ប្រធានាធិបតី​អាមេរិក​រីករាយ​ធ្វើការ​ជាមួយ​កម្ពុជា​និង​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

1148
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់ថា​សហរដ្ឋអាមេរិក​មានការ​រីករាយ​ធ្វើការ​ជាមួយ​កម្ពុជា​នៅ​ចំពោះ​មុខការ​ប្រឈម​និង​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​លោក​មានការ​រំពឹងថា​នឹងមាន​ការរីកចម្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី​និង​សន្តិសុខ​តំបន់​និង​អភិបាលកិច្ច​ប្រកប​ប​ដោយ​ការទទួលខុសត្រូវ​។​ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ទទួល​សារ​តាំងពី​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាថ្មី ប្រចាំ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ដកស្រង់​សម្តី​ប្រធានាធិបតី​អាមេរិក​យ៉ាង​ដូច្នេះ​ថា​”​ការអញ្ជើញ​មកដល់​របស់​ឯកឧត្តម​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​មាន​សារៈសំខាន់​នៅក្នុង​កម្រិត​ជាច្រើន​”​។​

“​វា​មាន​អត្ថន័យ​បញ្ជាក់​អំពី​ទំនាក់ទំនង​ដែល​ត្រូវបាន​ស្តារឡើងវិញ​ក្នុង​រយៈកាល​ជាង​២៥​ឆ្នាំ​ដែល​យើង​ទទួលបាន​បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ប្រទេស​របស់​ឯកឧត្តម​សម្រេចបាន​ក្នុង​ពេលនេះ​គឺ​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ហើយ​សហរដ្ឋអាមេរិក​មាន​មោទនភាព​ដែលជា​ដៃគូ នៅក្នុង​កិច្ចអភិវឌ្ឍន៍​នេះ​”​។​

​ប្រធានាធិបតី​អាមេរិក​បាន​បន្តថា​”​យើង​ដឹងថា​កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​កិច្ច​កិច្ចអភិវឌ្ឍន៍​ធំធេង​ជាង​នេះ​នៅក្នុង​អនាគត​។​យើង​មាន​ក្តី​រីករាយ​ធ្វើការ​ជាមួយគ្នា​នៅ​ចំពោះ​មុខការ​ប្រឈម​និង​កាលានុវត្តភាព​ជាច្រើន​អនេក​។​

យើង​មានការ​រំពឹង​នឹងមាន​ការរីកចម្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី​និង​ត្រឹមត្រូវ​សន្តិសុខ​តំបន់​និង​អភិបាលកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ប្រជាធិបតេយ្យ​។​យើង​នឹង​ខិតខំ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខាភិបាល​ទូទៅ​”​។​

​លោក​ប្រធានាធិបតី​បាន​បញ្ជាក់ថា​លោក​រីករាយ​នឹងធ្វើ​ការ​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​របៀបវារៈ​រួមគ្នា​របស់​ប្រទេស​ទាំងពីរ​ហើយនឹង​ធ្វើ​ឲ្យ​ទំនាក់​ទ​នង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

ចំណែក​លោក​ជុំ​សុន្ទរី​ឯកអគ្គរាជទូត​កម្ពុ​ជាថ្មី​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ថ្លែងថា​”​កម្ពុជា​សម្រេច​បានការ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក​ក្នុង​រយៈកាល​ពីរ​ទសវត្ស​កន្លងមកនេះ​បន្ទាប់ពី​ទទួលបាន​មកវិញ​នូវ​សន្តិភាព​និង​ស្ថេរភាព​ទាំងស្រុង​ក្នុង​ទសវត្ស​ឆ្នាំ​៩០”​។

​ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​និង​ជំនួយ​អភិវឌ្ឍ​របស់​សហរដ្ឋ​អាម៉េរិក​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​រីកលូតលាស់​នេះ​ដែល​នឹង​ត្រូវបាន​ជម្រុញ​បន្ថែមទៀត​ដោយ​ការចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ​២០១៨​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅលើ​
“ConsolidateAppropriationAct2018″​។​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុងចំណោម​នោះ​ក៏​មា​កម្ពុជា​ផងដែរ​សម្រាប់​រយៈពេល​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​បានលើកឡើង​អំពី​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​ដោយ​លោក​បាន​អះអាង​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ថា​នឹង​ខិតខំ​អស់ពី​សមត្ថភាព​របស់​លោក​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ទំនាក់ទំនង​ទ្វេភាគី​៕S/

​រូបថត​៖​ពីឆ្វេង​ទៅ​ស្តាំៈ លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​ជុំ សុន្ទរី (​រូប​ថ​តៈ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក​)​