​ឧកញ៉ា គួច ម៉េង​លី បញ្ចេញ​លក់​សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​បំភ្លេច​”

.​សៀវភៅ​នេះ​ដើម្បី​រំលឹក​ប្រវត្តិ​ជូរចត់​សង្គ្រាម​ពី​អតីតកាល​

2077
ចែករម្លែក
  • 205
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ជា​ម្ចាស់​ស្នាដៃ​សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​» បាន​សម្ពោធ​ដាក់ចេញ​លក់​នូវ​សៀវភៅ​ប្រវត្តិ​ដ៏​ជូរចត់​ដែល​លោក និង​ពលរដ្ឋ​កម្ពុជា បាន​ជួបប្រទះ​អំឡុង​សង្គ្រាម​នា​កន្លងមក​។ តាមរយៈ​សៀវភៅ​នេះដែរ ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​នៅ​បណ្ណាគារ​មូ​ញូ​មេន ប៊ុ​ក (Monument Book) ចាប់ពីពេលនេះ​តទៅ​ផងដែរ​។​

​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨ ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី​បានឱ្យដឹងថា សៀវភៅ​នេះ ជាការ​រំលឹក​ផ្នែក​ដ៏​ជួរ​ចត់​មួយ ដែល​បាន​កើតឡើង នៅ​ជួរ​ភ្នំ​ដងរែក​។​

​លោក​មានប្រសាសន៍ថា​សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​» ជា​ស្នាដៃ​របស់លោក​ឧកញ៉ា ផ្ទាល់​។ សៀវភៅ​នេះ មាន​កម្រាស់​២៥០​ទំព័រ បោះពុម្ពផ្សាយ​ដោយ គ្រឹះស្ថាន​បោះ​ពុ​ម្ភ នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​.​គួច នៅ​ខែឧសភា ឆ្នាំ​២០១៨​។ សាច់រឿង​ក្នុង​សៀវភៅ​នេះដែរ គឺជា​កម្រង​ជីវិត​ពិត​របស់​ក្រុមគ្រួសារ លោក ដែល​បាន​រត់​ភៀសខ្លួន​ពី​ខេត្តបាត់ដំបង ទៅកាន់​ជំរំ​នៃ​ជាយដែន​កម្ពុជា​-​ថៃ ក្នុង​បំណង​ភៀសខ្លួន ទៅ​ប្រទេស​ទី​៣ ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ដើម្បី​ជីវិត​។​

​សៀវភៅ​នេះ​បោះពុម្ព​លើកដំបូង​មាន​ចំនួន​៣០០០​ក្បាល​ហើយ​រំពឹងថា​នឹង​ក្លាយ​ជាទី​ពេញនិយម​ដល់​អ្នកអាន​និង​ពិសេស​បានដឹង​ពី​ប្រវត្តិ​ពិត​ដែល​កើតឡើង​ចេញពី​សម័យ​អតីតកាល​ផងដែរ​។​
​ស្ថាបនិក ប្រធាន ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​.​គួ​បានឱ្យដឹង​បន្ថែមថា ការ​រត់គេច​ចេញពី​ទុក្ខ​បុក​ម្នេញ របស់​ពួក​ខ្មែរក្រហម ជាពិសេស​គេចចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជំរុញ​ឲ្យ​ក្រុមគ្រួសារ​លោក បាន​ទៅដល់​ជាយដែន​កម្ពុជា​-​ថៃ និង​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ឈ្មោះ ណង​ចាន់ ស្ថិតនៅ​ក្នុងភូមិ​ណង​ចាន់ ឃុំ​ណង​ចាន់ ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​រំលឹក​ពី​ប្រវត្តិ​កំសត់​នេះដែរ​ឧកញ៉ា​បាន​បន្ត​ឱ្យដឹងថា​ការ​ទៅរ​ដល់​ជំរំ​នៅ​ប្រ​ទស​ថៃ នោះ ក៏ត្រូវ​ទាហាន​ថៃ ដឹកជញ្ជូន​ទៅ​ទម្លាក់​ជ្រោះ​ភ្នំ​ដងរែក ផ្ទុយ​ពី​សេចក្តី​រំពឹងថា​បាន​ទៅ​ប្រទេស​ទី​៣ នៃ​ទី​ស្ថាន​សេរីភាព និង​សន្តិភាព​។​

​ឧកញ៉ា បាន​ថ្លែង​ទៀតថា ការ​វង្វេង​ក្នុងព្រៃ​ឬ​ស្សី សភាព​ដេក​ក្នុង​ទឹក ការដើរ​សុំទាន​គេ បូករួម​នឹង​ជីវិត​ពី​កុមារភាព និង​ការឆ្លងកាត់​របប​អាវខ្មៅ​ដោយ​អន្លើ​នៃ​យុវភាព​របស់លោក និង​ក្រុមគ្រួសារ​ផង​នោះ ត្រូវបាន​លាតត្រដាង តាមរយៈ​សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​»​។

​លោក​បន្តថា លោក​ស្វាគមន៍​ជានិច្ច ប្រសិនបើ​មាន​បងប្អូន​ចង់យក​សៀវភៅ​នេះ ទៅ​បក​ប្រែជា​ភាសា​ដទៃ​ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅក្រៅ​ប្រទេស ដែល​មិនចេះ​អក្សរ​ខ្មែរ កំពុង​ចង់​អាន​សៀវភៅ លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​

​ដោយឡែក​លោក ម៉ែន សំបូរ តំណាង​ឲ្យ​បណ្ណាគារ Monument Book បានឱ្យដឹង​ដែរ​ថា សៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​» លោក​រំពឹងថា​នឹង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការសិក្សា ហើយក៏​បង្ហាញ​ពី​ប្រវត្តិ នៃ​ការតស៊ូ​របស់​បុគ្គល​ល្បីៗ ដែលមាន​ភាពជោគជ័យ​ក្នុង​ជីវិត ដូចជា​លោក​ឧកញ៉ា គួច ម៉េង​លី ជាដើម​។

​ជាមួយគ្នា​ស្នាដៃ​មួយ​នេះ​ក៏​សង្ឃឹមថានឹង​ត្រូវមាន​វ​ត្ត​មាន នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅលើ​សកលលោក​ថែមទៀត​។​

​ទាក់ទិន​ទៅនឹង​ស្នាដៃ​សៀវភៅ​ដែល​សម្រិតសម្រាំង និង​ប្រវត្តិ​ពិត​នេះដែរ លោក​រំពឹងថា នៅ​ថ្ងៃ​ខាងមុខ​គេ​អាច​នឹង​សរសេរ​ជា​ភាសាបរទេស រួមមាន ភាសា​ចិន និង​អង់គ្លេស​ជាដើម​។ ការបោះពុម្ព​ជា​ភាសាបរទេស​គឺជា​ផ្នែក​មួយ​សំខាន់​ជួយ​ដល់​បរទេស ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បានដឹង​ពី​ប្រវត្តិសាស្ត្រ​មួយចំនួន ទាក់ទិន​ទៅនឹង​ប្រទេស​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម