ហេតុតែ​ចង់​ជួប​តារា​កូរ៉េ អ្នកគាំទ្រ​ថៃ​២​នាក់​ប្រឈម​ការជាប់គុក​

3081
ចែករម្លែក
  • 5
    Shares

អ្នកគាំទ្រជនជាតិថៃ២នាក់ កាលពីថ្ងៃពុធទី១៩កញ្ញាត្រូវបានចោទប្រកាន់ពីបទឆ្លងកាត់តំបន់ហាមឃាត់ក្នុងព្រលានយន្តហោះដោយគ្មានការអនុញ្ញាតដោយក្លែងខ្លួនជាមន្រ្តីគយដើម្បីទៅជួបតារាភាពយន្តកូរ៉េលោក លី ចុងស៊ុក ដែលមកទស្សនកិច្ចថៃ។

បើតាមប៉ូលិសថៃ ស្រ្តីថៃទាំង២នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានចូលតំបន់ហាមឃាត់នៃអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិកាលពីថ្ងៃ១៤កញ្ញា ដោយប្រើប័ណ្ណសន្តិសុខនៅក្នុងការប៉ុនប៉ងចូលជួបតារាជាអាយដលរបស់ពួកគេ។ផែនការរបស់ពួកគេបានសំរេច រហូតទាល់តែស្រ្តីម្នាក់ក្នុងចំណោមពួកគេបានអួតអាងអំពីផែនការរបស់គេលើបណ្តាញInstagram ជាហេតុនាំអោយមានការព្រួយបារម្ភអំពីសន្តិសុខព្រលានយន្តហោះ។

អ្នកគាំទ្រទាំងពីរចូលព្រលានយន្តហោះបានសំរេចដើម្បីជួបតារាលី ចុងស៊ុកដោយផ្ទាល់ តែត្រូវបានចោទប្រកាន់និងប្រឈមជាប់គុក

ថៃទទួលទេសចរប្រមាណ៣៥លាននាក់ក្នុងមួយឆ្នាំនិងអាកាសយានដ្ឋាននេះជាកន្លែងមមាញឹកបំផុត។

រូបភាពកាមេរ៉ាបង្ហាញមន្រ្តីគយប្រគល់កាតសន្តិសុខដល់អ្នកទាំង២ និងនាំពួកគេទៅកាន់តំបន់ហាមឃាត់ កន្លែងដែលតារាកូរ៉េត្រូវមកដល់។

ប្រធានប៉ូលិសអាកាសយានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា” ស្រ្តីទាំង២ឥឡូវត្រូវបានចោទប្រកាន់ពីបទឆ្លងចូលតំបន់ហាមឃាត់ ខណៈមន្រ្តី២នាក់ក៏ត្រូវគេតាមចាប់ខ្លួនដោយសារតែបានជួយពួកគេអោយប្រព្រឹត្តបទឧក្រិដ្ឋ”។

បើសិនជាត្រូវកាត់ទោស ពួកគេប្រឈមការជាប់គុក៥ឆ្នាំ។

ស្រ្តីជាប់ចោទម្នាក់ បានសរសេរបង្ហោះក្នុងបណ្តាញសង្គមដោយអរគុណមិត្តរបស់នាងម្នាក់ដែលបានជួយនាងក្នុងការស្វែងរកព័ត៌មានលម្អិតអំពីដំណើររបស់តារាកូរ៉េរូបនេះ និងមនុស្សម្នាក់ទៀតដែលដែលបាននាំនាងចូលដល់មាត់ទ្វារខាងក្នុង។

នាងក៏បាននិយាយអំពីសម្លៀកបំពាក់ដែលធ្វើអោយមើលទៅដូចជាមន្រ្តីគយ និងថានាងរំភើបណាស់នៅពេលផែនការបានសំរេច គឺ”ខ្ញុំជាមនុស្សដំបូងដែលបានចាប់ដៃលី ចុងស៊ុក។ខ្ញុំនឹងមិនលាងដៃឡើយ”៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម