ជាង​៣០០​ក្រុមហ៊ុន​មកពី​ប្រទេស​២៦​តាំងពិព័រណ៍​ម្ហូបអាហារ​និង​បដិសណ្ឋារកិច្ច​

1118
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ពិព័រណ៍​ម្ហូបអាហារ ភេ​ជ្ជៈ​និង​បដិសណ្ឋារកិច្ច​ដ៏​ធំ​បំផុត​នៅ​កម្ពុជា (CAMFOOD & HOTEL18) បាន​បើកសម្ពោធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ជាង​៣០០​មកពី​២៦​ប្រទេស បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​។

ពិព័រណ៍​ម្ហូបអាហារ ភេ​ជ្ជៈ​និង​បដិសណ្ឋារកិច្ច​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​( CAMFOOD & HOTEL18) បាន​បើកសម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​(​រូប សុផល​)

​ពិព័រណ៍​លើក​ទី​៦​នេះ​ជា​ព្រឹត្តិការណ៍​ដាក់តាំង​បង្ហាញ​ផលិតផល​ម្ហូបអាហារ​ផលិតផល​ភេ​ជ្ជៈ​និង​ផលិតផល​ផ្គត់ផ្គង់​វិស័យ​បដិសណ្ឋារកិច្ច​។​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​មាន​រយ​:​ពេល​បី​ថ្ងៃ​ពីថ្ងៃ​ទី​១៩​ដល់​២១​ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​ក្រុមហ៊ុន​ជាង​៣០០​ប្រទេស​ដែល​ក្នុងនោះ​រួមមាន​ប្រទេស ចិន បារាំង អ៊ីតាលី កូរ៉េខាងត្បូង ម៉ាឡេស៊ី តៃវ៉ាន់ ថៃ ស​ង្ហិ​បុរី និង​សហរដ្ឋអាមេរិក​។​

​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានលើកឡើង​នៅក្នុង​ពិ​ព័រ​ណ៌​អន្តរជាតិ លើ​វិស័យ​ម្ហូបអាហារ និង បដិសណ្ឋារកិច្ច​នេះ​ថា​៖ ដំណើរការ​នៃ​ការងារ​ទេសចរណ៍​អាច​ដំណើរ​រីកចំរើន បាន​ដរាបណា​ម្ហូបអាហារ​ប្រកបដោយ​គុណភាព អនាម័យ​និង​មាន​ស្តង់ដារ​ដែលជា​កត្តា​ដ៏​សំខាន់​សម្រាប់​ទាក់​ទិញ​វិស័យ​ទេសចរណ៍​។ តាមរយៈ​ពិ​ព័រ​ណ៌​នេះ ពិតជា​បាន​ជួយ​លើកកម្ពស់​យ៉ាងខ្លាំង ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​។​


​លោក​រដ្ឋ​លេខ​ធិ​ការ​បាន​បញ្ជាក់ថា​ក្រសួង​បាន​ជម្រុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ពង្រឹង​ផ្នែក​សេវាកម្ម គុណភាព អនាម័យ សុវត្ថិភាព និង​ភាព​បៃតង ចំពោះ​ម្ហូ​អាហារ ពិសេស​លើកទឹកចិត្ត និង​ប្រើប្រាស់ កសិផល​ដែល​ផលិត​ដោយ​កសិករ​នៅក្នុង​សហគមន៍​នានា ក្នុងប្រទេស​កម្ពុជា​ហើយនឹង​បន្ត​ពង្រឹង​បន្ថែមទៀត លើ​វិស័យ​បដិសណ្ឋារកិច្ច នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​តាមរយៈ​ការប្រកួតប្រជែង គុណភាព និង​អនាម័យ​។​

​លោក អេ​ន​ឌ្រូ ស៊ែ​វ (Andrew Siow) អគ្គនាយក​ក្រុមហ៊ុន AMB Tasus Events Group ដែលជា​អ្នករៀបចំ​ព្រឺ​ត្តិ​ការណ៍​ពិព័រណ៍​នេះ បានឱ្យដឹងថាៈ​ផលិតផល​ដែល​តាំង​បង្ហាញ​រួមមាន​ផលិតផល​ផ្គត់ផ្គង់ និង​គ្រប់គ្រង​សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន សម្ភារៈ​ផ្ទះបាយ ម៉ាស៊ីន​ឆុង​កាហ្វេ ស្រា ភេសជ្ជៈ ទឹកដោះគោ សូកូឡា ស្ករ​គ្រាប់ ផ្លែឈើ​សាច់ ទឹកជ្រលក់ គ្រឿងទេស នំប៉័ង និង​ឧបករណ៍​កែច្នៃ​ម្ហូបអាហារ​។​

​លោក អេ​ន​ឌ្រូ បាន​បញ្ជាក់ថា ព្រឹត្តិការន៍​នេះ ជា​ឱកាស​តែមួយគត់​សម្រាប់​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី អម​ជាមួយ​គម​និ​ត​និង​ការច្នៃប្រឌិត​ថ្មី ដើម្បី​ជា​ដំណោះស្រាយ​ក្នុងការ​ផ្គត់ផ្គង់ និង​បម្រើ​ដល់​វិស័យ​ម្ហូបអាហារ​។ លើសពីនេះ​ទៀត ជា​ឱកាស​ពង្រីក​បណ្តាញ​អាជីវកម្ម​ផងដែរ​។​

​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងឱ្យដឹងថា​ពិព័រណ៍​ម្ហូបអាហារ ភេ​ជ្ជៈ និង​បដិសណ្ឋារកិច្ច​ជា​វេទិកា នៃ​ការប្រកួតប្រជែង​ផ្នែក​ម្ហូប​ផ្នែក​បដិសណ្ឋារកិច្ច​ប្រចាំឆ្នាំ​២០១៨ ដែលជា​វេទិកា​ប្រកួតប្រជែង ដោយមាន​ការចូលរួម​ពី​សំណាក់​ចុងភៅ​ជំនាញ​ជាច្រើន​នាក់ និង​បុគ្គលិក​ជំនាញ​ផ្នែក​ប​ដិ​ស​ណ្ឋ​រ​កិច្ច នឹងធ្វើ​ការប្រកួតប្រជែង​ដើម្បី​ទទួលបាន​ពានរង្វាន់ និង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​របស់ខ្លួន ដែលមាន​វិញ្ញាសារ​ប្រកួតប្រជែង​ជាង​១០​វិញ្ញាសារ​។ វិញ្ញាសារ​ទាំងនោះ រួមមាន​ការប្រកួត​រៀ​ប​ចំ​គ្រែ​គេង​សម្រាប់​សណ្ឋាគារ ការប្រកួត​ភ្លក់​រសជាតិ​ស្រាក្រហម (Sommlier) ការប្រកួត​រៀបចំ​តុ​អាហារ ការប្រកួត​រៀបចំ​ផ្កា ការប្រកួត​ឆុង​កាហ្វេ និង​ការប្រកួត​ក្រឡុក​ស្រា​។ វិញ្ញាសារ​នៃ​ការប្រកួតប្រជែង​ទាំងនេះ មាន​គោលបំណង ដើម្បី​បង្ហាញ​ពី​សក្តានុពល នៃ​ភាព​រីកចំរើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​នៃ​ការផ្តល់​សេវាកម្ម​ម្ហូបអាហារ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​បង្ហាញ​ជំនាញ​វិជ្ជាជីវ​:​របស់​អ្នកជំនាន់ក្រោយ​ក្នុង​ឧស្សាហកម្ម​ផងដែ​។​

​លោកស្រី ហាក់ លី​ណា ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​មានប្រសាសន៍ថា​៖ សមាគម​ភោជនីយដ្ឋាន​កម្ពុជា​រៀបចំ​ការប្រកួតប្រជែង​ថ្នាក់ជាតិ ក្នុងការ​ស្វែងរក​អ្នក​ដែលមាន​ទេពកោសល្យ ក្នុងការ​បម្រើ​ផលិតផល និង​សេវាកម្ម​ក្នុង​ភោជនីយដ្ឋាន​។ ការប្រកួត​មាន​៣​គឺ​ការប្រកួត​ចាក់​ស្រា​ឬ​លាយ​ស្រា​ការប្រកួត​ឆុង​កាហ្វេ​និង​ការប្រកួត​រៀបចំ​តុ​អាហារ

​លោក សុង តេង ប្រធាន​សហគមន៍​ចុងភៅ​កម្ពុជា បានឱ្យដឹងថា​សហគម​ន៍​ចុងភៅ​កម្ពុជា​ក៏បាន​រៀបចំ​ការប្រកួត​ចម្អិនម្ហូប​និង​ការធ្វើ​បង្អែម​និង​ឆ្លាក់​ផ្លែឈើ​ផងដែរ​។​

​សូមបញ្ជាក់ថា ពិព័រណ៍ CAMFOOD &CAMHOTEL 18 រៀបចំ​ដោយ​ក្រុមហ៊ុន AMB និង​សហការ​ពី​សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ភោ​ជ នី យ​ដ្ឋា​ន​កម្ពុជា សហគមន៍​ចុងភៅ​កម្ពុជា​និង​សមាគម​អ្នកជំនាញ​ស្រាក្រហម​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម