ចាប់ពី​ចំណុច​គល់ស្ពាន​សំ​យ៉ោ​ង រហូតដល់​ភូមិ​របស់​ប្រជាពលរដ្ឋ​តែម្តង​ដែលមាន​ប្រវែង​៤០០​ម៉ែត្រ ដើម្បី​កុំឱ្យ​ផ្លូវ​ខូច​ដោយសារតែ​កម្លាំង​ទឹករលក នា​រដូវវស្សា​ក៏ដូចជា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ឆ្លងកាត់​។​

​សូមបញ្ជាក់​ផងដែរ​ថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែរ​នេះ​គឺ​ត​ភ្ជាប់​ពី​ក្រុង​ស្វាយ​រៀ​ឆ្ពោះទៅកាន់​ច្រកព្រំដែន​សំ​យ៉ោ​ង​ដោយ​ឆ្លងកាត់​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ និង ឃុំ សំ​យ៉ោ​ង​ស្រុក​កំពង់រោទិ៍ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹក​ទំនិញ​ចេញចូល​រវាង​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​កម្ពុជា និង​វៀតណាម ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ជិតគ្នា​ផង និង​ចំណាយ​ថវិកា​ក្នុងការ​ដឹកជញ្ជូន​អស់​សា​ហ៊ុយ​តិច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម