ប្រទេស​ចិន​គ្រោង​ផ្តើមធ្វើ​ការជួសជុល​ប្រាសាទព្រះវិហារ ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​បញ្ចប់​ការសិក្សា​

1010
ចែករម្លែក

ដោយ​: បាយ័ន / ព្រះវិហារ​: ប្រទេស​ចិន​គ្រោង​ផ្តើមធ្វើ​ការជួសជុល​ប្រាសាទព្រះវិហារ ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ នេះ​បើតាម​ប្រសាសន៍​របស់លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ICC- Preah Vihear នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ប្រទេស​ចិន ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ មាន​គម្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ការសាងសង់​ប្រាសាទព្រះវិហារ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

ប្រទេស​ចិន​គ្រោង​ផ្តើមធ្វើ​ការជួសជុល​ប្រាសាទព្រះវិហារ​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​បញ្ចប់​ការសិក្សា (​រូប​: បាយ័ន​)​

​លោក គឹម សេ​តារា បានបញ្ជាក់​ទៀតថា កិច្ចប្រជុំ​លើក​នេះ​គឺ​ខុសគ្នា​ខ្លាំង​ជាមួយនឹង​កិច្ចប្រជុំ​នាពេល​កន្លងមក ព្រោះថា សហប្រធាន ICC- Preah Vihear ដែលមាន​ប្រទេស​ចិន និង​ឥណ្ឌា នោះ នឹង​បង្ហាញ​អំពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់ខ្លួន ដែល​បានធ្វើ​នៅ​តំបន់​ប្រាសាទព្រះវិហារ ដែល​តាម​គម្រោង ប្រទេស​ចិន នឹងធ្វើ​ការជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទព្រះវិហារ ហើយ​ដោយឡែក​ប្រទេស​ឥណ្ឌា​វិញ កាលពី​ចុងខែ​សីហា​កន្លងទៅ ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ទាក់ទង​នឹង​ការងារ​ជួសជុល​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​ផងដែរ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ក្រៅពីនេះ ក៏មាន​ប្រទេស​ជា​សមាជិក​ដទៃទៀត បាន​ជួយ​ការងារ​ជាច្រើន​ផងដែរ ដូចជា​ប្រទេស​ប៊ែ​ល​ហ្សិ​ក ជួយ​រឿង​ការងារ​សហគមន៍ និង វេ​ប​សាយ និង ប្រទេស​បារាំង ជួយ​សិក្សា​ប្រវត្តិសាស្ដ្រ តំបន់​ប្រាសាទ​ទាំង​នៅ​តំបន់​ព្រះវិហារ និង​កោះកែរ​។​ល​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក ក៏បាន​ទម្លាក់​ថវិកា​ប្រចាំឆ្នាំ​របស់ខ្លួន ក្នុងការ​ចូលរួម​ជួយ​ជួសជុល​ជណ្ដើរ​ខាងជើង នៃ​ប្រាសាទព្រះវិហារ ដែល​ក្នុង​មួយឆ្នាំ សហរដ្ឋអាមេរិក​ជួយ​ថវិកា​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាម៉េរិក ហើយ​ថវិកា​អាចមាន​ពី​២ ទៅ​៣​ឆ្នាំ​ផងដែរ ដូច្នេះ​មាន​ប្រទេស​មហាអំណាច​៣​ហើយ ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទព្រះវិហារ​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បើក​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​៤ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិ​ចិ​ត្យ​សិល្បៈ ដោយមាន​ប្រទេស​ចិន និង ប្រទេស​ឥណ្ឌា ជា​សហប្រធាន ដែល​សម្រាប់​សហប្រធាន​ប្រទេស​ចិន សម្របសម្រួល​ដោយ​លោកស្រី Zou WENXING និង​សម្រាប់​សហប្រធាន​ប្រទេស​ឥណ្ឌា សម្របសម្រួល​ដោយ​លោកស្រី Manika JAIN ព្រមទាំង​មាន​សមាជិក​នៃ​ប្រទេស​ចំនួន ៦​ទៀត រួមមាន ប្រទេស​ប៊ែ​ល​ហ្សិ​ក , បារាំង , ជប៉ុន , សាធារណរដ្ឋ​កូរ៉េ , ថៃឡង់​ដ៍ និ​សហរដ្ឋអាមេរិក ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មួយចំនួនទៀត​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម