ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម ចុះ​ធ្វើ​សៀវភៅ​ការងារ​ដល់ក​ម្មករ​រោងចក្រ​ជាង​២.០០០​នាក់​

1230
ចែករម្លែក
  • 37
    Shares

​ដោយ​: គង់​ហេង / កំពង់ចាម​: យុទ្ធនា​ការចុះ​ធ្វើ​សៀវភៅ​ការងារ​ជនកម្ពុជា របស់​អង្គភាព​មន្ត្រី​ច្រកចេញចូល​តែមួយ ដែល​ដឹង​នាំ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មកដល់​សប្តាហ៍​ទី​បី ខែកញ្ញា​នេះ គឺ​សម្រេច​ធ្វើ​ជូន​បុគ្គលិក កម្មករ​កម្មការិនី​តាម​បណ្តា​រោងចក្រ​បាន​ចំនួន ២.១០៨ នាក់​ហើយ​។ ជាមួយ​នោះ​នឹង​បន្តធ្វើ​ជូន​ចំនួន​ជាង ប្រាំ​ពាន់ នាក់​បន្ថែមទៀត​។​

​លោក អ៊ឹង ទី ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​ខេត្តកំពង់ចាម បានដឹង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ដោយ​ផ្អែក​តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត គឺ​ធ្វើយ៉ាងណា​ផ្តោតលើ​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​តម្លាភាព​។ ពិសេស​បាន​ជំរុញ​ឲ្យ​អង្គភាព​នេះ ចាំបាច់​ត្រូវ​ចុះ​ផ្តល់​សេវា​លើ​សៀវភៅ​ការងារ​ជនកម្ពុជា ដល់​គ្រប់​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​ខេត្ត​នេះ​។​

​លោក​ប្រធាន​បាន​ឲ្យ​ដឹង​ទៀតថា ជាក់ស្តែង​យុទ្ធនា​ការចុះ​ធ្វើ​សៀវភៅ​ការងារ ផ្តល់ជូន​កម្មករ​កម្ម​ការិនី​តាម​រោងចក្រ​នៅ​ស្រុក​កំពង់សៀម , ស្រុក​ព្រៃឈរ , ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី ២៩ ខែសីហា មកដល់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គឺ​យើង​សម្រេចបាន​ចំនួន ២.១០៨ នាក់ ដោយ​ក្នុង​មួយ​ក្បាល​តម្លៃ ១០.០០០ រៀល​។​

​លោក អ៊ឹង ទី បាន​បន្តថា យុទ្ធនា​ការបន្ត គឺ​យើង​នឹង​ទៅកាន់​បណ្តា​រោងចក្រ ដើម្បី​ផ្តល់​សេវា​មួយ​នេះ​ឲ្យ​គ្រប់​តាម​ផែន​ការជូន​បងប្អូន​ក​ម្មករ​កម្មការិនី​ចំនួន ៥.១៥៩ នាក់​។ ដោយឡែក​មួយរយ​:​ពេល ដែល​អង្គភាព​ច្រកចេញ​តែមួយ​ដែលមាន​ទីតាំង​ស្ថិត ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម គឺ​នៅ​ផ្នែក​ខាងក្រោយ​នោះ បាន​បើក​ជា​បណ្តោះអាសន្ន​ទទួល​សេវា​ធ្វើ​សៀវភៅ​ការងារ​នេះ​បាន​ចំនួន ៥២៣ នាក់​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​លើកឡើង​នាឱកាស​ដឹកនាំ​ធ្វើ​សៀវភៅ​ការងារ​នោះ​ថា សូម​បងប្អូន​កម្មករ​កម្មការិនី​តាម​បណ្តា​រោងចក្រ​ក្នុង​ខេត្តកំពង់ចាម ទាំងអស់​ដែល​ពុំទាន់​បានធ្វើ​« សៀវភៅ​ការងារ​ជនកម្ពុជា​» សូម​ត្រៀមខ្លួន និង​ឯកសារ​ពាក់ព័ន្ធ គឺ​រង់ចាំ​ក្រុមការងារ​របស់​មន្ត្រី​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​យើង នឹង​ទៅ​ផ្តល់​សេវា​សៀវភៅ​នេះ​ជូន​ដល់ទី​តាំង​រោងចក្រ​ជា​កន្លែងធ្វើការ​របស់​បង​ប្អូន​ផ្ទាល់​តែម្តង​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា នេះ​ជា​គោលបំណង​ដើម្បី​ព​ន្លឿ​ន​សេវាសាធារណ​:​ជូន​បងប្អូន និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ​ឡើងមក​កាន់​ក្រុង​កំពង់ចាម​នោះ​។ ពិសេស​ដើម្បី​ទទួលបាន សៀវភៅ​មួយ​ក្បាល​នេះ​កម្មករ​កម្មការិនី​យើង កន្លងមក​បាន​ខាតបង់​ពេលវេលា​ច្រើន​ទៅកាន់​ក្រសួង ឬ​មន្ទីរ​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជី​វៈ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម